ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្អែកជាថ្ងៃ«បុណ្យមាឃបូជា»តើមានប្រវត្តិយ៉ាង​ណា?

9 ខែ មុន
  • ភ្នំពេញ

​មាឃបូជាជាបុណ្យធំមួយដែលមានសារសំខាន់នៅក្នុងពុទ្ធសាសនាខ្មែរយើង ដែលបានកំណត់​​យក​​ថ្ងៃទី២៤ កុម្ភៈ ជា​រៀ​ងរាល់​ឆ្នាំ ។ តើបុណ្យមាឃបូជាមានប្រវត្តិយ៉ាងណាចំពោះព្រះពុទ្ធសាសនា ? មាឃបូជា ជាពិធីបុណ្យមួយដែលមានសារសំខាន់នៅក្នុងពុទ្ធសាសនា ប្រារព្ធឡើងដើម្បីរំឭកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោកនាប្រទេសឥណ្ឌា…

0:00
0:00

​មាឃបូជាជាបុណ្យធំមួយដែលមានសារសំខាន់នៅក្នុងពុទ្ធសាសនាខ្មែរយើង ដែលបានកំណត់​
​យក​​ថ្ងៃទី២៤ កុម្ភៈ ជា​រៀ​ងរាល់​ឆ្នាំ ។ តើបុណ្យមាឃបូជាមានប្រវត្តិយ៉ាងណាចំពោះព្រះពុទ្ធសាសនា ?

មាឃបូជា ជាពិធីបុណ្យមួយដែលមានសារសំខាន់នៅក្នុងពុទ្ធសាសនា ប្រារព្ធឡើងដើម្បីរំឭកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោកនាប្រទេសឥណ្ឌា កាលពីថ្ងៃ១៥កើត ខែមាឃ ក្រោយការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់ នាសម័យនោះ ។

ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅក្នុងចំណោមព្រះ​សង្ឃចំនួន១២៥០ អង្គជាសមាជិក ក្នុងអង្គមហាសន្និបាតមួយដែលបាននិមន្តមកពីគ្រប់ទិសទី ។ នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនូវគោលការណ៍សម្រាប់ឱ្យសមា​ជិកមហាសន្និបាតទាំងអស់កាន់យកជាវិថីជីវិត និងសម្រាប់យកទៅផ្សព្វផ្សាយដល់ជនដទៃទៀតឱ្យបានយល់ពីទ្រឹស្ដីព្រះពុទ្ធសាសនា ។

នៅថ្ងៃមាឃបូជានោះ ព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើងទ្រង់បានប្រទានឱវាទបាតិមោក្ខដល់មហាសង្ឃសន្និបាតក្នុងវត្តវេឡុវ័ន ដែលជាវត្តដំបូងបង្អស់ក្នុងព្រះពុទ្ធសាសនាក្នុងថ្ងៃនោះ ។ នៅក្នុងថ្ងៃចតុរង្គមហាសន្និបាត មានហេតុការណ៍ណ៍សំខាន់៤យ៉ាងកើតឡើងគឺ៖

១-ព្រះសង្ឃសមណទូត១២៥០អង្គ ដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់បញ្ជូនទៅកាន់តំបន់ផ្សេងៗដើម្បីផ្សព្វផ្សាយគោលធម៌បានវិលត្រឡប់មកចូលគាល់ព្រះអង្គវិញយ៉ាងព្រមព្រៀងគ្នា ។ ព្រះភិក្ខុសង្ឃដែលនិមន្តមកចូលរួមក្នុងមហាសង្ឃសន្និបាតសុទ្ធតែជាព្រះអរហន្ត ខីណាស្រពទាំងអស់ ។

២-ព្រះសង្ឃទាំងអស់សុទ្ធតែជាឯហិភិក្ខុ ដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់បំបួសឱ្យដោយផ្ទាល់ដែលហៅថា ឯហិភិក្ខុឧបសម្បទា ។ ៣-ព្រះសង្ឃទាំងអស់សុទ្ធតែជាព្រះអរហន្តបានអភិញ្ញា៦ គឺសម្ដែងឫទ្ធិបាន, ត្រចៀកទិព្វ, ភ្នែកទិព្វ, កំណត់ដឹងចិត្តអ្នកដទៃ, បានរឭកជាតិបាន និងអស់អាសវៈមកជួបប្រជុំគ្នាក្នុងវត្តវេឡុវ័នដោយមិនបានណាត់ទុកជាមុន ។៤- ថ្ងៃដែលព្រះសង្ឃទាំងអស់ជួបប្រជុំគ្នានោះត្រូវនឹងថ្ងៃពេញបូណ៌មីខែមាឃ ។

ហេតុការណ៍ជួបប្រជុំគ្នាខាងលើនេះហៅម្យ៉ាងទៀតថា ចតុរង្គសន្និបាតគឺ កិច្ចប្រជុំប្រកបដោយអង្គ៤ ។ ចតុរង្គសន្និបាតនេះប្រារព្ធធ្វើនៅក្នុងវត្តវេឡុវ័ន ក្នុងក្រុងរាជគ្រឹះនៃមគធរដ្ឋរបស់ព្រះបាទពិម្ពិសារ ក្រោយពីព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញ្ញាណកន្លងហើយបាន៩ខែ ។

ព្រោះអច្ឆរិយហេតុកើតឡើងដោយមិននឹកស្មានដល់បែបនេះហើយ ទើបព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ឆ្លៀតឱកាសសម្ដែងឱវាទបាដិមោក្ខដល់ព្រះសង្ឃចំនួន១២៥០អង្គនោះដោយទ្រង់កំណត់គោលនយោបាយក្នុងការផ្សព្វផ្សាយព្រះពុទ្ធសាសនាឱកាសនោះឯង ៕ អត្ថបទដោយ៖ លោកសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ