នេះ គឺជារឿងពិតរបស់បុរសជនជាតិម៉ាឡេស៊ីម្នាក់ដែលត្រូវបានគេដឹងថា មានមុខរបរជាអ្នកសុំទានតាមផ្សាររាត្រីមួយកន្លែង នៅក្នុងប្រទេសម៉ាឡេស៊ី តែមិនមែនត្រឹមជាអ្នកសុំទានលំដាប់ធម្មតាៗទេ តែជាអ្នកសុំទានលំដាប់ស៊ីវីល័យ ។

យោងតាមសារព័ត៌មាន straitstimes របស់ម៉ាឡេស៊ី បានចេញផ្សាយកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ បញ្ជាក់ឱ្យដឹងថា បុរសអ្នកសុំទានរូបនេះ បានអះអាងប្រាប់ប៉ូលិសថា តាមរយៈការសុំទានត្រឹមតែពីរបីម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃអាចរកប្រាក់បានរហូតដល់ទៅ 500Ringgits ដែលស្មើនឹង $140ដុល្លារសិង្ហបុរី ឬស្មើនឹងជាង104ដុល្លារសហរដ្ឋអាមេរិក ។ ហើយអ្វីដែលរឹតតែធ្វើឱ្យគ្រប់គ្នាស្រឡាំងកាំងនោះ គឺមធ្យោបាយដែលគាត់ប្រើជាប្រចាំថ្ងៃសម្រាប់ការធ្វើដំណើរមកសុំទាននៅផ្សាររាត្រីខាងលើ គឺជារថយន្តផ្ទាល់ខ្លួនរបស់គាត់ ដែលមានតម្លៃខ្ទង់ជាង២ម៉ឺន៥ពាន់ទៅជាង២ម៉ឺន៦ពាន់ដុល្លារអាមេរិក(US$25,883 to US$26,913) ម៉ូដែល Proton X70 ប្រភេទSUV ខ្នាតតូចប្រណិត ផលិតដោយក្រុមហ៊ុនរថយន្តក្នុងស្រុក ។
ការបែកធ្លាយរឿងរ៉ាវរបស់បុរសអ្នកសុំទានលំដាប់ VIP រូបនេះកើតឡើងនៅពេលដែលមន្ត្រីមកពីនាយកដ្ឋានសុខុមាលភាពសង្គមប្រចាំទីក្រុង Maran នៃរដ្ឋ Pahang បំពេញបេសកកម្ម ដើម្បីលុបបំបាត់អ្នកសុំទានអាណាធិបតេយ្យ នៅតាមបណ្តាទីផ្សានានានៅក្នុងទីក្រុង ។ ហើយកាលពីថ្ងៃទី២១ ខែកុម្ភៈ ពេលដែលក្រុមមន្ត្រីកំពុងចុះល្បាតនៅផ្សាររាត្រី Sri Jaya ពួកគេបានប្រទះឃើញបុរសអ្នកសុំទានជនជាតិឥស្លាមម្នាក់ ដែលស្លៀកពាក់អាវផាយពណ៌ប្រផេះ ដោយកាន់ថង់ក្រដាស កំពុងដើរសុំទានពីអ្នកធ្វើដំណើរ ។

មន្ត្រី បានសាកសួរបុរសនោះ ប៉ុន្តែគាត់មិនឆ្លើយទេ ទើបនាំឱ្យសន្និដ្ឋានថា គាត់ប្រហែលជាថ្លង់ និងមិនអាចនិយាយស្តាប់គ្នាមិនបាន ។ ប៉ុន្តែពេលដែលមន្ត្រីបន្តសួរនាំគាត់ ហើយសួររកអត្តសញ្ញាណប័ណ្ណគាត់ ។ ស្រាប់តែមន្ត្រីគ្រប់គ្នាភ្ញាក់ផ្អើលទៅនឹងការឆ្លើយតបរបស់បុរសនោះ ដោយគាត់បាននិយាយថា គាត់មិនបានយកអត្តសញ្ញាណប័ណ្ណជាប់ខ្លួនទេ ព្រោះគាត់ទុកឯកសារសំខាន់ៗទាំងអស់នៅក្នុងឡានរបស់គាត់ ហើយក៏នាំមន្ត្រីទាំងនោះទៅកាន់រថយន្តទំនើបមួយគ្រឿងរបស់គាត់ ហើយក៏យកឯកសារមកបង្ហាញ ។
រឿងហួសចិត្តមួយទៀត បើតាមការស្រាវជ្រាវរបស់មន្ត្រីក្នុងតំបន់រកឃើញថា បុរសអ្នកសុំទានដែលជិះឡានទំនើប និងរកចំណូលបាន ខ្ទង់ពាន់ដុល្លារក្នុងមួយខែរូបនេះ គឺជាអ្នករស់នៅក្នុងរដ្ឋឆ្នេរសមុទ្រភាគខាងកើតជិតខាងនៃរដ្ឋKelantan ហើយតែងតែទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ 450 Ringgits ឬជាង94ដុល្លារអាមេរិក ពីនាយកដ្ឋានសុខុមាលភាព សម្រាប់ពិការភាពរបស់គាត់ ចាប់តាំងពីឆ្នាំ ២០០១មក ។

អាជ្ញាធរម៉ាឡេស៊ី មិនបានចាត់វិធានការផ្លូវច្បាប់តឹងរ៉ឹងចំពោះបុរសខាងលើនោះទេ ហើយបានអនុញ្ញាតឱ្យគាត់ត្រឡប់ទៅផ្ទះវិញ ដោយគ្រាន់តែធ្វើការព្រមានថា «នេះជាបទល្មើសដំបូងរបស់គាត់» នៅក្នុងស្រុកMaran រដ្ឋ Pahang ។
សាកគិតត្រួសៗមើល ១ថ្ងៃ គាត់អាចសូមទានជាង១០០ដុល្លារ អញ្ជឹងមួយខែអាចរកបានជាង៣០០០ដុល្លារ ដែលមួយឆ្នាំជាង ៣ម៉ឺន ៦ពាន់ដុល្លារ ហើយបើគិតចាប់ពីឆ្នាំ២០០១ មកដល់ឆ្នាំ២០២៤ ក្នុងរយៈពេល២៣ឆ្នាំមកនេះ គាត់រកចំណូលបានជាង៨២ម៉ឺនដុល្លារ ។ ហើយតួរលេខនេះបើបូកបញ្ចូលជាមួយប្រាក់ឧបត្ថម្ភប្រចាំខែជាង ៩៤ដុល្លារក្នុងមួយខែទៀតនោះ បុរសអ្នកសុំទានរូបនេះ រកបានជិត ១លានដុល្លារអាមេរិក ។

ក្រោយរឿងរ៉ាវរបស់អ្នកសុំទានរូបនេះ ត្រូវបានផ្សព្វផ្សាយ វាត្រឹមតែបានបង្កភាពភ្ញាក់ផ្អើលសម្រាប់ប្រជាពលរដ្ឋម៉ាឡេស៊ីប៉ុណ្ណោះទេ ប៉ុន្តែមនុស្សជុំវិញពិភពលោកដែលបានដឹងរឿងនេះ បានលាន់មាត់គ្រប់ៗគ្នា កាក់កបមិនធម្មតា អ្នកអាចមើលរំលង មុខរបរមួយនេះ តែមិនអាចមើលស្រាលចំណូល ដែលបានមកពីមុខរបរសុំទានឡើយ ៕ អត្ថបទ៖អោម ចែតច័ន្ទណារ៉ា
ចែករំលែកព័តមាននេះ