ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤ថ្ងៃមកហើយ ! កម្មកររោងចក្រហុង វ័ន ជិត១ពាន់នាក់ធ្វើកូដកម្មទាមទារសុំឡើងប្រាក់ឈ្នួល

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មករ​កម្មការិនី រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ហុង វ័ន ខេ​ម​បូ​ឌា ហ្កា​មេន ជិត​១​ពាន់​នាក់​បាន​ខក​ខានមិនបាន​ធ្វើ​ការងារ​រយៈពេល​៤​ថ្ងៃ​មក​ហើយ ដោយ​ពួក​គាត់​បាន​រវល់​តែ​ប្រមូលផ្ដុំ​គ្នា​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ…

រាជធានី​ភ្នំពេញ ៖ កម្មករ​កម្មការិនី រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ហុង វ័ន ខេ​ម​បូ​ឌា ហ្កា​មេន ជិត​១​ពាន់​នាក់​បាន​ខក​ខានមិនបាន​ធ្វើ​ការងារ​រយៈពេល​៤​ថ្ងៃ​មក​ហើយ ដោយ​ពួក​គាត់​បាន​រវល់​តែ​ប្រមូលផ្ដុំ​គ្នា​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ តម្លើង​ប្រាក់​ឈ្នួល​ដល់​ពួក​គាត់​ម្នាក់​ៗ​ឲ្យ​បាន​ជាង​២០០​ដុល្លារ ។

រហូត​មក​ដល់​វេលា​ព្រឹក​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៤ កម្មករ​កម្មការិនី​ទាំងនោះ​បាន​បន្ត​ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​រោងចក្រ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​ចោម​ចៅ ហៅ​ផ្លូវ​វេ​ង​ស្រេង ក្នុងភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ធ្វើ​កូដកម្ម​បន្ត​ទៀត ។

កម្មករ​ខាងលើ​បាន​និយាយ​ថា នៅ​ក្នុង​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ហុង វ័ន ខេ​ម​បូ​ឌា ហ្កា​មេន​នេះ មាន​កម្មករ កម្មការិនី បម្រើ​ការងារ​ចំនួន​៩៤៨​នាក់ ហើយ​បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​ទាំងអស់​គ្នា​តែ​ម្ដង ដើម្បី​ទាមទារ​សុំ​ឲ្យ​ថៅកែ​ដំឡើង​ប្រាក់​ឈ្នួល ។

ក្នុង​នោះ ទី​១, កម្មករ​ដែល​មាន​ជំនាញ​ខាង​ដេរ ម៉ាស៊ីន​១​សុំ​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​ដល់​ចំនួន​២០៤​ដុល្លារ​, ទី​២ កម្មករ​ដែល​ជំនាញ​ខាង​ដេរ​ម៉ាស៊ីន​២ សុំ​ដំឡើង​ឲ្យ​ដល់​ចំនួន​២០៨​ដុល្លារ , និង​ទី​៣ កម្មករ​ខាង​ដេរ​ម៉ាស៊ីន​៣ សុំ​ដំឡើង​ឲ្យ​ដល់​ចំនួន​២១២​ដុល្លារ ។

ក្រុម​កម្មករ​ខាងលើ​បាន​រៀបរាប់​ប្រាប់​ទៀត​ថា សព្វថ្ងៃ​ពួក​គាត់​ខ្លះ​ទទួល​បាន​ប្រាក់​ឈ្នួល​ក្រោម​២០០​ដុល្លារ​ក្នុង​១​ខែ រីឯ​អ្នកខ្លះ​ទៀត​ត្រឹមតែ​២០០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​១​ខែ ហើយ​ការ​ចំណាយ​វិញ​គ្រប់​បែប​យ៉ាង ដែល​១​ខែ​ៗ​ស្ទើរ​គ្មាន​សល់​ឡើយ ។

ដោយសារ​តែ​បែប​នេះ ពួក​គាត់​បាន​ស្នើរ​សុំ​ឲ្យ​ថៅកែ​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​ដូច​ចំនួន​ខាងលើ ប៉ុន្តែ​ថៅកែ​មិន​អើពើ និង​សំណូមពរ​នេះ​សោះ ទើប​នៅ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៤ ពួក​គាត់​អត់​ចូល​ធ្វើការ​រួច​បាន​ប្រមូលផ្តុំ​គ្នា​ធ្វើ​កូដកម្ម​តវ៉ា​សុំ​ដំឡើង​ប្រាក់​ឈ្នួល​នេះ​តែ​ម្ដង ។

ប្រភព​ដដែល​បាន​បញ្ជាក់​ប្រាប់​ទៀត​ថា ក្រោយ​ពេល​ផ្ទុះ​ការ​តវ៉ា​អាជ្ញាធរ​សង្កាត់ ខណ្ឌ និង​ខាង​មន្ត្រី​ក្រសួង​ការងារ ព្រមទាំង​ស្ថ​ប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត​បាន​ទៅ​ធ្វើការ​សម្របសម្រួល និង​រក​ដំណោះស្រាយ ។ ប៉ុន្តែ​មិន​មាន​លទ្ធផល​ណាមួយ​នៅឡើយ ទើប​ការ​តវ៉ា​បាន​អូស​បន្លាយ​រហូត​មក​ដល់​ពេល​នេះ ហើយ​មន្ត្រី​ខាងលើ​នៅ​តែ​រក​ដំណោះស្រាយ​សម្រាប់​ពួក​គាត់​ទាំងអស់​គ្នា​បន្ត​ទៀត​ដែរ ប៉ុន្តែ​ពួក​គាត់​ទទួល​ដំណឹង​ថា នៅ​មិន​ទាន់​ចេញ​ជា​លទ្ធផល​ដដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ