រាជធានីភ្នំពេញ ៖ ករណីឆ.ក់ទូរស័ព្ទពីបុរសម្នាក់កំពុងជិះកង់ នៅខណ្ឌបឹងកេងកង ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្ក្រាបបាន ។ នេះតាម នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃបានបង្ហាញមុននេះ ។
ប្រតិបត្តិការនេះធ្វើឡើង ក្រោមការណែនាំផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន និងតាមការចង្អុលបង្ហាញបញ្ជាដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ។
ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានសហការស្រាវជ្រាវ និងបើកការស៊ើបអង្កេតកំណត់មុខសញ្ញាតាមរយៈកាមេរ៉ាសុវត្ថិភាព ។
ជាក់ស្តែងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៥និង១០នាទីត្រង់ចំណុចផ្លូវលេខ៣៧១(សឡា) ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួនម្នាក់នឹងបន្តឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ទៀត វេលាម៉ោង២០និង១៥នាទី នៅចំណុចផ្លូវលេខ៣៤៤ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ជនសង្ស័យទាំងពីរនាក់ខាងលើនេះមានឈ្មោះ ៖
១. ឈ្មោះ សុខ យុទ្ធឈាន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ។២. ឈ្មោះ សំ រដ្ឋា ហៅក្តាម ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ។
ពួកគេបានធ្លាប់ធ្វើសកម្មភាព នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០៦និង៣៣នាទី បានធ្វើសកម្មភាពឆ.ក់ទូរស័ព្ទដៃពីបុរសរងគ្រោះកំពុងជិះកង់ម្នាក់ឯងបានសម្រេចនៅចំណុចផ្លូវលេខ២១៧កែងផ្លូវលេខ៤៣០ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ចំពោះសម្ភារៈដកហូតរួមមាន៖ ១. ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ គ្មានស្លាកលេខ(របស់ជនសង្ស័យ)។ ២. ម៉ូតូម៉ាក ស៊ុយស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខ 1KL-4524(របស់ជនសង្ស័យ)។ បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងខាងលើ ការិយាល័យកំពុងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ