ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែកសំបុ​កក្រុម​ចោរ​​ប្លន់អាជីវ​ករ​​លក់​មាស​​ប្តូរប្រាក់​នៅផ្សារ​​រកាកោង​​​មាន​មន្ត្រី​​​ប៉ុស្តិ៍​​ចូលដៃ

14 ឆ្នាំ មុន

​ខេត្តកណ្តាល​ ៖ ​ក្រុមចោរ​ប្លន់​​​ប្រដាប់​អាវុធ​​​៤នាក់ ក្នុងនោះ​មាន​មន្ត្រី​​​ប៉ុស្តិ៍​ម្នាក់ ​និង​អតីត​​អនុ​ប្រធាន​ប៉ុស្តិ៍​​​រកា​កោង​​ម្នាក់ទៀត​ ក្នុង​ចំណោម​​​បក្ស​ពួក​​៧នាក់ ត្រូវ​សមត្ថកិច្ច​​ប៉ូលិស​​​​នៃ​ស្នង​ការ​​​ដ្ឋាន​​ខេត្ត​កណ្តាល​ធ្វើការ​បង្ហាញ​​ជា​សាធារណៈ​ កាលពីព្រឹកថ្ងៃទី​​​៣១ ឧសភា ​​​​២០១១ ​​បន្ទាប់ពី​​ពួកគេបាន​​ធ្វើសកម្មភាពប្លន់​អាជីវករ​​​​លក់មាស

ខេត្តកណ្តាល ៖ ក្រុមចោរប្លន់ប្រដាប់​អាវុធ​ចំនួន៤នាក់ ក្នុងនោះមានមន្រ្តី​ប៉ូលិស​ប៉ុស្តិ៍​ម្នាក់ និង​អតីតអនុ​ប្រធាន​ប៉ុស្តិ៍រកាកោងម្នាក់ ក្នុង​ចំណោម​បក្សពួក៧នាក់ ត្រូវសមត្ថកិច្ច​ប៉ូលិស​ស្នង​ការដ្ឋានខេត្ត ​បង្ហាញ​ខ្លួន​ជាសាធារណៈ​កាល​ពីព្រឹកថ្ងៃទី៣១ ឧសភា ឆ្នាំ​២០១១​ បន្ទាប់ពី​​ក្រុម​​ជន​ទាំង​នេះ​ធ្វើ​​សកម្ម​ភាព​​ប្លន់អាជីវករ​លក់​​មាសប្តូរ​ប្រាក់​​​យក​អស់​ប្រមាណ​ជិត៤០តម្លឹង ក្នុង​ពេលដែលស្រ្តីរង​គ្រោះ​ជិះម៉ូតូចេញពីផ្សារ​រកា​កោងត្រឡប់ទៅ​ដល់​ផ្ទះវិញ កាលពីជាង ២ខែ​មុន។

លោករឿន ណារ៉ា ស្នងការរងទទួលបន្ទុក​កណ្តាលយុត្តិធម៌បាន​ឱ្យដឹងថា មាន​ចោរ​​ប្រដាប់​អាវុធមួយក្រុមបាន​ធ្វើសកម្មភាពប្លន់​អាជី​វ​ករលក់មាស និងប្តូរ​ប្រាក់​នៅផ្សាររកា​កោង ដល់​មុខផ្ទះជនរងគ្រោះឈ្មោះ​យូ អេងលី ភេទស្រី អាយុ៦៥ឆ្នាំ ស្ថិតក្នុងភូមិ​រកា​កោង ឃុំ​រកា​កោង​១ ស្រុកមុខកំពូល កាល​ពី​វេលាម៉ោង៥​និង​១០​នាទី​ល្ងាច ថ្ងៃទី៦ មីនា ឆ្នាំ​២០១១ ធ្វើ​ឱ្យ​ជន​រងគ្រោះ​បាត់បង់មាស​ចំនួន​១៣​តម្លឹង ប្លា​ទីន​១៥តម្លឹង លុយដុល្លារ៦​ពាន់​ដុល្លារ​  លុយ​បាត​​១ម៉ឺនបាត លុយ​រៀល​១៥លានរៀល ទូរស័ព្ទ​ដៃ៣​គ្រឿង និងកាត​ទូរស័ព្ទមួយ​ចំនួន​ទៀត ។ បន្ទាប់​ពី​​មាន​អំពើ​ប្លន់​​នេះ​កម្លាំងប៉ូលិស​នៃ​ស្នង​ការដ្ឋានខេត្ត ដឹកនាំដោយ​លោកអ៊ាវ ចំរើន ស្នងការខេត្ត​ដោយ​សហ​ការជាមួយស្នង​ការ​ដ្ឋាន​រាជធានីភ្នំពេញ និង​ស្នង​ការ​ដ្ឋាន​ខេត្ត​កំពង់​ចាម ធ្វើការស្រាវជ្រាវ​រហូតឈាន​ដល់​កំណត់មុខ​សញ្ញា និងបំបែក​សំបុក​ក្រុមចោរប្លន់​ដែលមាន គ្នាចំនួន៧នាក់ ហើយឃាត់ខ្លួនបាន​ចំនួន​៤នាក់។ ​

​ជន​ដែល​ត្រូវ​ចាប់ខ្លួន​​នេះមាន ១-ឈ្មោះ​ឈួន ឆេង អាយុ៣៩ឆ្នាំ ជា​យោធា​នៅ​សឹក​រងស្រុកស្ទឹងត្រង់ មានទីលំនៅ​ភូមិ​ស្វាយ​ស្រណោះ ឃុំរកាអារ ស្រុកស្ទឹងត្រង់ ខេត្ត​កំពង់​ចាម ជាមេខ្លោង និងដកហូតបានម៉ូតូ​វីវ៉ា​មួយ​គ្រឿង រួមទាំងគ្រឿងអលង្កាមួយចំនួន។ ២-ឈ្មោះ​លន់ ម៉េងលី អាយុ៤០ឆ្នាំ ជា​មន្ត្រី​ប៉ូលិស​​ប៉ុស្តិ៍រកាកោង១ មានទីលំនៅភូមិរកា​កោង ឃុំ​រកាកោង១ ស្រុកមុខកំពូល ជាអ្នក​យាម​ផ្លូវ។ ៣-ឈ្មោះ​ឃួន វុទ្ធី អាយុ៥៧ឆ្នាំ ជា​អតីត​​អនុ​ប្រធាន​​ប៉ុស្តិ៍​ប៉ូលិស​រកាកោង១ (ចូល​និវត្តន៍) មាន​​ទីលំនៅ​ភូមិព្រែកជ្រៅ ឃុំរកា​កោង​២ ស្រុក​មុខកំពូល ជាអ្នកយាមផ្លូវ។ ជនទាំង​បីនាក់​នេះ​ត្រូវ​បាន​ឃាត់ខ្លួន​នៅថ្ងៃទី៣០ ឧសភា និង៤-ឈ្មោះសួង សាត ហៅតាន់ អាយុ​៤១​​ឆ្នាំ ជា​អ្នក​រត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល​សាន់​ហាន់ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជ​ធានី​ភ្នំពេញ ជា​ជន​​ដៃដល់​​ ត្រូវ​បាន​ឃាត់ខ្លួននៅថ្ងៃទី២៩ ឧសភា។ ចំណែបក្សពួកបីនាក់ដែលរត់គេច​ខ្លួន​បាត់​​មាន ១-ឈ្មោះ​សឿ និល អាយុ២៩ឆ្នាំ ជា​សិស្ស ​​រស់​នៅ​ភូមិកងតាណឹង ឃុំកងតាណឹង ស្រុក​កង មាស ខេត្តកំពង់ចាម ២-ឈ្មោះវ៉យ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរមិនពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ស្វាយដំណាក់ ឃុំស្វាយរមៀត ស្រុកខ្សាច់​កណ្តាល ខេត្តកណ្តាល ជា​ម្ចាស់អាវុធ និ​ង៣-ឈ្មោះ​ខ្មៅ ហៅតឿ ភេទប្រុស អាយុ​៤០​ឆ្នាំ មុខ​របរ​និង​ទីលំនៅមិន​ពិត​ប្រាកដ ជាអ្នក ជិះម៉ូតូ​ចូល​ធ្វើសកម្មភាពប្លន់។

លោករឿន ណារ៉ា បានឱ្យដឹងទៀតថា ក្នុង​ការធ្វើសកម្មភាពប្លន់នេះគឺក្រុមចោរ​បាន​តាម​ដាន​ពីពេលវេលារបស់ស្រ្តីជាអាជីវករលក់​មាស និងប្តូរប្រាក់​មួយរយៈកន្លងមកហើយ។ នៅ​ពេល​ដឹងពី​ពេល​វេលារបស់ស្រ្តីរងគ្រោះច្បាស់ហើយ​នោះ​ ឈ្មោះ​សួង សាត បានចាត់ចែង​បក្ស​ពួក​របស់​ខ្លួនរៀបចំគម្រោងប្លន់។ លុះ​ដល់​ថ្ងៃទី៦ មីនា ឆ្នាំ២០១១ វេលាម៉ោង៥នឹង១០នាទីល្ងាច នៅពេល​​ស្ត្រី​ឈ្មោះយូ អេងលី ចេញពី​ផ្សារ​ជិះ​ម៉ូតូ​ត្រឡប់មកផ្ទះវិញ ដែលមានចម្ងាយ​ប្រហែល​១​គីឡូ​ម៉ែត្រពីផ្សារ​ ក្រុម​​ចោរ​ប្លន់​បាន​ជិះ​​ម៉ូតូ​តាម​ពី​ក្រោយ​​ជាប់​រហូត ។ នៅ​ពេល​ជន​រង​គ្រោះ​មកដល់មុខ​ផ្ទះ ហើយ​ចាក់សោទ្វារ​របង​​ដើម្បី​ចូលផ្ទះ​ ចោរ​ម្នាក់បាន​ចុះពីលើម៉ូតូ​​ស្ទុះ​ទៅ​វាយ​ជនរងគ្រោះមួយដៃចំភ្នែកខាងស្តាំ និង​ម្នាក់​​ទៀត​​យកកាំភ្លើងវាយក្បាល ហើយ​ឆក់យក​កន្ត្រកយួរដែល​មាន​គ្រឿង​អលង្ការពីដៃជនរង​គ្រោះ ​រួចនាំ​គ្នា​ជិះ​ម៉ូតូរត់គេចខ្លួនបាត់ទៅ។ ចំពោះ​សម្ភារដែលពួក​ចោរ​ប្លន់បាននោះ គឺយក​ទៅ​ចែក​គ្នាទាំងយប់។

ក្រុមចោរប្លន់ទាំងនោះបានសារភាព​ទៀត​ថា មុនពេលធ្វើសកម្មភាពប្លន់ខាងលើនេះ គឺ​ពួក​គេ​បាន​ទាក់ទងជាមួយមន្រ្តី​ប៉ូលិស​ប៉ុស្តិ៍ និង​អតីត​​អនុ​​ប្រធាន​ប៉ុស្តិ៍​រកាកោង១ ដើម្បីឱ្យពួកគេចាំ​មើល​​ផ្លូវ​​ ហើយ​សន្យា​ថា នៅពេលប្លន់បាន​សម្រេច និង​ផ្តល់​​ព័ត៌​មាន​សម្រាប់​ពួក​គេ​រត់គេច​​ នឹង​ឱ្យ​លុយ​ក្នុង​ម្នាក់​១​ពាន់​ដុល្លារ​ ៕