រាជធានីភ្នំពេញ ៖ អ្នកប្រើប្រាស់គ្រឿងញៀនក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០១០ កន្លងមកនេះ មានចំនួនប្រមាណពី៥ពាន់ទៅ៦ពាន់នាក់ ក្នុងនោះមានយុវជនលើសពី៦០ភាគរយ។ តួលេខនេះ ត្រូវបានបង្ហាញឡើងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១០ និងទិសដៅការងារឆ្នាំ២០១១ ដែលបានប្រារព្ធធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា មន្ត្រីអាជ្ញាធរគ្រឿងញៀន និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធជាច្រើននាក់ទៀត ។
ថ្លែងនៅក្នុងពិធីបើកសន្និបាតនេះដែរ លោកកែ គឹមយ៉ាន បានមានប្រសាសន៍ថា យុទ្ធនាការបង្ក្រាបគ្រឿងញៀននាពេលកន្លងមក បានធ្វើឱ្យកាត់ផ្តាច់បណ្តាញចែកចាយ និងទីតាំងផលិតគ្រឿងញៀនជាច្រើនកន្លែង ។ ទាំងនេះគឺជាការខិតខំប្រឹងប្រែងរបស់មន្ត្រីទទួលបន្ទុកការងារជំនាញបច្ចេកទេសបង្ក្រាប ទប់ស្កាត់គ្រឿងញៀន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ។ លោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន បានបន្តថា ជាមួយនឹងការបង្ក្រាបនេះដែរ យើងបានចាប់ខ្លួនមេខ្លោងផលិត និងចែកចាយគ្រឿងញៀនជាច្រើននាក់បញ្ជូនទៅតុលាការដើម្បីផ្តនាទោសតាមច្បាប់ និងបានឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀន បញ្ជូនទៅព្យាបាលបន្សាបគ្រឿងញៀន នៅតាមមជ្ឈមណ្ឌលបន្សាបគ្រឿងញៀនជាច្រើននាក់ផងដែរ ។ លោកបន្ថែមថា កាលពីឆ្នាំ២០១០ យុទ្ធនាការបង្ក្រាបគ្រឿងញៀនមានការកើនឡើង ប៉ុន្តែចំនួនគ្រឿងញៀនដែលត្រូវរឹបអូសមានការថយចុះ ហើយថា អ្នកប្រើប្រាស់គ្រឿងញៀនភាគច្រើនបានប្រើប្រាស់គ្រឿងញៀន ប្រភេទអំហ្វេតាមីន មេតំហ្វេតាមីន និងប្រភេទហេរ៉ូអ៊ីន ។
លោកប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា កែ គឹមយ៉ាន បានបញ្ជាក់ថា កាលពីឆ្នាំ២០១០ កន្លងមក អ្នកប្រើប្រាស់គ្រឿងញៀនមានចំនួនពី៥ពាន់នាក់ទៅ៦ពាន់នាក់ ហើយក្នុងនោះយុវជនមានលើសពី៦០ភាគរយ។ ចំណែកការបង្ក្រាបកាលពីឆ្នាំ២០១០ កន្លងមក មានចំនួន៣៥០ករណី បើធៀបទៅនឹងឆ្នាំង២០០៩ មានការកើនឡើង១៣,២៦ភាគរយ និងឃាត់ខ្លួនមនុស្សចំនួន៦៨៤នាក់ បើប្រៀបធៀបនឹងឆ្នាំ២០០៩ មានការកើនឡើងចំនួន១១,២១ភាគរយ។ គួរបញ្ជាក់ថា សន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១០ និងទិសដៅការងារឆ្នាំ២០១១នេះ នឹងប្រារព្ធពិធីបិទនៅថ្ងៃទី១ មិថុនា ២០១១ ស្អែកនេះ ៕
ចែករំលែកព័តមាននេះ