ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាមយករបស់ទាំងនេះគ.ប់គ្នាពេលចូល​ឆ្នាំ​​ថ្មី ខណៈ​ខ្មែរ-ថៃលេងជះ​ទឹក

2 ខែ មុន

វៀតណាម ​៖ អាចចាត់ទុកជាប្រពៃណីប្លែកៗពីប្រទេសជិតខាងរបស់កម្ពុជា ដោយយើងដឹងហើយថា រាល់ពេលចូលឆ្នាំថ្មីម្តងៗ យុវជនខ្មែរតែងនិយមលេងជះទឹកបាតម្ស៉ៅ ប៉ុន្តែនៅឯប្រទេសវៀតណាមវិញគេនាំគ្នាលេងបែបនេះទៅវិញ ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម VN…

វៀតណាម ​៖ អាចចាត់ទុកជាប្រពៃណីប្លែកៗពីប្រទេសជិតខាងរបស់កម្ពុជា ដោយយើងដឹងហើយថា រាល់ពេលចូលឆ្នាំថ្មីម្តងៗ យុវជនខ្មែរតែងនិយមលេងជះទឹកបាតម្ស៉ៅ ប៉ុន្តែនៅឯប្រទេសវៀតណាមវិញគេនាំគ្នាលេងបែបនេះទៅវិញ ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម VN Express បានផ្សាយថា ក្រុមយុវជនវៀតណាមប្រមាណ៥០០០នាក់បានប្រមូលផ្តុំគ្នានៅក្នុងទីផ្សារជនបទមួយកន្លែង ឃុំDong Hoa​ng ស្រុកDong Son ខេត្ត THANH HOA ដើម្បីចូលរួមក្នុងកម្មវិធីប្រយុទ្ធគ្នានៅក្នុងផ្សារដើម្បីសំណាងល្អ ហើយកម្មវិធីបែបនេះប្រារព្ធឡើងតែម្តងប៉ុណ្ណោះក្នុងមួយឆ្នាំ។ កម្មវិធីនេះបានចាប់ផ្តើមតាំងពីព្រឹកព្រលឹមថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាថ្ងៃទី៦ នៃបុណ្យ Tet ដែលជាពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃ​ណីវៀតណាម ។

អ្នកចូលរួមភាគច្រើនត្រូវបានគេសង្កេតឃើញថា ជាក្រុមមនុស្សប្រុសស្រីវ័យក្មេង ដោយពួកគេនាំគ្នាទិញផ្លែប៉េងប៉ោះ ផ្លែប៉ោម ផ្លែត្របែក និងស៊ុត ដើម្បីយកទៅគប់គ្នានៅផ្សារ ដោយមានជំនឿថា អ្នកណាដែលត្រូវគេគប់ត្រូវកាន់តែច្រើន គឺនឹងមានសំណាងច្រើនៗក្នុងឆ្នាំថ្មី ។ នៅក្នុងតំបន់ផ្សារដែលមានទទឹងប្រហែល ២០០០ម៉ែត្រការ៉េ គឺពោរពេញទៅដោយហ្វូងមនុស្សមកពីគ្រប់ទិសទី ដោយក្នុងពិធីនោះដែរ មានការតាំងលក់កសិផលក្នុងតំបន់ជាច្រើន ដូចជា បន្លែ ផ្លែឈើ និងមុខម្ហូបបែបប្រពៃណី ហើយក្នុងចំណោមនោះ ប៉េងប៉ោះ គឺលក់ដាច់ជាងគេបំផុត ព្រោះតែត្រូវប្រើជារបស់គប់គ្នាទៅវិញទៅមក។

ក្រៅពីនោះក៏មានល្បែងប្រជាប្រិយ ដូចជា បិទភ្នែកចាប់ទា វាយឆ្នាំងជាដើម។ អ្នកចូលរួមទាំងអស់ទោះជាស្គាល់ ឬ មិនស្គាល់គ្នាក្តី ក៏អាចយកផ្លែប៉េងប៉ោះ ស៊ុតរលួយ ភក់ គប់គ្នាបានដែរ។ ទោះ​បីជាអ្នកខ្លះ ព្យាយាមរត់គេច ហើយត្រូវគេគប់ត្រូវក៏ដោយ ក៏ពួកគេនៅតែមានស្នាមញញឹមយ៉ាងសប្បាយរីករាយ ព្រោះគិតថា ពួគគេកាន់តែមានសំណាង ។

ប៉ុន្តែតាមការសង្កេត ឃើញថា ស្រីៗទក់សាច់ជាងគេ ជាពិសេសក្មេងស្រីស្អាតៗ ដែលជាគោលដៅរបស់ក្រុមយុវជនក្បាលខូចតែម្តង។ ក្មេងស្រីម្នាក់ដែលត្រូវបានគេគប់ប៉េងប៉ោះជាច្រើនគ្រាប់ត្រូវនោះ បាននិយាយនៅក្នុងសភាពប្រឡាក់ទៅដោយផ្លែប៉េងប៉ោះ និងភក់ថា នាងបានឮអំពីកម្មវិធីនេះជាយូរមកហើយ ប៉ុន្តែទើបតែបានមកលេងក្នុងឆ្នាំនេះ។នាងថា គ្រាន់តែនាងនិងមិត្តភក្រ័មកដល់ភ្លាម ក្រុមយុវជនជាច្រើននាក់បានគប់ប៉េងប៉ោះមកពួកនាង ។

យ៉ាងណាក៏ដោយ ទោះជាកម្មវិធីប្រពៃណីនេះប្រារព្ធឡើងបែបសប្បាយអបអរឆ្នាំថ្មីក៏ពិតមែន ប៉ុន្តែកងកម្លាំងប៉ូលិសក្នុងមូលដ្ឋាន ត្រូវបានដាក់ពង្រាយដើម្បីបញ្ចៀសស្ថានការណ៍អាក្រក់កុំឲ្យកើត​មាន។ មិនខុសអីពីនៅកម្ពុជាយើងទេ ពេលរាំសប្បាយ តែរាំជាន់ជើងគ្នា ដឹងតែវៃគ្នាប្រាវមិនខានឡើយ។ ជាក់ស្តែងនៅក្នុងកម្មវិធីឆ្នាំនេះ យុវជនវៀតណាមម្នាក់បានសន្លប់ ត្រូវបានសែងចេញពីផ្សារយកទៅមន្ទីរពេទ្យ ក្រោយពីកើតមានហេតុការណ៍ដេញវាយគ្នាពីក្មេងស្ទាវ ។

សឹងតែរាល់ឆ្នាំ កម្មវិធីនេះតែងតែកើតមានជម្លោះរវាងក្រុមក្មេងស្ទាវប្រុសៗដែលជាជើងកាងប្រចាំភូមិ ហើយពួកគេតែងឆ្លៀតយកឱកាសនេះ សងសឹងទៅកាន់គូជម្លោះ ដោយបង្កឱ្យហិង្សា និងអ្នករងរបួស។ អ្នកទេសចរដែលភាគច្រើនជាពលរដ្ឋមកពីទីក្រុង សម្តែងការភ័យខ្លាចនៅពេលដែលបានឃើញ ក្រុមយុវជនដេញវាយគ្នាដោយដំបង រួមទាំងកាំបិត និងដាវផងដែរ ហើយខ្លះត្រូវបានដេញវាយ និងត្រូវលោតចូលទៅក្នុងទឹកទន្លេដើម្បីរត់គេចខ្លួន៕ អត្ថបទ៖អោម ចែតច័ន្ទណារ៉ា

អត្ថបទសរសេរ ដោយ