ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

PSG រក​ឃើញ​អ្នក​ជំនួស​តំណែង Mbappe ដែល​នឹង​ចាកចេញ​នៅ​ចប់​រដូវ​កាល​នេះ

5 ខែ មុន

បារាំង ៖ យោង​តាម​របាយការណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​បារាំង​រាយការណ៍​ថា ក្លិប Paris Saint-Germain

បារាំង ៖ យោង​តាម​របាយការណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​បារាំង​រាយការណ៍​ថា ក្លិប Paris Saint-Germain បាន​ដាក់​ឈ្មោះ​ខ្សែប្រយុទ្ធ​អង់គ្លេស Marcus Rashford របស់​ក្លិប Manchester United គឺជា​កីឡាករ​កំពូល​ក្នុង​បញ្ជី​សម្រាំង (Shortlist) ដើម្បី​នាំ​យក​មក​ជំនួស​តំណែង​ខ្សែប្រយុទ្ធ​បារាំង Kylian Mbappe ដែល​នឹង​ចាកចេញ​នៅ​ចប់​រដូវ​កាល​នេះ​។

ខ្សែប្រយុទ្ធ Kylian Mbappe កាលពី​ថ្ងៃ​ទី​១៥ ខែកុម្ភៈ បាន​ប្រាប់​ក្លិប PSG ថា រូបគេ​នឹង​ចាកចេញ​នៅ​ចប់​រដូវ​កាល​នេះ ស្រប​ពេល​ដែល​កុងត្រា​ជាមួយ​ម្ចាស់​ជើងឯក​លី​គ​កំពូល​បារាំង Ligue 1 អស់​សុពលភាព​នៅ​ចុងខែ​មិថុនា ខាង​មុខ​នេះ ហើយ​កីឡាករ​រូប​នេះ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​យ៉ាង​ខ្លាំង​ជាមួយ​ការ​ផ្លាស់​ទៅ​ចូលរួម​ក្លិប Real Madrid ដោយ​គ្មាន​តម្លៃ​ខ្លួន (Free Agent)​។ ស្រប​ពេល​ដែល​កាសែត​អេ​ស្ប៉ា​ញ Mundo Deportivo បាន​រាយការណ៍​ថា Real Madrid នឹង​ផ្តល់​អាវ​លេខ​១០ ដែល​ខ្សែបម្រើ Luka Modric កំពុង​ពាក់ ផ្តល់​ទៅ Mbappe បើ​រូបគេ​មក​ចូលរួម​នឹង​រដូវក្តៅ​នេះ​។

Mbappe ដែល​ឈ្នះ​ពានរង្វាន់ World Cup ជាមួយនឹង​ក្រុម​មាន់គក​បារាំង កាលពី​ឆ្នាំ ២០១៨ នៅ​រុ​ស្ស៊ី បាន​ធ្វើ​ឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល កាលពី​ឆ្នាំ ២០២២ នៅ​ពេល​រូបគេ​ចុះហត្ថលេខា​លើ​កុងត្រា​ថ្មី​ជាមួយ PSG បើ​ទោះជា​មានការ​រំពឹង​ទុក​ច្រើន​ខែ​លើ​ការ​ផ្លាស់​ទៅ Real Madrid យ៉ាងណា​ក៏​ដោយ​។ កុងត្រា​របស់ Mbappe មាន​សុពលភាព​ត្រឹម​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៤ ជាមួយនឹង​ជម្រើស​បន្ថែម​១​ឆ្នាំ​ទៀត​។

យោង​តាម​របាយការណ៍​ពី​កាសែត The Times បាន​រាយការណ៍​ថា ទីប្រឹក្សា​បាល់ទាត់​របស់ PSG លោក Luis Campos បាន​ដាក់​ឈ្មោះ Rashford ជា​អ្នក​ជំនួស​តំណែង Mbappe ហើយ​តាម​ទស្សនៈ​យុទ្ធសាស្ត្រ ខ្សែប្រយុទ្ធ​អង់គ្លេស​វ័យ​២៦​ឆ្នាំ​រូប​នេះ​មាន​សមត្ថភាព​ដូច​គ្នា​នឹង Mbappe ក្នុង​ការ​វាយលុក​ពី​ផ្នែក​ខាងស្តាំ​នៃ​តំបន់​ខ្សែប្រយុទ្ធ​ជួរ​មុខ​៣​នាក់​របស់ PSG​។

PSG ទំនង​ត្រូវ​ចាយ​លុយ​ច្រើន​ដើម្បី​នាំ​យក Rashford ដែល​ទើបតែ​បន្ត​កុងត្រា​ថ្មី​ជាមួយ Man United កាលពី​រដូវ​កាល​មុន មក​កាន់​ទឹកដី Parc des Princes ខណៈ​ដែល​កុងត្រា​ថ្មី​របស់​គេ​មាន​សុពលភាព​រហូត​ដល់​ចុងខែ​មិថុនា ឆ្នាំ​២០២៨៕ (​ប្រភព ៖ BBC, Goal.com និង Daily Mail)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ