ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រកាសឱ្យពលរដ្ឋខេត្តមណ្ឌលគិរីមានការប្រុងប្រយ័ត្ន​លើករណីភ្លើងឆេះព្រៃនារដូវរាំងស្ងួត

2 ខែ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ រដូវប្រាំងឈានចូលមកដល់ វាលស្មៅលាតសន្ធឹងរាប់រយហិកតាដែលតែងតែបង្អួតសម្រស់ដ៏ស្រស់ស្អាតទាក់ទាញភ្ញៀវទេសចរគយគន់មិនជិនណាយនោះ ត្រូវភ្លើងព្រៃឆេះរាលដាលជាបន្តបន្ទាប់ ហើយតែងគំរាមដល់ផលដំណាំ និងផ្ទះសម្បែងអ្នកស្រុករៀងរាល់ឆ្នាំ។ ជុំវិញករណីខាងលើនេះ លោកឧត្តមសេនីយ៍ទោ ឡោ…

ខេត្តមណ្ឌលគិរី ៖ រដូវប្រាំងឈានចូលមកដល់ វាលស្មៅលាតសន្ធឹងរាប់រយហិកតាដែលតែងតែបង្អួតសម្រស់ដ៏ស្រស់ស្អាតទាក់ទាញភ្ញៀវទេសចរគយគន់មិនជិនណាយនោះ ត្រូវភ្លើងព្រៃឆេះរាលដាលជាបន្តបន្ទាប់ ហើយតែងគំរាមដល់ផលដំណាំ និងផ្ទះសម្បែងអ្នកស្រុករៀងរាល់ឆ្នាំ។

ជុំវិញករណីខាងលើនេះ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរីបានថ្លែងប្រាប់កោះសន្តិភាព នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ថា «កិច្ចការងារការពារគ្រោះអគ្គិភ័យនៅក្នុងរដូវប្រាំងនេះ នគរបាលជំនាញបានធ្វើការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់នារដូវរាំងស្ងួតនេះ ។ តែជាការសោកស្ដាយនៅតែមានបងប្អូនប្រជាពលរដ្ឋខ្លះ ដុតព្រៃដើម្បីយកឃ្មុំឬចាប់សត្វ ជាដើម ដែលបង្កការឆេះរាលដាល»។

លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តមណ្ឌលគិរីមានប្រសាសន៍បន្តថា «ដើម្បីកាត់បន្ថយគ្រោះថ្នាក់ជាយថាហេតុពីការឆេះព្រៃរាលដាលដល់ផ្ទះប្រជាពលរដ្ឋ កម្លាំងជំនាញនៃស្នងការនគរបាលខេត្ត បានត្រៀមរៀបចំផែនការដាក់ពង្រាយកម្លាំងតាមគោលដៅសំខាន់ៗ… ហើយតាមបណ្ដាលក្រុងស្រុកទាំង៥ក៏មានត្រៀមរថយន្តពន្លត់អគ្គិភ័យរួចស្រេច ហើយនៅស្នងការដ្ឋានក៏បានបម្រុងនូវរថយន្តចំនួន៤គ្រឿងបន្ថែម និងដាក់ប្រចាំមួយគ្រឿងនៅវរសេនាតូចលេខ៣០៣ ដែលជាចំណុចមានហានិភ័យខ្ពស់រង់ចាំសង្គ្រោះករណីមានអាសន្នកើតឡើង»។


ក្រៅពីការហ្វឹកហាត់សមត្រៀមចុះសង្គ្រោះនៅពេលមានអគ្គិភ័យ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានដឹកនាំមន្ត្រីជំនាញត្រួតពិនិត្យលើសម្ភារបរិក្ខារ និងរថយន្តទឹកជារៀងរាល់សប្តាហ៍ មិនឱ្យមានការខូចខាតលើសម្ភារបច្ចេកទេសទាំងនោះទេ។ ដែលកាលណាមានបញ្ហារថយន្ត ឬឧបករណ៍ទាំងនោះខូច វានាំឱ្យគ្រោះអាសន្នដែលកើតឡើងដោយសារ គ្រោះអគ្គិភ័យអាចរីករាលដាលធំ ។

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ក៏បានសំណូមពរដល់បង​ប្អូនប្រជាពលរដ្ឋរស់នៅខេត្តមណ្ឌលគិរីទាំងអស់ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចៀសវាងការដុតព្រៃ ឬចម្ការ ដែលមិនបានរៀបចំកាត់ព្រៃធ្វើមុខភ្លើងជាមុន ។ ហើយត្រូវសម្អាតព្រៃ ឬស្មៅជុំវិញលំ​នៅឋាន ឱ្យបានស្រឡះល្អ ព្រោះអាចជួយកាត់បន្ថយហានិភ័យភ្លើងចេះរាលដាលដល់ផ្ទះរបស់ខ្លួន ៕

អត្ថបទសរសេរ ដោយ