ខណៈសល់ពេលមិនដល់២សប្តាហ៍ទៀតផង ដល់ការបោះឆ្នោតសភា ឧត្តមសេនីយ៍តួកគីម្នាក់ត្រូវជាប់ឃុំឃាំងកាលពីថ្ងៃទី៣០ ឧសភា ក្នុងក្របខណ្ឌនៃការស៊ើបអង្កេតលើការប៉ុនប៉ងធ្វើរដ្ឋប្រហារមួយកាលពីឆ្នាំ២០០៣ ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី RECEP TAYYIP ERDOGAN ។ ឧត្តមសេនីយ៍ប៊ីលហ្គីន បាឡានលី អ្នកទទួលខុសត្រូវនៃសាលាយោធាតួកគីគឺជានាយទាហានជាន់ខ្ពស់បំផុតដែលនៅធ្វើការត្រូវជាប់ឃុំឃាំងក្នុងរឿងនេះ។
តុលាការក្រុងអ៊ីស្តង់ប៊ុលមួយបានចេញបញ្ជាឱ្យឃុំខ្លួនឧត្តមសេនីយ៍រូបនោះបណ្តោះអាសន្នតាមអនុសាសន៍របស់រដ្ឋអាជ្ញា ដែលបានសួរចម្លើយលោករយៈពេល៣ម៉ោងកាលពីថ្ងៃទី៣០ ឧសភា ។ ពួកជនជាប់ចោទភាគច្រើនត្រូវឃុំឃាំងក្នុងពន្ធនាគារមួយក្បែរទីក្រុងអុីស្តង់ប៊ុល។
សរុបទាហានចំនួនប្រមាណជា២០០នាក់ ទទួលការចោទប្រកាន់ថា ចង់បង្កអស្ថិរភាពកាលពី៨ឆ្នាំមុនដល់រដ្ឋាភិបាលរបស់លោក ERDOGAN ។ ប្រតិបត្តិការឈ្មោះ “MASSE” ដែលគ្រោងដាក់គ្រឿងផ្ទុះកម្ទេចព្រះវិហារអ៊ិស្លាមទាំងឡាយ និងបង្កឧប្បត្តិហេតុនានាជាមួយប្រទេសក្រិចជិតខាងបើតាមការចោទប្រកាន់គឺប៉ុនប៉ងរៀបចំសម្រាប់ការធ្វើរដ្ឋប្រហារយោធាមួយ ៕
ចែករំលែកព័តមាននេះ