ខេត្តបាត់ដំបង ៖ អគ្គិភ័យដែលគេសន្និដ្ឋានអាចបង្កឡើងដោយសារភ្លើងធូបដែលដុតទុកចោលបានលេបត្របាក់អស់ផ្ទះមួយខ្នង កាលពីវេលាម៉ោង១២កណ្ដាលអធ្រាត្រ នាថ្ងៃទី២៥ កុម្ភៈ នៅចំណុចភូមិរំជៃ ឃុំស្នឹងស្រុកបាណន់ ខណៈដែលម្ចាស់ផ្ទះដុតធូបនៅលើហឹងចោល រួចមិនបានស្នាក់នៅ ។
សេចក្ដីរាយការណ៍ពីសមត្ថកិច្ចបានឱ្យដឹងថា លំនៅឋាននោះ ធ្វើពីឈើប្រក់ស័ង្កសីមានទំហំ៤
ម៉ែត្រx៧ម៉ែត្រ ដែលមានម្ចាស់ឈ្មោះ ផល សូត្រ ភេទប្រុស អាយុ៤៥ឆ្នាំ ។ លំនៅឋាននេះ ត្រូវបានអគ្គិភ័យឆាបឆេះអស់ស្ទើរទាំងស្រុងដែលម្ចាស់មិនបានដឹង ។ ប៉ុន្តែបានអ្នកភូមិ និងសមត្ថកិច្ចមូលដ្ឋានជាអ្នកជួយអន្តរាគមន៍ពន្លត់ តែមិនអាចទប់ស្កាត់ ឬជួយរំដោះទ្រព្យសម្បត្តិបានឡើយ ។
បើតាមសមត្ថកិច្ចដែលបានសាកសួរជនរងគ្រោះបានស្រង់សំដីថា មុនពេលចាកចេញពីផ្ទះជនរងគ្រោះបានដុតធូបលើហឹង រួចចាក់សោបិទទ្វារនាំគ្នាទៅដេកនៅផ្ទះបងប្អូននៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ។
ប្រភពដដែលបានបញ្ជាក់ថា ក្រោយពីចេញផុតរហូតដល់ពាក់កណ្ដាលអធ្រាត្រ ក៏ស្រាប់តែមានអគ្គិភ័យឆេះផ្ទះគាត់យ៉ាងសន្ធោសន្ធៅតែម្ដង ផ្អើលអស់អ្នកភូមិនិងសមត្ថកិច្ច ។ អ្នកភូមិបានទាក់ទងប្រាប់ដល់ម្ចាស់ផ្ទះអំពីអគ្គិភ័យនេះ តែម្ចាស់ផ្ទះមិនអាចមកទាន់ដង្ហើមអគ្គិភ័យឡើយ បានត្រឹមស្រក់ទឹកភ្នែកសោកស្ដាយទ្រព្យសម្បត្តិទាំងអស់ដែលនៅក្នុងផ្ទះមិនអាចរំដោះបាន ។ បើតាមជនរងគ្រោះដែលបានរៀបរាប់ប្រាប់សមត្ថកិច្ចថា អគ្គិភ័យនោះអាចបណ្ដាលមកពីភ្លើងធូបដែលគាត់ដុតទុកចោលនៅលើហឹងក្បាលគ្រែ ។
ទ្រព្យសម្បត្តិត្រូវបានក្លាយជាចំណីព្រះអគ្គិទាំងអស់ក្នុងនោះមានផ្ទះមួយខ្នងគ្រឿងម៉ូទ័រចំនួន០៦គ្រឿង គ្រែឈើចំនួន០១ តុឈើចំនួន០៣ រួមនិងសម្ភារជាច្រើនទៀត ដែលគិតជាទឹកប្រាក់អស់ប្រមាណ៥,០០០ដុល្លារអាមេរិក ។ ក្រោយកើតហេតុ សមត្ថកិច្ច និងមន្ត្រីមូលដ្ឋានបានចុះពិនិត្យ និងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ ដើម្បីស្នើសុំការជួយសង្គ្រោះបឋមពីសាខាកាកបាទក្រហមខេត្តហើយ ៕
ចែករំលែកព័តមាននេះ