នាងម៉ារីយ៉ា សារ៉ាប៉ូវ៉ានិងនាងវិចតូរីយ៉ា អាហ្សារ៉ឹនកាបានសម្តែងក្តីរីករាយជាខ្លាំងបន្ទាប់ពីពួកគេបានឈានចូលដល់វគ្គ៨នាក់ចុងក្រោយប្រកួតតឺន្នីសក្របខណ្ឌធំFrench Openនៅលើទីលានប្រកួតដីក្រមរ៉ូឡង់ហ្គារ៉ូស ក្នុងទីក្រុងប៉ារីសប្រទេសបារាំងកាលពីថ្ងៃទី៣០ខែឧសភាកន្លងមក ។
សារ៉ាប៉ូវ៉ាបានយកឈ្នះកីឡាការិនីប៉ូឡូញអានីយេស្កា រែដវ៉ាន់ស្កាក្នុងលទ្ធផល៧-៦និង៧-៥។ ការប្រកួតបន្ទាប់ទៀតនាងនឹងជួបជាមួយកីឡាការិនីអាល្លឺម៉ង់អង់ឌ្រា ប៉េតកូវិចដែលបានបំបាក់កីឡាការិនីមិត្តរួមជាតិរបស់នាងគឺម៉ារីយ៉ា គីរីឡឹនកូក្នុងលទ្ធផល៦-២,២-៦និង៦-៤។
សូមបញ្ជាក់ថា សារ៉ាប៉ូវ៉ាគឺជាម្ចាស់ជើងឯកក្របខណ្ឌធំចំនួន៣ ប៉ុន្តែក្របខណ្ឌធំ French Openនាងមិនទាន់មាននៅឡើយទេ ។ លទ្ធផលប្រកួតដ៏ល្អបំផុតរបស់នាងក្នុងក្របខណ្ឌនេះគឺនៅឆ្នាំ២០០៧ ។ កលនោះនាងបានឈានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ចំណែកកីឡាការិនីវិចតូរីយ៉ា អាហ្សារ៉ឹនកាវិញបានយកឈ្នះកីឡាការិនីរុស្ស៊ីអេកាតឺរីណា ម៉ាការ៉ូវ៉ាក្នុងលទ្ធផល៦-២និង៦-៣។ នៅវគ្គបន្ទាប់នាងនឹងជួបប្រកួតជាមួយកីឡាការិនីចិនលីណាដែលបានយកឈ្នះកីឡាការិនីវ័យ២១ឆ្នាំរបស់ប្រទេសឆែកប៉េត្រា វីតូវ៉ាក្នុងលទ្ធផល២-៦,៦-១និង៦-៣ ។
អាហ្សារ៉ឹនកាបាននិយាយបន្ទាប់ពីទទួលបានជ័យជម្នះថា៖«ពេលនេះខ្ញុំកំពុងតែស្ថិតនៅក្នុងវគ្គមួយនៃអាជីពរបស់ខ្ញុំ។ ការប្រកួតនៅវគ្គ១/៤នេះនឹងមានការខុសប្លែកពីលើកមុន។ តែយ៉ាងណាខ្ញុំមានជំនឿចិត្តលើខ្លួនឯងជាខ្លាំង។ ខ្ញុំកំពុងរង់ចាំការប្រកួតដោយអន្ទះសា»។
ឯនាងលីណាបាននិយាយថា៖«បើខ្ញុំឈ្នះជុំទី៤ តើខ្ញុំគួរតែនិយាយយ៉ាងណា។ តើខ្ញុំលេងមិនល្អមែនទេ។ ទេ ខ្ញុំមិនគិតដូច្នេះទេ។ ខ្ញុំបានព្យាយាមរក្សាកម្រិតប្រកួតរបស់ខ្ញុំឲ្យល្អដូចជាកាលប្រកួតនៅប្រទេសអូស្ត្រាលីឬក៏ល្អជាងទៅទៀត»។ កីឡាការិនីចិនរូបនេះបានបន្ថែមថា៖«ខ្ញុំមិនចូលចិត្តប្រកួតនៅលើទីលានដីក្រហមទេ ប៉ុន្តែ តើវាយ៉ាងម៉េច ពេលនេះគឺខ្ញុំបានឈានមកដល់វគ្គ៨នាក់ចុងក្រោយហើយ» ៕
ចែករំលែកព័តមាននេះ