ទីក្រុងគូឡាឡាំពួរ៖ ថ្មីៗនេះយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាមអ៊ិចប្រែស (Vietnam Express) គេរកឃើញថាម៉ាឡេស៊ីឥឡូវនេះបានវ៉ាដាច់ថៃបាត់ទៅហើយក្នុងនាមជាប្រទេសមានអ្នកទេសចរបរទេសទៅកម្សាន្តច្រើនជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។ ពេញមួយឆ្នាំ២០២៣ ម៉ាឡេស៊ីទទួលអ្នកទេសចរបរទេសរហូតដល់ជិត២៩លាននាក់។ ដូច្នេះ ឃើញថាមនុស្សបាក់ទៅលេងម៉ាឡេស៊ីច្រើនលើសលប់ ហើយយកលុយទៅចាយនៅម៉ាឡេស៊ីក៏ច្រើនសម្បើមណាស់ដែរ។
នៅក្នុងចំណោមនោះ ជនជាតិសិង្ហបុរីគឺជាម៉ូយដុំដ៏ធំបំផុតរបស់ម៉ាឡេស៊ីជាមួយនឹងអ្នកទេសចរប្រទេសសិង្ហបុរី ឬសាំងកាពួរនេះរហូតដល់៨លាន ៣សែននាក់ទៅម៉ាឡេស៊ីកាលពីឆ្នាំ២០២៣។ បន្ទាប់មក ជនជាតិឥណ្ឌូណេស៊ី, ថៃ, ចិន និងប៊្រុយណេ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រហ្វូខឺស ម៉ាឡេស៊ី ឬក្រឡេកមើលប្រទេសម៉ាឡេស៊ី (Focus Malaysia)។
ទោះបីម៉ាឡេស៊ីគ្រប់គ្រងតំណែងលេខមួយខាងចំនួនអ្នកទេសចរបរទេសក៏ដោយ ប៉ុន្តែប្រទេសថៃក៏មិនអន់ប៉ុន្មានដែរ។ ថៃអាចរក្សាតំណែងលេខពីរនៅក្នុងក្របខណ្ឌអាស៊ីអាគ្នេយ៍។ កាលពីឆ្នាំ២០២៣ ថៃទទួលបានភ្ញៀវបរទេស២៨លាននាក់។
បន្ទាប់មក សិង្ហបុរីទទួលបានភ្ញៀវបរទេស១៣,៦លាននាក់។ វៀតណាមឈរលំដាប់ទីបួនទទួលបានភ្ញៀវបរទេស១២,៦លាននាក់, ខណៈដែលឥណ្ឌូណេស៊ីទទួលបានភ្ញៀវ១១,៧លាននាក់ជាប់លំដាប់ទី៥។ បណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍កំពុងតែប្រឡងប្រជែងគ្នាខាងទាក់ទាញភ្ញៀវអន្តរជាតិទៅកម្សាន្តនៅតាមគោលដៅទេសចរណ៍របស់ខ្លួន។
ប្រទេសទាំងនេះចាប់ផ្ដើមកែសម្រួលគោលនយោបាយរបស់ខ្លួនដើម្បីឱ្យភ្ញៀវសម្រុកចូលឱ្យបានច្រើន។ ឧទាហរណ៍ កែសម្រួលលក្ខខណ្ឌឱ្យមានភាពធូរស្រាលជាងមុនផ្នែកអន្តោប្រវេសន៍។ ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ម៉ាឡេស៊ីកែសម្រួលលក្ខខណ្ឌនៃការផ្ដល់ទិដ្ឋាការ។
លក្ខខណ្ឌអនុគ្រោះពិសេសសម្រាប់ភ្ញៀវចិន និងឥណ្ឌាអាចទៅកម្សាន្តនៅម៉ាឡេស៊ីរយៈពេល៣០ថ្ងៃដោយមិនចាំបាច់ស្នើសុំទិដ្ឋាការ។ យុទ្ធសាស្ត្រនេះក៏ត្រូវប្រទេសថៃកំពុងអនុវត្តផងដែរ។ គេមិនទាន់ដឹងថាតើប្រទេសណាកូពីគោលនយោបាយនេះពីប្រទេសណាទេ។ ឬក៏ពួកគេបានរៀបចំដោយឯករាជ្យរៀងៗខ្លួនផងក៏មិនដឹង។
វៀតណាមក៏មានយុទ្ធសាស្ត្រទាក់ទាញអ្នកទេសចរបរទេសផងដែរ។ ចាប់ពីពាក់កណ្ដាលខែសីហាតទៅ វៀតណាមលេងដៃធំតែម្ដង។ អ្នកទេសចរទូទាំងពិភពលោកមិនថាមកពីប្រទេសណាទេអាចទទួលបានទិដ្ឋាការស្នាក់នៅរហូតដល់បីខែ។ ក្រៅពីនេះ អ្នកទេសចរមកពីប្រទេសចំនួន១៣មិនចាំបាច់ប្រើទិដ្ឋាការក៏បានដែរអាចស្នាក់នៅវៀតណាមរយៈពេល៤៥ថ្ងៃ។
នៅក្នុងបរិបទប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញដែលបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍រៀបនុយដើម្បីស្ទូចយកត្រីធំ នាយករដ្ឋមន្ត្រីវៀតណាម លោកផាំមិញជិញ (Pham Minh Chinh) ក៏មិនព្រងើយកន្តើយដែរ។ កាលពីសប្ដាហ៍មុន លោកបានបញ្ជាឱ្យក្រសួងពាក់ព័ន្ធទាំងអស់ជួយសម្រួលការស្នាក់នៅឱ្យបានយូរសម្រាប់ភ្ញៀវមកពីប្រទេសមួយចំនួនដែលមានចុះកិច្ចព្រមព្រៀងទ្វេភាគីជាមួយវៀតណាម៕
ប្រភព៖ Vietnam Express
https://e.vnexpress.net/news/travel/malaysia-beats-thailand-to-become-most-visited-country-in-southeast-asia-4714573.html
ចែករំលែកព័តមាននេះ