ខេត្តព្រះសីហនុ ៖ យើងប្រាកដជាបានដឹងហើយថា នៅក្នុងខេត្តព្រះសីហនុកំពុងតែមានវិធានការរឹតបណ្ដឹងទៅលើអ្នកបោះចោលសំរាមផ្តេសផ្តាស់នៅតាមទីសាធារណៈ ក្នុងនោះក៏ប្រកាសទៀតថា នឹងចាប់ផាកពិន័យ រួមទាំងថតរូបបុគ្គលនោះបង្ហាញជាសាធារណៈទៀតផង ។ ពាក់ព័ន្ធរឿង៖ ប្រើធម៌ក្តៅហើយ! បើចាប់បានអ្នកចោលសំរាមនៅទីសាធារណៈ ប្រយ័ត្នខ្មាស់គេ

ទោះបីជាយ៉ាងណា យើងសង្កេតឃើញនៅមានបងប្អូនយើងមួយចំនួនមិនគោរពតាមការណែនាំទេ និងប្រព្រឹត្តទង្វើយកសំរាមទៅចោលដដែលៗ ទោះបីចាប់បានជាក់ស្តែងនិងថតរូបជាបន្តបន្ទាប់ក្ដី ។ ទន្ទឹមនេះ ដើម្បីឱ្យបងប្អូនកាន់តែជ្រួតជ្រាបច្បាស់ថែមទៀតនោះ រដ្ឋបាលខេត្តបានប្រកាសបញ្ជាក់ច្បាស់ៗសាជាថ្មីឡើងវិញថា ទោះបោះចោល«ថង់១»ក៏រាប់ចូលថា«ខុសដែរ» ។

យោងតាមផេកប្រជាជនខេត្តព្រះសីហនុបានឱ្យដឹងថា បញ្ជាក់ជូនប្រិយមិត្តទាំងអស់ថា បោះចោល «ថង់១» ក៏រាប់ថាខុសដែរ នឹងត្រូវអនុវត្តការពិន័យអន្តរការណ៍ ឬវិធានការផ្សេងៗដូចជាឱ្យសម្អាតសំរាមនៅទីសាធារណៈជាដើម ។ រួមគ្នា ដើម្បីទីក្រុងស្អាត ទេសចរណ៍ស្អាត ។

គួររំលឹកថា រដ្ឋបាលបានធ្វើការបង្ហាញមុខបុគ្គលទី២ កាលពីថ្ងៃទី១៥ កុម្ភៈ ដែលគាត់ចោលសំរាមផ្ដេសផ្ដាសពាសវាលពាសកាលនៅទីសាធារណៈ ។ ដូច្នេះ ក៏សូមជម្រាបជូនរួចហើយថា លែងអប់រំហើយ គឺចាប់ពិន័យបង្ហោះជាសាធារណៈ បន្ដិចទៀតឱ្យដើររើសសំរាមបន្ថែមទៀត បើមិនរាងចាលនោះទេ ។

សូមបញ្ជាក់ដែរថា ខេត្តព្រះសីហនុតែងតែធ្វើការការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ត្រូវចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមថែរក្សាអនាម័យបរិស្ថាន និងលើកកម្ពស់សោភ័ណភាពទីក្រុង ដើម្បីជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិ។

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ