រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី ៣១ ឧសភា រថយន្ដកូរ៉ូឡា មួយគ្រឿងពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2C-8277 ជិះគ្នា៤នាក់អាយុក្រោម២០ឆ្នាំ សុទ្ធតែស្រវឹងជោកទាំងអស់គ្នា បានបើកបរតាមផ្លូវលេខ២៧១ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។ ខណៈមកដល់ចំណុចទល់មុខផ្សារអូរបែកក្អម ស្រាប់តែរថយន្ដនោះបានរេចង្កូតឡើងលើចិញ្ចើមថ្នល់ទៅបុកបង្គោលស្លាកសញ្ញាពេទ្យធ្មេញបាក់ រួចជ្រុលទៅបុកធុងគុយទាវរុញ និងធុងហាំប៊ឺហ័្គរ មិនតែប៉ុណ្ណោះបានជ្រុលល្បឿងទៅបុករះម៉ូតូ៥គ្រឿង និងរថយន្ដឡិចស៊ីសមួយគ្រឿង ដែលឈប់ចតនៅមុខហាងលក់ទំនិញយីហោមីនីម៉ាតថែមទៀត។ ហេតុការណ៍បុករះនោះបណ្ដាលឱ្យរងរបួសបាក់ភ្លៅម្នាក់ ខូចខាតរថយន្ដមួយគ្រឿង ម៉ូតូ៥គ្រឿង និងសម្ភារមួយចំនួនទៀត ។
អ្នកឃើញហេតុការណ៍នៅកន្លែងកើតហេតុបានឱ្យដឹងថា រថយន្ដកូរ៉ូឡាពណ៌សំបកឪឡឹក ដែលបើកបរដោយពួកយុវជនឈាមរាវបានបើកពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូង។ ពេលមកដល់ចំណុចកើតហេតុស្រាប់តែរថយន្ដនេះបានរេចង្កូតឡើងលើចិញ្ចើមថ្នល់ទៅបុកបង្គោលស្លាកសញ្ញាពេទ្យធ្មេញ យីហោ«ជិន ថៃជី» នៅខាងកើតថ្នល់ រួចជ្រុលទៅបុកធុងគុយទាវរុញ ធុងហាំប៊ឺហ្គ័រ និងម៉ូតូ៥គ្រឿងផ្ទប់នឹងកាំជណ្ដើរហាងលក់ទំនិញីមីនីម៉ាតបណ្តាលឱ្យរងការខូចខាត ក្នុងនោះមានម៉ូតូសេ១២៥ចំនួន៣គ្រឿង ម៉ូតូវីវ៉ា១គ្រឿង និងម៉ូតូវ៉េវអាល់ហ្វា១គ្រឿង។ បន្ទាប់មករថយន្ដនោះបានជ្រុលទៅបុករថយន្ដឡិចស៊ីស RX470មួយគ្រឿង ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2Q-4587 របស់ម្ចាស់ហាងដែលឈប់ចតនៅមុខហាងមីនីម៉ាត បណ្តាលឱ្យក្រពឹតផ្នែកខាងមុខត្រឹមទ្វារ និងបែកកង់មុខ។ គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឱ្យយុវជនម្នាក់ដែលអង្គុយលើម៉ូតូចាំមិត្ដភក្ដិចូលហាងមីនីម៉ាតនោះរបួសបាក់ភ្លៅ ហើយត្រូវរថយន្ដសង្គ្រោះដឹកយកទៅព្យាបាលនៅគ្លីនិកទួលគោក ។
ចំណែករថយន្ដបង្កហេតុបន្ទាប់ពីបុករថយន្ដឡិចស៊ីហើយក៏បានបើកថយក្រោយ ហើយអ្នកនៅកន្លែងកើតហេតុបានចេញឃាត់រថយន្ដនោះដោយយកដងអំបោសវាយកញ្ចក់រថយន្ដខាងក្រោយបែក តែរថយន្ដនៅតែមិនព្រមឈប់ទៀត ដោយអ្នកបើកបរបានព្យាយាមបើករត់ទៅទិសខាងជើងបាត់ស្រមោលទាំងបែកកង់ក្រោយផង ប៉ុន្ដែបានជ្រុះកាងស្លាកលេខ ភ្នំពេញ 2C-8277 នៅនឹងកន្លែងកើតហេតុ។ ប៉ូលិសចរាចរក្រុងបានយកម៉ូតូរងគ្រោះទាំង៥គ្រឿងទៅរក្សាទុកនៅសាលារាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ រីឯរថយន្ដឡិចស៊ីសម្ចាស់សុំរក្សាទុកនៅកន្លែងកើតហេតុ៕
ចែករំលែកព័តមាននេះ