ទីក្រុងញូដេលី៖ ការយកព្រះនាមរបស់ព្រះអាទិទេពទៅដាក់ឈ្មោះផ្ដេសផ្ដាសពិតជាមិនបានទេនៅប្រទេសឥណ្ឌាដែលឱ្យតម្លៃយ៉ាងខ្ពង់ខ្ពស់ចំពោះជំនឿ និងការគោរពសក្ការៈ។ ថ្មីៗនេះ ក្រុមស្ដាំនិយមរបស់សាសនាហិណ្ឌូបានដាក់ពាក្យប្ដឹងទៅតុលាការជុំវិញករណីដាក់ឈ្មោះសត្វតោញី១ក្បាលថា «នាងសីតា» ដែលជាព្រះនាមព្រះអាទិទេពមួយអង្គនៅក្នុងរាមកេរ្តិ៍។

ព្រះនាងសីតាជាអគ្គមហេសីរបស់ព្រះរាមនៅក្នុងរឿងរាមាយណ៍ ឬរឿងរាមកេរ្តិ៍។ សត្វតោញីមួយក្បាលឈ្មោះនាងសីតានោះកំពុងរស់នៅក្នុងសួនសត្វមួយនៅប្រទេសឥណ្ឌា។ ប៉ុន្តែពួកអ្នកគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ចំពោះព្រះនាងសីតាមិនសុខចិត្តទេ។ ពួកគេចាត់ទុកការយកព្រះនាមនាងសីតាមកដាក់ឈ្មោះតោញីយ៉ាងដូច្នេះស្មើនឹងការប្រមាថព្រះជេស្ដាព្រះជាម្ចាស់ (blasphemy) និងជាការយកជំនឿមកលេងសើច។ និយាយម៉្យាងទៀតថាជាការប្រមាថទឹកចិត្តរបស់អ្នកជឿមួយនគរ។

ក្រុមបរិស័ទហិណ្ឌូវិស្វលោក (Vishva Hindu Parishad) ស្នើសុំឱ្យតុលាការចេញបង្គាប់ឱ្យដូរឈ្មោះតោញីនោះជាបន្ទាន់។ ម៉្យាងទៀត ពួកគេយល់ថាបើបានជាមានរឿងធំដល់ថ្នាក់នេះ តោញីអាយុ៥ឆ្នាំនេះក៏មិនអាចបន្តរស់នៅក្នុងសួនសត្វនេះបានតទៅទៀតដែរ។ បើហ៊ាននៅនឹងមានរឿងធំជាមួយគ្នាជាមិនខាន។ ពួកគេក៏ប្រឆាំងជំទាស់ផងដែរនឹងគម្រោងរក្សាទុកតោឈ្មោលមួយក្បាលទៀតឈ្មោះអាក់ក្បា (Akbar) ដែលដាក់ឈ្មោះដូចអធិរាជចក្រភពម៉ុកហ្គុលកាលពីសតវត្សទី១៦។

តោញី-ឈ្មោលទាំង២នេះកំពុងរស់នៅក្នុងសួនសត្វនៃរដ្ឋបេងកាល់ (Bengal)។ ក្រុមដែលដាក់ពាក្យទៅតុលាការនេះជាក្រុមដែលមានខ្សែធំដែរ។ ពួកគេជាសមាជិកគណបក្សជាតិនិយមហិណ្ឌូរបស់នាយករដ្ឋមន្ត្រីឥណ្ឌាណារឹនដ្រា ម៉ូឌី (Narendra Modi)។ មនុស្សជាច្រើនបានទូរស័ព្ទ ឬដាក់ញត្តិស្នើសុំឱ្យពួកគេជួយផង មិនត្រូវយកឈ្មោះព្រះទៅដាក់ឈ្មោះតោអីចឹងទេ។

យោងតាមខ្លឹមសារនៅក្នុងពាក្យបណ្ដឹងនោះ «ក្រុមហិណ្ឌូនិយមសង្កេតឃើញថាតោញីមួយក្បាលត្រូវគេដាក់ឈ្មោះដូចព្រះនាងសីតាដែលជាអគ្គមហេសីរបស់ព្រះរាម។ ព្រះនាងជាទេវៈមួយអង្គដែលអ្នកកាន់សាសនាហិណ្ឌូតែងតែគោរពសក្ការៈ។ ដូច្នេះ ការដាក់ឈ្មោះនេះមានន័យស្មើនឹងការប្រមាថព្រះនាង និងប្រមាថទឹកចិត្តជ្រះថ្លារបស់អ្នកមានជំនឿហិណ្ឌូនិយម»។

ក្រៅពីតវ៉ាដល់តុលាការរួចហើយ ពួកហិណ្ឌូក៏ព្រមានហែបាតុកម្មតវ៉ាថែមទៀតបើមន្ត្រីថ្នាក់មូលដ្ឋានមិនព្រមដូរឈ្មោះតោញីនោះទៅឈ្មោះអ្វីផ្សេង និងមិនព្រមយកតោនេះទៅរស់នៅកន្លែងផ្សេងឱ្យផុតពីមុខពីមាត់របស់ពួកគេ។ ពួកគេនិយាយមួយម៉ាត់ដោយខ្លី ព្រះនាងសីតា និងអធិរាជឈ្មោះអាក់ក្បាជាតួអង្គពីរដាច់ដោយឡែកពីគ្នាដូចទឹក និងប្រេង។ ដូច្នេះមិនអាចយកមកឡូកឡំដាក់ឈ្មោះឱ្យតោញី-ឈ្មោលទាំង២ក្បាលនេះ និងបន្តឱ្យពួកគេរស់នៅក្នុងសួនសត្វតែមួយបានឡើយ។

នៅក្នុងក្រសែភ្នែករបស់ពួកហិណ្ឌូ តួអង្គព្រះនាងសីតា និងអធិរាជអាក់ក្បាប្រៀបបាននឹងទេវតា និងបិសាច។ ពួកគេយល់ថាអធិរាជអាក់ក្បារជាជាតិសាសន៍ដទៃដែលឈ្លានពានប្រទេសឥណ្ឌា និងត្រួតត្រាពួកហិណ្ឌូអស់ជាច្រើនឆ្នាំ។ ដូច្នេះ ពួកគេមិនអាចគោរពមនុស្សនេះជាដាច់ខាត ទោះបីក្រុមដទៃទៀតអាចនឹងចាត់ទុកគាត់ជាវីរៈបុរសក៏ដោយ។ មន្ត្រីជាន់ខ្ពស់ឧទ្យានជាតិប្រាប់ថាគេបានបញ្ជូនឯកសារទាំងអស់ពាក់ព័ន្ធនឹងសំណុំរឿងនេះទៅតុលាការរួចហើយ ហើយរង់ចាំសេចក្ដីសម្រេចពីតុលាការ។ មន្ត្រីរូបនោះប្រាប់ថាបើតុលាការចេញសេចក្ដីសម្រេចបែបណា ខ្លួននឹងគោរពតាមដោយឥតងាករេ៕
ប្រភព៖ Reuters
https://www.reuters.com/world/india/indian-hindu-group-goes-court-over-lioness-named-after-hindu-deity-2024-02-19/

ចែករំលែកព័តមាននេះ