ខេត្តបន្ទាយមានជ័យ ៖ លោកប៉ូលិសដែលបោះទីតាំងត្រួតពិនិត្យបទល្មើសសេដ្ឋកិច្ច តាមដងផ្លូវជាតិលេខ៥ ដោយសាររវល់លេងអុកបានឱ្យក្មេងចេញមកយកលុយជំនួសពីរថយន្តដឹកទំនិញនៅចំណុចភូមិគោកទំលាប់ ឃុំអូរប្រាសាទ ស្រុកមង្គលបុរី ។ ទិដ្ឋភាពនេះបានកើតឡើងជាក់ស្តែងកាលពីថ្ងៃទី២៨ ឧសភា ឆ្នាំ២០១១ នៅវេលាម៉ោង៣រសៀលដោយគេឃើញរថយន្តដឹកផ្លែឈើ១គ្រឿងបានឈប់បង់លុយឱ្យទៅក្មេងម្នាក់ដែលជាកម្មកររបស់លោកប៉ូលិសដែលកំពុងរវល់អង្គុយលេងអុក ។
តាមសម្តីអ្នករកស៊ីដឹកទំនិញតាមផ្លូវពីក្រុងប៉ោយប៉ែតឆ្លងកាត់ផ្លូវជាតិលេខ៥ត្រង់ចំណុចភូមិគោកទំលាប់ឱ្យដឹងថា គេឃើញមន្រ្តីប៉ូលិសសេដ្ឋកិច្ចក្រសួងតែងបានកាក់រថយន្តដឹកផ្លែឈើឱ្យបង់លុយក្នុង១គ្រឿង ពី២ម៉ឺន ទៅ៤ម៉ឺនរៀល។
តាមសម្តីអ្នករកស៊ីបានប្រាប់ទៀតថា នៅខេត្តបន្ទាយមានជ័យទោះជារាជរដ្ឋាភិបាលបាន ប្រកាសឱ្យបញ្ឈប់ការដាក់កុងត្រូលជជុះយ៉ាងណាក៏ដោយ ក៏គេឃើញនៅតែមានជាច្រើនកន្លែងចាប់ពីក្រុងប៉ោយប៉ែតទៅតាមបណ្តោយផ្លូវជាតិលេខ៥ និងលេខ៦មិនតិចជាង១០កន្លែងទេ ។ គេឃើញមន្ត្រីប៉ូលិសសេដ្ឋកិច្ចក្រសួង ប៉ូលិសសេដ្ឋកិច្ចខេត្ត មន្ត្រីជលផល មន្រ្តីគយខេត្ត និងមន្រ្តីមេព្រៃធ្វើតាមជំនាញរៀងៗខ្លួន ។ មន្ត្រីប៉ូលិសសេដ្ឋកិច្ចក្រសួង ប៉ូលិសសេដ្ឋកិច្ចខេត្ត មន្រ្តីគយខេត្តគេយកលុយពីរថយន្តដឹកផ្លែឈើ និងទំនិញផ្សេងៗ ចំណែកមន្ត្រីជលផលគេយកពីរថយន្តដឹកត្រី ទោះដឹកក្នុងស្រុកក៏ត្រូវស្ទាក់ឱ្យបង់លុយដែរ ដោយឡែកមន្រ្តីមេព្រៃវិញគេឃើញដាក់ចល័តចាំយកលុយពីប្រជាពលរដ្ឋដែលដឹកឈើ អុស និងធ្យូងដោយគ្មានការលើកលែងឡើយ ។
ប្រជាពលរដ្ឋដែលរកស៊ីដឹកទំនិញបានត្អូញត្អែរថា ទំនិញដែលពួកគាត់ដឹកពីតាមបណ្តាខេត្ត និងដឹកចេញចូលទៅផ្សារលុងក្លឿ ប្រទេសសៀមមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត គឺពួកគាត់បានបង់ពន្ធជូនរដ្ឋរួចទៅហើយ ទើបបាននាំចូល ។ ក៏ប៉ុន្តែនៅពេលដែលដឹកឆ្លងកាត់តាមផ្លូវជាតិលេខ៥ និងលេខ៦ ត្រូវបានមន្រ្តីនានាទាមទារឱ្យបង់លុយបន្ថែមទៀតធ្វើឱ្យពួកគាត់រកប្រាក់ចំណេញស្ទើរមិនបាន ព្រោះរកស៊ីចិញ្ចឹមតែកុងត្រូលជជុះប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ