ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុវត្តតាមសាលក្រមបង្គាប់ឱ្យចាប់និងឃុំខ្លួន​​២​ឆ្នាំ​ ​ក្រោយ​ទើបរកឃើញនៅខេត្តតាកែវ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចការិយាល័យនគរ​បាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ បានចាប់បញ្ជូនស្ត្រីម្នាក់ទៅតុលាការដែលជាការអនុវត្តតាមអំណាចសាលក្រមបង្គាប់ឱ្យចាប់ខ្លួន និងយកទៅឃុំខ្លួនក្នុងពន្ធនាគារកំណត់២ឆ្នាំ ជាប់ចោទពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ។

ជនជាប់ចោទឈ្មោះ ផាន់ សុភារី ភេទស្រី អាយុ៣៨ឆ្នាំ មុនចាប់ខ្លួនស្នាក់នៅផ្ទះលេខ១០២ ផ្លូវ២៩៦ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ តាមដីកាបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួន ឈ្មោះ ផាន់ សុភារី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចតាមសាលក្រមព្រហ្មទណ្ឌលេខ ២៤៧១ «ង១» ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ ដោយផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈ​ពេល២ឆ្នាំ ជាប់ចោទពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបានប្រព្រឹត្តនៅរាជ​ធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ។

បទល្មើសព្រហ្មទណ្ឌដែលមានចែងនិងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៣១នៃច្បាប់ស្ដីពីឧប ករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ និងសម្រេចចេញដីកាបង្គាប់ឱ្យចាប់ និងឃុំខ្លួនឈ្មោះនេះ នៅមណ្ឌលអប់រំកែប្រែ(ម២) នៃក្រសួងមហាផ្ទៃ ដើម្បីអនុវត្តទោសតាម​អំណាចសាលក្រមព្រហ្មទណ្ឌតាមមាត្រា៣៥៣នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចឱ្យដឹងថា ជនជាប់ចោទពាក់ព័ន្ធចេញមូលប្បទានបត្រប្រមាណ២.៧០០០ដុល្លារអាមេរិក ដោយគ្មានសាច់ប្រាក់ឱ្យទៅភាគីដើមបណ្តឹងនិងបានគេចវេសពីបំណុលនោះ រហូតមានសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារ២ឆ្នាំ និងមានដីកាបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួនទៀតផង ។ ជាក់ស្តែង សមត្ថកិច្ចបានអនុវត្តតាមសាលក្រមនោះ ទើបស្រាវជ្រាវនិងចាប់ខ្លួនជនជាប់ចោទដែលបានទៅលាក់ខ្លួនពួនអាត្មានៅខេត្តតាកែវឯណោះ ។