យោងតាមប្រភពព័ត៌មាន AFP ចេញផ្សាយកាលពីថ្ងៃចន្ទ ទី៣០ ឧសភា ឆ្នាំ២០១១ បានឱ្យដឹងថា លោក Zhang Jilong នឹងក្លាយទៅជាប្រធានសហព័ន្ធបាល់ទាត់អាសីុបណ្តោះអាសន្នជំនួសតំណែងលោក Mohamed Bin Hammam ដែលត្រូវបាន FIFA ព្យួរការងារក្រោយពីរកឃើញមានបញ្ហាជាប់ពាក់ព័ន្ធទៅនឹងអំពើពុករលួយទិញទឹកចិត្តរកសម្លេងឆ្នោត។
លោក Peter Velappan អគ្គលេខាធិការក្រុមបាល់ទាត់អាស៊ីបាននិយាយប្រាប់ AFP ថា តាមច្បាប់របស់សហព័ន្ធបាល់ទាត់អាស៊ី លោក Zhang Jilong នឹងបានក្លាយទៅជាប្រធានដោយស្វ័យប្រវត្តិ។ លោកបានបន្តទៀតថា ក្នុងករណីអវត្តមានប្រធាន អនុប្រធាននឹងក្លាយទៅជាប្រធានស្តីទី ដូច្នេះលោក Mohamed Bin Hamman គ្មានអ្វីជំទាស់ទៅនឹងការតែងតាំងនោះទេ។
ទាក់ទងនឹងគម្រោងតែងតាំង លោក Zhang Jilong ធ្វើជាប្រធានបណ្តោះអាសន្ននេះ ប្រទេសជប៉ុន និងអូស្ត្រាលីបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ នៅពេលដែលត្រូវបានសួរដោយអ្នកយកព័ត៌មាន AFP ។ ចំណែកឯកូរ៉េខាងត្បូងបានប្រកាន់ជំហរគាំទ្រលោក Mohamed Bin Hammam ដដែល។
អ្នកនាំពាក្យសមាគមបាល់ទាត់កូរ៉េខាងត្បូងបាននិយាយថា ជាការពិតការផ្លាស់ប្តូរនេះមិនគួរធ្វើលឿនពេកទេ ដោយរង់ចាំមើលការសម្រេចរបស់ FIFA ពីវាសនារបស់លោក Mohamed Bin Hammam ជាមុនសិន។ គួររំលឹកដែរថា មុនការបោះឆ្នោតជ្រើសរើសប្រធានFIFA អាណត្តិថ្មីនេះមានរឿងចម្រូងចម្រាស់ច្រើនក្នុងស្ថាប័ន FIFA រហូតទៅដល់ព្យួរការងារ លោក Mohamed Bin Hammam មិនឱ្យចូលរួមបោះឆ្នោតដែលជាហេតុធ្វើឱ្យលោក Sepp Blatter នឹងក្លាយទៅជាបេក្ខជនតែម្នាក់គត់ គ្មានគូប្រជែងសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធាន FIFA អាណត្តិថ្មីដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ មិថុនា ខាងមុខនេះ ៕
ចែករំលែកព័តមាននេះ