ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ចោរ​ប្រុសស្រី ៣​នាក់ បញ្ជូន​ទៅ​តុលាការ ករណី​ជិះ​កង់​ទៅ​លួច​ម៉ូតូ នៅ​កន្លែង​ផ្ញើ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ចតុមុខ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ចោរ​ប្រុសស្រី ចំនួន​៣​នាក់ ពាក់ព័ន្ធ​ករណី​ជិះ​កង់​ចូល​ទៅ​លូច​ម៉ូតូ នៅ​កន្លែង​ផ្ញើ​កង់​ម៉ូតូ​របស់​មន្ទីរ ពេទ្យ​បង្អែក​ចតុមុខ កាលពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៤ ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បញ្ជូន​ទៅ​សាលាដំបូង​រាជធាន​ភ្នំពេញ ។

ដោយ​ទទួល​បានការ​បញ្ជា​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​វរសេនីយ៍ឯក ប៊ុ​ន សត្យា ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​លោក​ឧត្តមសេនីយ៍ត្រី លី ប៊ុ​ន​អេ​ង ស្នងការ​រង នៅ​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៤ លោក​វរៈសេនីយ៍ទោ ម៉​ម សា​វន នាយការិយាល័យ​ដឹកនាំ​ផ្ទាល់ បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​៣​នាក់ ពាក់​ពន្ធ​ករណី​លួច​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ ខ្មៅ សេរី​ឆ្នាំ​២០២២ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1JF-8172 មួយ​គ្រឿង នៅ​ចំណុច​កន្លែង​ផ្ញើ​កង់​ម៉ូតូ ក្នុង​មន្ទីរពេទ្យ​បង្អែក​ចតុមុខ ដែល​ស្ថិត​តាម​ផ្លូវជាតិ​លេខ​៥ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ ទាំង​៣​នាក់​នោះ ៖
១.​ឈ្មោះ ង្វៀ​ង ង៉ុ​ក​ឡាំង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​ទិញ​.​លក់​អេ​ត​ចាយ មាន​ទីលំនៅ​ផ្ទះ​ជួល ផ្លូវ​បេតុង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​ ​។
២.​ឈ្មោះ ង្វៀ​ង ធី​យ៉ាង ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​បេតុង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​ ​។
៣.​ឈ្មោះ ស័​ក្ត វ​ណ្ណា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាងដែក ស្នាក់​នៅផ្ទះ​ជួល ផ្លូវលំ សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​ ​។

ពេល​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត ៖
-​ដែក​សំប៉ែត​ចុង​ស្រួច មាន​ដង​រាង​អក្ស​រអិល (​ឧបករណ៍​សម្រាប់​ធ្វើ​សកម្មភាព​កាច់​សោ​កុងតាក់​លួច​យក​ម៉ូតូ​) ចំនួន​១ 
-​គ្រឿងញៀន​ម៉ា​ទឹកកក ចំនួន ១​កញ្ចប់​តូច ។

ជន​រង​គ្រោះ ដែល​ជា​ម្ចាស់​ម៉ូតូ មានឈ្មោះ តុង ស្រី​ស ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ មុខរបរ​លក់ដូរ ។

សមត្ថកិច្ច បានអោយ​ដឹង​ថា កាលពី​ពី​រសៀល​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៤ មាន​ចោរ​ចូល​លួច​ម៉ូតូ​១​គ្រឿង ដូច​ភិនភាគ ដែល​បាន​រៀបរាប់​ខាងលើ នៅ​កន្លែង​ផ្ញើ​កង់​ម៉ូតូ ក្នុង​មន្ទីរពេទ្យ​បង្អែក​ចតុមុខ បង្ក​ឡើង​ដោយ​ជនសង្ស័យ​ចំនួន​០២​នាក់ ។ បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​សមត្ថកិច្ច ទើប​សមត្ថកិច្ច​បើក​ការ​ស្រាវជ្រាវ និង​ឃាត់​បាន​ជនសង្ស័យ​រហូត​ដល់​ទៅ​៣​នាក់ ។
សមត្ថកិច្ច អោយ​ដឹង​ទៀត​ថា ក្រោយ​ឃាត់ខ្លួន ជនសង្ស័យ​បាន​សារភាព​ប្រហាក់ប្រហែល​គ្នា​ថា វេលា​ម៉ោង​ប្រហែល​១២​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៤ ជនសង្ស័យ​ឈ្មោះ ង្វៀ​ង ង៉ុ​ក​ឡាំង និង​បក្ខពួក​ម្នាក់​ទៀត បាន​នាំ​គ្នា​ជិះ​កង់​ចេញពីផ្ទះ​ជួល​ទៅ​សួរសុខទុក្ខ​អ្នក​ស្គាល់គ្នា ដែល​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​បង្អែក​ចតុមុខ​។ ហើយ​ពេល​ទៅ​ដល់ទី​នោះ ជនសង្ស័យ​បាន​យក​កង់​ទៅ​ទុក​នៅ​កន្លែង​ផ្ញើ​កង់​ម៉ូតូ​ក្នុង​មន្ទីរពេទ្យ ហើយ​អ្នក​ទទួល​ផ្ញើ​កង់​ម៉ូតូ​ក្នុង​មន្ទីរពេទ្យ ក៏​បាន​កឹ​ប​សំបុត្រ និង​ប្រគល់​ចុង​សំបុត្រ​ឲ្យ​ទៅ​ជនសង្ស័យ រួច​ជនសង្ស័យ ក៏​នាំ​គ្នា​ដើរ​ចូល​ទៅ​ក្នុង​មន្ទីរពេទ្យ​។ រហូត​ដល់​វេលា​ម៉ោង​១​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល ជនសង្ស័យ​ក៏​នាំ​គ្នា​ចេញ​ទៅ​វិញ ដោយ​បាន​ទៅ​យក​កង់​នៅ​កន្លែង​ផ្ញើ តែ​ឆ្លៀតឱកាស​ពេល​នោះ បានឃើញ​ម៉ូតូ​១​គ្រឿង ដែល​ដាក់​ផ្ញើ​នៅ​កន្លែង​ផ្ញើ​កង់​ម៉ូតូ មាន​កូនសោ​ម៉ូតូ​ជាប់​ស្រាប់ ជនសង្ស័យ​បាន​ដោះ​យក​សំបុត្រ​ផ្ញើ​កង់​របស់​ខ្លួន ទៅ​កឹ​ប​លើ​ម៉ូតូ​របស់​ជន​រង​គ្រោះ ហើយ​ដក​យក​កូនសោ​ម៉ូតូ​ដើរ​ចេញ​មក​ខាងក្រៅ រួច​បា​ម​ហៅ​ឈ្មោះ ង្វៀ​ង ធី​យ៉ាង (​ភេទ​ស្រី​) ឲ្យ​ទៅ​ជួប​នៅ​មុខ​មន្ទីរពេទ្យ និង​បាន​ហុច​កូនសោ​ម៉ូតូ និង​កន្ទុយ​សំបុត្រ​ផ្ញើ​កង់ ដែល​បាន​យក​ទៅ​កឹ​ប​លើ​ម៉ូតូ​ដើម្បី​ជិះ​ចេញ ។

ចម្លើយ​សារភាព​បន្ត​ថា នៅ​ពេល​ឈ្មោះ ង្វៀ​ង ធី​យ៉ាង បន្លំ​លួច​យក​ម៉ូតូ​នោះ​បាន​ហើយ ក៏​ចេញ​ទៅ​ជួប​ឈ្មោះ ង្វៀ​ង​ ​ង៉ុ​ក​ឡាំង រួច​ឌុ​ប​គ្នា​ទៅ​ជួប​ឈ្មោះ​ស័​ក្ត វ​ណ្ណា នៅ​ម្តុំ​លូ​ទឹក​ស្អុយ សង្កាត់​ទួល សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​ឲ្យ​ឈ្មោះ ស័​ក្ត វ​ណ្ណា ជួយ​រក​អ្នកទិញ​ម៉ូតូ​យក​ប្រាក់​ចែក​គ្នា​។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ដដែល ពួក​គេ​ទាំង​៣​នាក់ បាន​នាំ​គ្នា​ជិះ​ម៉ូតូ​យក​ទៅ​លក់​ឲ្យ​ឈ្មោះ សី ភេទ​ប្រុស អាយុ​ប្រហែល ៣៨​ឆ្នាំ នៅ​ផ្សារ​ស័ង្កសី ផ្លូវជាតិ​លេខ​៣ ស្រុក​សំរោង ខេត្តតាកែវ​។ ឈ្មោះ សី ក៏​បាន​ពិនិត្យ​មើល​ម៉ូតូ​រួច​ហើយ ក៏​ព្រមព្រៀង​តម្លៃ ៣០០​ដុល្លារ​អា​មេ​រិ​ក តែ​ពេល​នោះ​អ្នកទិញ មិន​ទាន់​បាន​ប្រគល់​ប្រាក់​ឲ្យ​ជនសង្ស័យ​ទេ ពួក​គេ​ក៏​ជិះ​ម៉ូតូ​កង់​បី​ត្រឡប់​មក​ភ្នំពេញ​វិញ ហើយ​ចែកផ្លូវ​គ្នា​ទៅ​ផ្ទះ​រៀងខ្លួន​។ រហូត​ដល់​វេលា​រសៀល ឈ្មោះ សី បាន​ផ្ញើ​ប្រាក់​ថ្លៃ​ទិញ​ម៉ូតូ​នោះ​ឲ្យ​មក​ឈ្មោះ ស័​ក្ត វ​ណ្ណា តាម​វី​ង​ចំនួន ៣០០​ដុល្លារ​អា​មេ​រិ​ក លុះដល់​ល្ងាច ឈ្មោះ ស័​ក្ត វ​ណ្ណា បាន​ហៅ​ឈ្មោះ ង្វៀ​ង ង៉ុ​ក​ឡាំង ប្រគល់​ប្រាក់​ថ្លៃ​លក់​ម៉ូតូ​ចំនួន ៩០០,០០០​រៀល និង​ប្រាប់​ថា វា​ដក​យក​ប្រាក់​ជា​ចំណែក​របស់​វា​ចំនួន ៣០០,០០០​រៀល ។

បន្ទាប់​ពី​បាន​ស្តាប់​ចម្លើយ​ពាក់ព័ន្ធ​បទល្មើស​លួច​ជាក់ស្តែង និង​ស្រប​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ ទើប​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕