ការតស៊ូប្រឹងប្រែងរយៈពេល28ឆ្នាំរបស់ក្លឹប Swansea សម្រេចបានជោគជ័យ ហើយក្រោយពីក្រុមរបស់គេបានផ្តួលក្រុម Reading ដោយលទ្ធផល 4-2 ក្នុងពហុកីឡដ្ឋាន Wembley កាលពីរាត្រីថ្ងៃចន្ទកន្លងមកនេះ។ កីឡាករខ្សែបំរើស្លាប Scott Sinclair បានក្លាយជាវីរបុរសរបស់ក្លឹប Swansea គឺគេអាចរកគ្រាប់បាល់បាន3គ្រាប់ម្នាក់ឯងបន្ថែមជាមួយកីឡាករ Dobbie 1គ្រាប់ទៀតជួយឱ្យក្រុម Swansea រកបានកៅអី១លេងនៅ ក្នុងក្របខណ្ឌអង់គ្លេសប្រឺមីញេលីកសម្រាប់រដូវកាលក្រោយ។ ជ័យជម្នះ 4-2 ទៅលើក្រុម Reading កាលពីរាត្រីថ្ងៃចន្ទនេះធ្វើឱ្យក្រុម Swansea បានរួមដំណើរជាមួយក្រុមលេខ1 QPR និងក្រុមលេខ2 Norwich ទៅជួបជាមួយក្រុមខ្លាំងៗនៅប្រឺមីញេលីក។ ការឡើងមកលេងនៅប្រឺមីញេលីកនេះ គឺអាចជួយឱ្យក្លឹប Swansea មានឱកាសបង្កើនប្រាក់ចំណូលរហូតទៅដល់140លានដុល្លារដែលបានមកពីការផ្សព្វផ្សាយពាណិជ្ជកម្ម និងប្រាក់ចំណូលផ្សេងៗទៀត។ លោក Rodger គ្រូបង្វឹកក្លឹប Swansea បាននិយាយក្រោយពីបញ្ចប់ការប្រកួតថា វាគឺជាការប្រកួតមួយដ៏អស្ចារ្យកាលពីរាត្រីថ្ងៃចន្ទ ហើយកីឡាកររបស់យើងសក្តិសមណាស់នឹងបានឡើងទៅលេងប្រឺមីញេលីក។
គួររំលឹកដែរថា កាលពីប្រកួតបញ្ចប់រដូវកាលក្លឹប Swansea ស្ថិតនៅក្នុងលំដាប់ថ្នាក់លេខ3ក្នុងតារាងដែលចាំបាច់ត្រូវប្រកួតក្នុងវគ្គ Play Off។ ក្នុងការលេង Play Off ក្រុម Swansea បានទម្លាក់ក្រុម Nottingham ដោយលទ្ធផល 3-1 ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងឈ្នះ Reading 4-2 ចុងក្រោយនេះ ៕
ចែករំលែកព័តមាននេះ