ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ផ្តល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​ឯកជន យក​ថ្លៃ​ចត​រថយន្ត​ក្នុង​ក្រុង បង់​ចូល​ថវិកាខេត្ដ

9 ខែ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត​ព្រះ​សីហ​នុ នៅ​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជុំវិញ​ការ​ប្រមូល​ចំណូល​ភាស៊ី​ពី​ចំណតរថយន្ត បង់​ចូល​ថវិកាខេត្ត នៅ​ឆ្នេរ​អូរ​ឈើទាល…

ខេត្ត​ព្រះ​សីហ​នុ ៖ មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត​ព្រះ​សីហ​នុ នៅ​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជុំវិញ​ការ​ប្រមូល​ចំណូល​ភាស៊ី​ពី​ចំណតរថយន្ត បង់​ចូល​ថវិកាខេត្ត នៅ​ឆ្នេរ​អូរ​ឈើទាល (​ចាប់ពី​អាហារ​ដ្ឋា​ន​ស៊ី​កាង ដល់​បន្ទប់ទឹក​សាធារណៈ លេខ​១) ស្ថិត​នៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត​ព្រះ​សីហ​នុ បានអោយ​ដឹង​ថា អនុលោម​តាម​សារាចរ​ណែនាំ​លេខ ០០៤​សហ​វ ចុះ​ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៤ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តី​ពី​ការ​ពង្រឹង​ការ​គ្រប់គ្រង ការ​ធ្វើ​អាជីវកម្ម សេវាកម្ម​ទ្រព្យសម្បត្តិ​រដ្ឋ​, ដោយ​កន្លង​មក​ទីតាំង​ចំណត​ឆ្នេរ​អូរ​ឈើទាល បាន​ចុះ​កិច្ចសន្យា ធ្វើការ​វិនិយោគ និង​ធ្វើ​អាជីវកម្ម ដោយ​យក​ភាស៊ី លើ​ទីតាំង​ចំណត​នេះ ដែល​កិច្ចសន្យា​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០១៤ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៨ ប៉ុន្តែ​នៅ​ឆ្នាំ​២០២០ នៅ​ពេល​ដែល​ប្រទេស​កម្ពុជា ជា​រួម ក៏​ដូច​ជា​ខេត្ត​ព្រះ​សីហ​នុ​ដោយឡែក បាន​ជួប​នូវ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩​ធ្ងន់ធ្ងរ ដែល​បណ្តាល​ឱ្យ​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​កម្ពុជា ជា​ទូទៅ មានការ​ធ្លាក់​ចុះ​យ៉ាង​គំហុក និង​ជួប​ប្រទះ​នូវ​វិបត្តិ​ជា​ច្រើន ស្រប​នឹង​ពេលវេលា​នេះ គឺ​ខេត្ត​ព្រះ​សីហ​នុ កំពុង​តែដំណើរការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ក្នុង​ក្រុងព្រះសីហនុ​។

ដោយ​មើលឃើញ​ពី​ការ​លំបាក​ទាំង​អស់នេះ ទើប​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ស្នើ​សុំ​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​លុប​កិច្ចសន្យា​វិនិយោគ​នេះ ហើយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏​បាន​សម្រេច​បញ្ចប់​ការ​វិនិយោគ​ចំណតរថយន្ត នៅ​ឆ្នេរ​អូរ​ឈើទាល ក្នុង​ក្រុងព្រះ​សីហនុ មុន​កាលកំណត់​កិច្ចសន្យា និង​សៀវភៅ​បន្ទុក ដើម្បី​បន្ធូរបន្ថយ​លើ​បន្ទុក​ចំណាយ​របស់​ប្រជាពលរដ្ឋ​។

បន្ទាប់​ពី​ជម្នះ នូវ​វិបត្តិ​ជំងឺ​កួ​វី​ដ​-១៩ ជា​ស្ថាពរ និង​ដោយ​ពិនិត្យ​មើល​ស្ថានភាព​សេដ្ឋកិច្ច​ជាស​កល ក៏​ដូច​ជា​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​យើង ចាប់ផ្តើម​មាន​ភាពល្អ​ប្រសើរ​ជា​វិជ្ជមាន​ឡើង​វិញ ទើប​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្នើ​សុំ​ឱ្យ​ខេត្ត​រៀបចំ​ដាក់​ឱ្យ​ដេញថ្លៃ​ភាស៊ី​គ្រប់​ប្រភេទ សម្រាប់​ធ្វើ​អាជីវកម្ម ឆ្នាំ​២០២៤ តាម​នីតិវិធី​ដេញថ្លៃ​ជា​សាធារណៈ និង​ជំរុញ​ការ​ប្រមូល​ចំណូល​បង់​ចូល​ថវិកាខេត្ត​, ហេតុ​ដូចនេះ ទើប​គណៈកម្មការ​ដេញថ្លៃ​ភាស៊ី​គ្រប់​ប្រភេទ នៅ​ទូ​ទាំង​ខេត្ត​ព្រះ​សីហ​នុ បាន​ចាប់ផ្តើម​អនុវត្ត​នីតិវិធី​ដេញថ្លៃ​ជា​សាធារណៈ លើ​ទីតាំង​ចំណតរថយន្ត ក្នុង​ក្រុងព្រះសីហនុ (​ចំណតរថយន្ត​ទល់មុខ​ផ្សា​រលើ​, ចំណតរថយន្ត​មហោស្រព​ចាស់ និង​ចំណតរថយន្ត​ឆ្នេរ​អូរ​ឈើទាល ដើម្បី​ប្រមូល​ចំណូល​ចូល​ថវិកាខេត្ត សម្រាប់​ការ​អភិវឌ្ឍន៍​ខេត្ត ម្យ៉ាងទៀត គឺ​ក្នុង​គោល​បំណង​​គ្រប់គ្រង​ចំណតរថយន្ត​ឱ្យមាន​សណ្តាប់ធ្នាប់ របៀបរៀបរយ​ល្អ​, មានការ​ការពារ​សន្តិសុខ និង​សុវត្ថិភាព ក្នុង​ទីតាំង​ចំណត និង​ថែរក្សា​អនាម័យ និង​បរិស្ថាន​ល្អ នៅ​ក្នុង​ទីតាំង​ចំណត​ផង​ដែរ​។

ការ​ដេញថ្លៃ គឺ​អនុវត្ត​ទៅ​តាម​លំដាប់លំដោយ និង​នីតិវិធី​ជា​ធរមាន ជា​សាធារ​ណៈ ប្រកបដោយ​តម្លាភាព ព្រមទាំង​មានការ​ចូលរួម​ពី​បណ្ដា​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ផង​ដែរ ជា​លទ្ធផល អ្នក​ដេញថ្លៃ​ឈ្នះ បាន​ទៅ​លើ​លោក ហោ យាន ហេតុ​ដូចនេះ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ក៏​បាន​ចេញ​សេចក្តីសម្រេច ប្រគល់​សិទ្ធិ​ប្រមូល​ភាស៊ី​ចំណតរថយន្ត ក្នុងក្រុងព្រះ​សីហនុ ជូន​ក្រុមហ៊ុន​​លោក ហោ យាន ដើម្បី​ធ្វើ​អាជីវកម្ម ប្រមូល​ភាស៊ី​ចំណតរថយន្ត និង​បង់​ចំណូល​ចូល​ថវិកាខេត្ត ទៅ​តាម​ចំនួន ដែល​បាន​កំណត់​នៅ​ក្នុង​កិច្ចសន្យា ព្រមទាំង​អនុវត្ត​កាតព្វកិច្ច តាម​សៀវភៅ​បន្ទុក និង​កិច្ចសន្យា​ឱ្យ​បាន​ខ្ជាប់ខ្ជួន ។

ទីតាំង​ចំណតរថយន្ត ក្នុង​ក្រុងព្រះសីហនុ ដែល​ជា​ចំណត​បង់ប្រាក់ មាន​ចំនួន​៣​ទីតាំង ក្នុង​នោះ ៖

១. ចំណតរថយន្ត​ទល់មុខ​ផ្សា​រលើ​ក្រុងព្រះសីហនុ (​ក្នុង​របង​ចំណត​ដែល​មាន​ស្រាប់​) ស្ថិត​នៅ​ភូមិ​១ សង្កាត់លេខ​២ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

២.​ចំណតរថយន្ត​មហោស្រព​ចាស់ (​ចាប់​ពីមុខ​មន្ទីរ​ទេសចរណ៍​ខេត្ត ដល់​អតីត​ធនាគារ FTB) ស្ថិត​នៅ​ភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​។

៣. ចំណតរថយន្ត​ឆ្នេរ​អូរ​ឈើទាល (​ចាប់ពី​អាហារ​ដ្ឋា​ន​ស៊ី​កាង ដល់​បន្ទប់ទឹក​សាធារណៈ​ទី​១) ស្ថិត​នៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​។

តារាង​តម្លៃ​តា​ស៊ី ដែល​ត្រូវ​ប្រមូល​តាម​ទីតាំង​កំណត់​ដូច​ខាងក្រោម ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ