ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់ និង​របួស​ច្រើន​នាក់​ ក្នុងសោ.កនាដកម្ម​បា.ញ់ប្រហារ​​ពិធី​ហែ​ក្បួន​ជើងឯក Super Bowl

2 ខែ មុន

សហរដ្ឋអាមេរិក ៖ មនុស្ស​ម្នាក់​បាន​ស្លា.ប់ និង ២១​នាក់​ផ្សេង​ទៀត​រង​របួស នៅ​ក្នុង​ការ​បា.ញ់ប្រហារ​ដ៏​

សហរដ្ឋអាមេរិក ៖ មនុស្ស​ម្នាក់​បាន​ស្លាប់ និង ២១​នាក់​ផ្សេង​ទៀត​រង​របួស នៅ​ក្នុង​ការ​បាញ់ប្រហារ​ដ៏​រន្ធត់​មួយ​នៅ​រដ្ឋ​មី​ស​សួ​រី (Missouri) សហរដ្ឋអាមេរិក នៅ​ឯ​ទីតាំង​បញ្ចប់​ក្បួន​ដង្ហែ​អបអរ​ជ័យជម្នះ​ការ​ប្រកួត​បាល់ឱប​ថ្នាក់​ជាតិ​អា​មេ​រិ​ក Super Bowl ឆ្នាំ ២០២៤ របស់​ក្រុម Kansas City Chiefs នៅ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៤ កន្លង​ទៅ (​ពេលវេលា​នៅ​អា​មេ​រិ​ក​)​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែកុម្ភៈ​នេះ​។

ក្រុម​មន្ត្រី​បាន​រាយការណ៍​ថា ពួក​គេ​បាន​សង្គ្រោះ​ជន​រង​គ្រោះ​ចំនួន​៨​នាក់ ដែល​ស្ថិត​ក្នុង​ស្ថានភាព​គម្រាមកំហែង​ដល់​អាយុជីវិត​ភ្លាម​ៗ ក៏​ដូច​ជា​៧​នាក់​ផ្សេង​ទៀត ដែល​បាន​រង​របួស ដែល​បង្ហាញ​ពី​ការ​គំរាមកំហែង​ដល់​អាយុជីវិត​ផង​ដែរ​។ មន្ទីរពេទ្យ​មួយ​នៅ​ក្នុង​តំបន់​បាន​បញ្ជាក់​ថា កុមារ​៩​នាក់​ស្ថិត​ក្នុង​ចំណោម​អ្នក​រង​របួស​។ ស្រប​ពេល​ដែល​ប៉ូលិស​អះអាង​ថា ពួក​គេ​បាន​ចាប់ខ្លួន​ជនសង្ស័យ​៣​នាក់ ពាក់ព័ន្ធ​នឹង​ការ​បាញ់ប្រហារ​នេះ​។

ការ​បាញ់ប្រហារ​បាន​បាញ់​ចេញពី​ស្ថានីយ៍ Union Station ដែល​ជា​ស្ថានីយ៍​រថភ្លើង​នៅ​កណ្តាល​ទីក្រុង Kansas នៅ​ជិត​ទីតាំង​អ្នកគាំទ្រ​រាប់​ពាន់​នាក់ ដែល​បាន​ប្រមូលផ្តុំ​គ្នា​សម្រាប់​ក្បួន​ដង្ហែ​អបអរ​ម្ចាស់​ជ័យ​ជំនះ​ការ​ប្រកួត Super Bowl ឆ្នាំ ២០២៤ ដែល​ក្រុម Kansas City Chiefs បាន​ផ្តួល​ក្រុម San Francisco 49ers ។

ក្បួន​ដង្ហែរ​បាន​បញ្ចប់​នៅ​ខាងក្រៅ​ស្ថានីយ៍ Union Station ប្រហែល​ម៉ោង ១៤:០០​នាទី​រសៀល (​ម៉ោង​ក្នុងស្រុក​) ហើយ​របាយការណ៍​ក្នុងស្រុក​រាយការណ៍​ថា កីឡាករ​របស់​ក្រុម Kansas City Chiefs នៅ​តែ​ស្ថិត​លើ​វេទិកា​អបអរ នៅ​ពេល​ការ​បាញ់ប្រហារ​ចាប់ផ្តើម​។ ការ​បាញ់ប្រហារ​បាន​ធ្វើ​ឱ្យ​ហ្វូង​មនុស្ស​ដែល​ឈរ​មើល រួម​ទាំង​អភិបាលក្រុង និង​សមាជិកគ្រួសារ​គាត់រ​ត់រក​កន្លែង​សុវត្ថិភាព​លាក់ខ្លួន​។ ក្រុម​មន្ត្រី​បាន​បន្ត​ថា មន្ត្រី​ប៉ូលិស​ជាង​៨០០​នាក់​បាន​ស្ថិត​នៅ​កន្លែង​កើតហេតុ​រួច​ហើយ ដើម្បី​ត្រួតពិនិត្យ​ក្បួន​ដង្ហែរ រួម​ទាំង​លើ​វេទិកា ដើម្បី​ធានា​សុវត្ថិភាព​អ្នកចូលរួម​ទាំងអស់​។ នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​របស់​ទីក្រុង​ក៏​មាន​វត្តមាន​ផង​ដែរ ដើម្បី​ផ្តល់​ការ​សង្គ្រោះ ប្រសិនបើ​ចាំបាច់​។

មេ​ប៉ូលិស​ប្រចាំ​ទីក្រុង Kansas លោក Stacey Graves បាន​ថ្លែង​ថា ក្រុម​មន្ត្រី​បាន​ឆ្លើយ​តប​ភ្លាម​ៗ បន្ទាប់​ពី​មានការ​ផ្ទុះអាវុធ ហើយ​ក្រុម​អ្នកស៊ើប​អង្កេត ដែល​ស្ថិត​នៅ​កន្លែង​កើតហេតុ បាន​បើក​ការ​ស៊ើបអង្កេត​ភ្លាម​ៗ​ផង​ដែរ​។ លោក​បាន​បន្ត​ថា មនុស្ស​សរុប​ចំនួន ២២​នាក់​ត្រូវ​រង​គ្រោះ​ដោយ​ការ​បាញ់ប្រហារ​នេះ ដែល​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ហើយ​មនុស្ស​៣​នាក់ ត្រូវ​បាន​ចាប់ខ្លួន​។
មន្ត្រី​ប៉ូលិស​បាន​បន្ថែម​ថា ពួក​គេ​នៅ​តែ​បន្ត​ការ​ស៊ើបអង្កេត​មូលហេតុ ជាមួយនឹង​ការ​ប្រមូល​ភស្តុ​តាង ក៏​ដូច​ជា​បាន​ស្នើ​សុំ​សាក្សី ឬ​បុគ្គល​ដែល​មាន​ព័ត៌មាន​អំពី​ការ​បាញ់ប្រហារ ដើម្បី​ទាក់ទង​មក​កាន់​សមត្ថកិច្ច​៕ (​ប្រភព ៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ