ខេត្តស្ទឹងត្រែង ៖ ទីតាំងល្បែងស៊ីសងមួយកន្លែង ស្ថិតនៅចំណុចភូមិភក់ ផ្លូវទៅចំការ ភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង កំពុងតែមានសកម្មភាពយ៉ាងគគ្រឹកគគ្រេងទាំងយប់ថ្ងៃ។ គេឃើញអ្នកញៀនល្បែងជាច្រើននាក់ ជិះរថយន្តទំនើបៗចូលទៅក្នុងបរិវេណនៃទីតាំងនោះ ក្នុងរូបភាពចូលទៅផឹកកាហ្វេ តែធាតុពិតគឺសំដៅទៅលេងល្បែងស៊ីសង ។ ប្រភេទល្បែងក្នុងហាងកាហ្វេមួយនេះមានដូចជា ល្បែងទាត់សេះ បៀ និងភ្នាល់ប្រដាល់តាមទូរទស្សន៍ជាដើម។ ចំពោះការភ្នាល់ទាំងឡាយ អ្នកខ្លះលេងមួយដៃ២០០ដុល្លារ ៥០០ដុល្លារ និង១.០០០ដុល្លារឡើងទៅ តាមប្រភេទអ្នកគ្មានលុយ និងអ្នកមានលុយ ។
ប្រភពព័ត៌មានបានទម្លាយឱ្យដឹងថា ហាងភ្នាល់ល្បែងស៊ីសងនេះ ទាំងអ្នកក្រ អ្នកមាន និងខ្លះជាមន្ត្រីមានមុខមាត់ ឈ្មួញរកស៊ីឈើ បានទៅលេងពីព្រឹកព្រលឹម រហូតដល់ល្ងាចក៏មាន ជាពិសេសគឺនៅថ្ងៃសុក្រ សៅរ៍ អាទិត្យ ដែលជាថ្ងៃចុងសប្តាហ៍ មានកម្មវិធីប្រដាល់ផ្សាយផ្ទាល់តាមទូរទស្សន៍ ។ ជាមួយការភ្នាល់ លុយ អ្នកខ្លះយីអ៊ុនឡើងក៏ឈ្នះទៅ តែអ្នកស៊យចាញ់ រហូតអស់លុយ ថែមទាំងបញ្ចាំរថយន្ត ម៉ូតូទៀតផង ។ ល្បែងភ្នាល់លុយយ៉ាងសកម្មនេះ វាអាចបង្កអំពើចោរកម្ម លួច ឆក់ ប្លន់ ធ្វើអត្តឃាតដោយសារអស់លុយពីខ្លួន និងសងបំណុលគេមិនចេះចប់។
តាមព័ត៌មានពីមន្ត្រីនគរបាលម្នាក់សុំមិនបញ្ចេញឈ្មោះឱ្យដឹងថា ដំបូងកន្លែងនេះគ្រាន់តែជាហាងកាហ្វេតូចមួយប៉ុណ្ណោះ ហើយក្រោយមកមានមនុស្សជាច្រើនបានចូលទៅផឹកស៊ីនៅទីនោះ យូរៗទៅក៏ក្លាយជាកន្លែងល្បែងភ្នាល់ធំតែម្តង ដែលពេលបច្ចុប្បន្នហាងកាហ្វេនេះមានសកម្មភាពភ្នាល់ល្បែងកាន់តែធំទៅៗ រួចបើកចំហថែមទៀត សូម្បីអ្នកដំណើរឆ្លងកាត់ទីនេះគឺសុទ្ធតែបានឃើញ អ្នកលេងល្បែងទាត់សេះ ល្បែងបៀរទាំងវង់ៗដូចជាមិនខ្លាចញញើតអ្វីទាំងអស់។
ប្រជាពលរដ្ឋនៅក្បែរហាងកាហ្វេនោះបានឱ្យដឹងនៅថ្ងៃទី៣០ ឧសភា នេះថា ជារៀងរាល់ថ្ងៃមានមនុស្សជាច្រើនបានចូលទៅផឹកកាហ្វេ ហើយមនុស្សចូលហាងនេះច្រើនបំផុតគឺថ្ងៃចុងសប្តាហ៍ ពួកគេស្រែកហ៊ោកកញ្ជ្រៀវយ៉ាងអនាធិបតេយ្យ។ បើក្រឡេកមើលពីចម្ងាយនឹងឃើញក្រុមនេះកាន់សន្លឹកបៀ ខ្លះទាត់សេះ ក្រាបអ៊ុតអាប៉ោង។ មួយក្រុមផ្សេងទៀតភ្នាល់កីឡា ប្រដាល់តាមទូរទស្សន៍បន្តផ្ទាល់ ហើយអ្នកភ្នាល់ទាំងនោះតែងតែនិយាយទូរស័ព្ទមិនឈប់ឈរ។ ទន្ទឹមនឹងនេះ គេក៏មិនឃើញមានសមត្ថកិច្ចណាចុះអនុវត្តបង្ក្រាបឡើយ ។ ការលេងភ្នាល់លុយយ៉ាងអនាធិបតេយ្យនេះផ្ទុយស្រឡះពីសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ អនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព បំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ ដែលជាទង្វើបង្ក អសន្តិសុខដល់សង្គម ៕
ចែករំលែកព័តមាននេះ