លុក ដូណាល់ដណ្តើមបានចំណាត់ថ្នាក់កីឡាករលំដាប់ទី១ពិភពលោកពីមិត្តរួមជាតិអង់គ្លេសរបស់ខ្លួនបន្ទាប់ពីបានយកឈ្នះជើង
ឯកវាយកូនហ្គោលកម្មវិធីBMW PGA Championshipដែលមានទឹកប្រាក់រង្វាន់សរុប៤លាននិង៥សែនដុល្លារអាមេរិកកាលពីថ្ងៃ អាទិត្យទី២៩ឧសភាកន្លងមក ។ ការប្រកួតកម្មវិធីខាងលើត្រូវបានរៀបចំធ្វើនៅទីលានវាយកូនហ្គោលក្រុងវើជីនៀ វ៉តធ័រប្រទេសអង់គ្លេស។
បើទោះបីជាឆ្លងកាត់ការប្រកួតចំនួន៤ជុំកីឡាករអង់គ្លេសទាំង២នាក់នេះធ្វើបានលទ្ធផលសរុប៦អាន់ឌ័រ ២៧៨ដូចៗគ្នាក៏ដោយ ក៏ប៉ុន្តែ
ការនាំមុខនៅឡូបន្ថែមក្នុងវគ្គផ្លេអហ្វបានធ្វើឲ្យកីឡាករដូណាល់ដណ្តើមបានជោគជ័យ។ ជ័យជម្នះពានជើងឯកលើកនេះបានធ្វើដូណាល់ទទួលបានទឹកប្រាក់រង្វាន់៧៥០ពាន់ដុល្លារអាមេរិកខណៈលី វេសវូដទទួលបាន៥០០ពាន់ដុល្លារ។
ដូណាល់បាននិយាយថា៖«ខ្ញុំដឹងពីលក្ខណៈពិសេសនៃការប្រកួតនៅទីនេះ។ ប្រសិនជាខ្ញុំប្រឹងប្រែងបន្ថែមទៀតខ្ញុំនឹងឈ្នះ។
កីឡាករអង់គ្លេសម្នាក់ទៀតឈ្មោះស៊ីម៉ុន ដេសុនឆ្លងកាត់ការប្រកួត៤ជុំធ្វើបានលទ្ធផលសរុប៤អាន់ឌ័រ ២៨០ស្ថិតនៅចំណាត់ថ្នាក់លេខ៣។ ដេសុនទទួលបានទឹកប្រាក់ជាង២៨១ពាន់ដុល្លារ ។
ចំណែកកីឡាករបារាំងរ៉ាហ្វាអែល ហ្សាក់កឺលីន បញ្ចប់ការប្រកួតស្ថិតនៅចំណាត់ថ្នាក់លេខ៤ស្ទួនជាមួយកីឡាករសេន ឡូរី កីឡាករម៉ាខាស ហ្វ្រេស៊័រ។ ទាំង៣នាក់ធ្វើបានលទ្ធផលសរុប២អាន់ឌ័រ ២៨២ស្មើៗគ្នា ។
ក្នុងពេលជាមួយគ្នានេះដែរ កីឡាករថំ វ៉តសុនបានបំបាក់កីឡាកររីយ៉ាន ផាមម័រក្នុងវគ្គផ្លេអហ្វយកឈ្នះជើងឯកកម្មវិធHP Byron Nelson Championshipផងដែរ។ កម្មវិធីនេះត្រូវបានរៀបចំធ្វើនៅទីលានប្រកួតក្រុងអៀវីង រដ្ឋតិចសាស់សហរដ្ឋអាមេរិក។
វ៉តសុនឆ្លងកាត់៤ជុំប្រកួតធ្វើបានលទ្ធផល៣អាន់ឌ័រ២៧៧យកឈ្នះពានជើងឯកជាមួយនឹងទឹកប្រាក់រង្វាន់១លាន១សែននិង៧ម៉ឺនដុល្លារ។ ចំណែកកីឡាករផាមម័រទទួលបានទឹកប្រាក់៧០ម៉ឺននិង២ពាន់ដុល្លារ។
សូមបញ្ជាក់ថា កម្មវិធីនេះមានទឹកប្រាក់រង្វាន់សរុប៦លាននិង៥សែនដុល្លារអាមេរិក ៕
ចែករំលែកព័តមាននេះ