រាជធានីភ្នំពេញ ៖ បុរសម្នាក់ឃើញស្រីស្អាតដើរម្នាក់ឯងទ្រាំនឹងសម្រស់នាងមិនបានក៏ស្ទុះចូលទៅចាប់អោប ហើយត្រូវនាងស្រែកផ្អើលអ្នកជិតខាង និងបងស្រីរបស់នាងនាំគ្នារត់ដេញចាប់បាននាំយកទៅប្រគល់ឱ្យប៉ូលិសចាត់ការតាមច្បាប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១១ នៅក្នុងសួនឧស្សាហកម្មកាណាឌីយ៉ាភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌដង្កោ ។
បុរសខិលខូចម្នាក់នេះឈ្មោះលន់ សុភ័ក្ត្រ អាយុ២៦ឆ្នាំ ជាកម្មករលីសែង មានស្រុកកំណើតនៅភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម សព្វថ្ងៃស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើ។ ចំណែកឯស្ត្រីដែលបុរសនេះស្ទុះទៅអោបអាយុ២២ឆ្នាំ ជាអ្នកលក់កាហ្វេ មានស្រុកកំណើតនៅខេត្តកំពង់ចាម ស្នាក់នៅផ្ទះជួលក្នុងសួនឧស្សាហកម្មកាណាឌីយ៉ានោះ។
តាមប្រភពព័ត៌មានឱ្យដឹងថា នៅមុនពេលកើតហេតុស្ត្រីជាអ្នកលក់កាហ្វេរូបនេះបានដើរតាមផ្លូវនៅក្នុងសួននោះតែម្នាក់ឯង ហើយខណៈនោះនៅមិនទាន់ភ្លឺច្បាស់នៅឡើយ។ ពេលដើរទៅដល់ចំណុចខាងលើក៏ជួបបុរសនោះដែលកំពុងដើរដែរ ភ្លាមៗនោះជននេះបានស្ទុះចូលទៅចាប់អោបនាងពីក្រោយ ។ ពេលជួបហេតុការណ៍បែបនេះធ្វើឱ្យនាងភិតភ័យយ៉ាងខ្លាំង ហើយក៏ខំប្រឹងរើបំរះដែរ ប៉ុន្តែជននេះមិនត្រឹមតែមិនព្រមលែងទេ ថែមទាំងលូករាវស្ទាបនាងទៀតផង។
ខណៈនោះនាងបានស្រែកឱ្យគេជួយធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងបងស្រីរបស់នាងនាំគ្នារត់ដេញចាប់បុរសកំហូចនេះបានរួចប្រគល់ឱ្យប៉ូលិស ។ ក្រោយពេលត្រូវចាប់ខ្លួន ជននេះបានសារភាពប្រាប់ប៉ូលិសថា រូបគេពិតជាបានចាប់អោបនាងមែនដោយសារតែឃើញនាងមានរូបស្អាតទើបទ្រាំមិនបាន។ ក្រោយការសាកសួរសមត្ថកិច្ចក៏បានកសាងសំណុំរឿងបញ្ជូនជនកំហូចទៅតុលាការពីបទប្រទូស្តកេរ្តិ៍ខ្មាស ៕
ចែករំលែកព័តមាននេះ