សហព័ន្ធកីឡាវាយសីពិភពលោកហៅកាត់BWFបានសម្រេចចិត្តបោះបង់ចោលនូវច្បាប់ដ៏ចំរូងចំរាស់ដែលបានបង្ខំឲ្យកីឡាការិនីស្លៀកសំពត់ខ្លីក្នុងពេលប្រកួត។
ច្បាប់ថ្មីនេះកាលដើមឡើយត្រូវគេគ្រោងនឹងយកទៅអនុវត្តចាប់ពីថ្ងៃទី១ខែឧសភា ប៉ុន្តែដោយមានការជំទាស់តវ៉ាពីបណ្តាអត្តពលិកជាស្ត្រីដែលមួយចំនួនថាស្លៀកបែបនោះវាសិចស៊ីពេក ហើយមួយចំនួនទៀតថាប៉ះពាល់ដល់ទំនៀមទម្លាប់ប្រពៃណីនិងសាសនា មន្ត្រីសហព័ន្ធនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៅប្រទេសចិនចុងសប្តាហ៍កន្លងមកក៏បានធ្វើការពន្យារដល់ខែមិថុនា។
បន្ទាប់ពីកិច្ចប្រជុំ សហព័ន្ធវាយសីបាននិយាយថា ខ្លួននឹងបន្តស៊ើបអង្កេតលើបញ្ហាខាងលើឲ្យបានច្បាស់លាស់។
ដើម្បីធ្វើឲ្យកីឡាវាយសីកាន់តែមានភាពទាក់ទាញ សហព័ន្ធកីឡានេះក៏បានចេញច្បាប់បង្គាប់ឲ្យអត្តពលិកជាស្ត្រីទាំងអស់ត្រូវស្លៀកសំពត់ខ្លីក្នុងពេលប្រកួតក្នុងខណៈក្នុងពេលបច្ចុប្បន្នអត្តពលិកជាស្ត្រីស្លៀកខោជើងខ្លីឬក៏ខោជើងវែងប្រកួត។ បណ្តាមន្ត្រីសហព័ន្ធបាននិយាយថា ច្បាប់ថ្មីតម្រូវឲ្យស្លៀកសំពត់ខ្លីនឹងធ្វើឲ្យអត្តពលិកជាស្ត្រីមើលទៅសមជាមនុស្សស្រី ហើយក៏ជាការទាក់ទាញដល់អ្នកមើលនិងអ្នកស្ប៉ន់ស៊័រផងដែរ។
តែសម្រាប់បណ្តាប្រទេសអាស៊ីមួយចំនួនដែលកាន់សាសនាអ៊ីស្លាមនឹងទទួលរងការប៉ះពាល់ខណៈដែលនារីមិនត្រូវបានគេអនុញ្ញាតឱ្យបញ្ចេញសាច់សខ្ចីនៅទីសាធារណៈ ជាពិសេសក្នុងចំណោមហ្វូងមនុស្សយ៉ាងច្រើនកុះករទេ ។
អ្នកនាងJanice Forsythនាយិកាមជ្ឈមណ្ឌលអន្តរជាតិសិក្សាលើផ្នែកកីឡាអូឡាំពិកនៅសាកលវិទ្យាល័យWestern Ontarioបាននិយាយថា៖«នេះវាមិនខុសអីពីការខិតខំប្រឹងប្រែងធ្វើឲ្យស្ត្រីទាក់ទាញផ្លូវភេទនោះឡើយ»។
ប៉ុន្តែលោកPaisan Rangsikphoជាអនុប្រធានសហព័ន្ធវាយសីពិភពលោកដែលមានមូលដ្ឋាននៅទីក្រុងគួឡាឡាំពួប្រទេសម៉ាឡេស៊ីបានបញ្ជាក់ថា ៖«យើងមិនមែនកំពុងតែប្រើប្រាស់សិចជួយជម្រុញឱ្យមានការចូលចិត្តកីឡានេះទេ។ យើងគ្រាន់តែចង់ឱ្យបណ្តាកីឡាការិនីទាំងនោះមើលមកដូចជាមនុស្សស្រី ហើយប្រកួតបានល្អ ដូច្នេះស្ត្រីនឹងល្បីឈ្មោះបន្ថែមទៀត » ៕
ចែករំលែកព័តមាននេះ