ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នរណា​មិន​ភ័យ​ខ្លាច ! ខ្លា​ព្រៃ​វង្វេង​ចូល​ភូមិ​ពលរដ្ឋ​ថៃ​ភ័យ​បះសក់

2 ខែ មុន

ថៃ ៖ ក្រុម​មន្ត្រី​អភិរក្ស​សត្វព្រៃ​មក​ពី​ឧទ្យាន​ជាតិ ខាល​ឡាន ក្នុង​ខេត្ត Kamphaeng Phet បាន​ចំណាយពេល​ពេញ​មួយ​ថ្ងៃ​សៅរ៍ ទី​១៧ ខែកុម្ភៈ…

ថៃ ៖ ក្រុម​មន្ត្រី​អភិរក្ស​សត្វព្រៃ​មក​ពី​ឧទ្យាន​ជាតិ ខាល​ឡាន ក្នុង​ខេត្ត Kamphaeng Phet បាន​ចំណាយពេល​ពេញ​មួយ​ថ្ងៃ​សៅរ៍ ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២៤ ដើម្បី​ស្វែងរក​ដាន​របស់​សត្វ​ខ្លា​មួយ​ក្បាល នៅ​ក្នុង​ព្រៃ​មួយ​ខាងក្រោយ​ភូមិ​កា​រីង​ណា​ម​តុ​ក ក្រោយ​ពី​អ្នក​ភូមិ​ប្រទះ​ឃើញ និង​បង្ក​ការ​ភ័យ​ខ្លាច​ដល់​អ្នកស្រុក ។ នេះ​បើ​យោង​តាម​សារព័ត៌មាន PBS News ចេញផ្សាយ​នៅ​ថ្ងៃអាទិត្យ ។

ក្រុម​មន្ត្រី​អភិរក្ស​ទាំងនោះ​សង្ឃឹមថា ពួ​គ​គេ​នឹង​អាច​ចាប់​ខ្លា​នេះ​យក​ទៅ​លែង​ក្នុង​ព្រៃ​វិញ មុន​ពេល​ដែល​វា​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាជន ប៉ុន្តែ​ការ​ព្យាយាម​នៅ​តែ​មិន​បាន​សម្រេច ព្រោះតែ​ខ្លា​បាន​រត់គេច និង​លាក់ខ្លួន​នៅ​ក្នុង​ព្រៃ​នោះ ។

មេ​ភូមិ​បាន​និយាយ​ថា ខ្លាធំ​មួយ​ក្បាល​នេះ ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​កាលពី​ល្ងាច​ថ្ងៃ​សុក្រ ខណៈ​ដែល​អ្នក​ភូមិ​ម្នាក់​បាន​ថតរូប​ភាព​ខ្លា​មួយ​ក្បាល​នោះ​ជាប់ នៅ​ពេល​ដែល​វា​កំពុង​ដើរ​កាត់​ចម្ការ​ដំឡូង​មី​មុន​ចូល​ទៅ​ក្នុង​ព្រៃ ។ រូបថត​នេះ​បង្ហាញ​ថា សត្វ​ខ្លា​ឈ្មោល​មួយ​នេះ អាច​កម្ពស់​ប្រហែល​១២០​សង់ទីម៉ែត្រ ។ បុរស​ដែល​ថតរូប​ខ្លា​ដោយ​ផ្ទាល់​បាន​អះអាង​ថា ខ្លា​នេះ​អាច​ត្រូវ​របួស​ភ្នែក​ឆ្វេង​របស់​វា ហើយដោយ​សារ​តែ​របួស​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​វា​វង្វេង​ចេញពី​ហ្វូង​ហើយ​មក​ដល់​ភូមិ​អ្នកស្រុក ។

ក្រុម​មន្ត្រី​អភិរក្ស​សត្វព្រៃ​ដែល​បាន​មក​ដល់​ភូមិ​នេះ កាលពី​យប់​ថ្ងៃ​សុក្រ បាន​ណែនាំ​អ្នក​ភូមិ​ឱ្យ​ស្នាក់​នៅ​ក្នុងផ្ទះ​ដើម្បី​សុវត្ថិភាព ។ ក្រុម​មន្ត្រី បាន​រក​ឃើញ​សាកស​.​ព​ជ្រូក​មួយ​ក្បាល ដែល​ត្រូវ​ខ្លា​ហែក​ស៊ី​នៅ​មិន​ឆ្ងាយ​ពី​ភូមិ​ប៉ុន្មាន​នោះ​ទេ ដោយ​ពួក​គេ​បាន​រៀបចំ​ដំឡើង​អន្ទាក់ រួម​ទាំង​បំពាក់​កាមេរ៉ា​បន្ថែម ដើម្បី​ឃ្លាំមើល ។

ក្រុម​មន្ត្រី​បាន​ប្រទះ​ឃើញ​ស្នាមជើង​ខ្លា ដែល​ដើរ​កាត់​តាម​ព្រំប្រទល់​រវាង​ភូមិ ចូល​ទៅ​ក្នុង​ព្រៃ​វិញ ប៉ុន្តែ​មានការ​ព្រួយបារម្ភ​ថា វា​អាច​វិល​មក​ចូល​ភូមិ​វិញ ។

នាយកដ្ឋាន​ឧទ្យាន​ជាតិ សត្វព្រៃ និង​អភិរក្ស​រុក្ខជាតិ​បាន​ឲ្យ​ដឹង​ថា ទោះបីជា យោង​តាម​ស្នាមជើង​ខ្លា​បាន​ចាក​ចេញពី​ភូមិ​ឡើង​លើ​ភ្នំ​ក៏​ពិតមែន ប៉ុន្តែ​ពួក​គេ​បាន​បំពាក់​កាមេរ៉ា ដើម្បី​បន្ត​តាមដាន​ដំណើរ​របស់​សត្វ​ខ្លា និង​រៀបចំ​ឱ្យ​មាន​បុគ្គលិក​ឃ្លាំមើល ដើម្បី​ការពារ​សុវត្ថិភាព​អ្នក​ភូមិ ។

យ៉ាងណា​ក៏​ដោយ មន្ត្រី​ជំនាញ​អះអាង​ថា ទោះជា​ខ្លា គឺជា​សត្វព្រៃ​ដ៏​គ្រោះថ្នាក់ ហើយ​អ្នក​ភូមិ​ខ្លាចរអារ​ក្តី ប៉ុន្តែ​ខ្លា​មិន​ងាយ​ស៊ី​មនុស្ស​ទេ ហើយ​ខ្លា​ខ្លាច​មនុស្ស ។ ទោះបី​ខ្លា​មាន​ជំនាញ​ស​ម្លា​.​ប់​សត្វព្រៃ​ក៏​ដោយ សូ​ម្បី​តែ​សត្វ​ដែល​ធំ​ជាង​វា​ប្រាំ​ដង​ក៏​វា​អាច​ស​ម្លា​.​ប់​បាន​ដែរ ប៉ុន្តែ​ខ្លា​មិន​ចាប់អារម្មណ៍​នឹង​ស៊ី​មនុស្ស​ទេ ហើយ​វា​ក៏​ព្យាយាម​អស់ពី​សមត្ថភាព​ដើម្បី​គេច​ពី​មនុស្ស ។

គួរ​កត់​សម្គាល់ថា ខ្លា​ត្រូវ​បានការ​ពារ​ដោយ​ច្បាប់​ការពារ​សត្វព្រៃ​របស់​ប្រទេស​ថៃ និង​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ប្រភេទ​សត្វ​ជិត​ផុត​ពូជ ។ នៅ​ឆ្នាំ​២០២២២ សហភាព​អន្តរជាតិ​សម្រាប់​ការ​អភិរក្ស​ធម្មជាតិ បាន​ប៉ាន់​ប្រមាណ​ថា សត្វ​ខ្លាធំ​ប្រហែល​៣០​ក្បាល​កំពុង​រស់នៅ​ក្នុង​ព្រៃ​ភាគ​ខាងលិច​របស់​ប្រទេស​ថៃ នៅ​តាម​ឧទ្យាន​ជាតិ និង​ដែនជម្រកសត្វព្រៃ​នានា​ក្នុង​ខេត្ត Kamphaeng Phet និង ខេត្ត​តាក ៕ អត្ថបទ​៖​អោម ចែត​ច័ន្ទ​ណា​រ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ