ខេត្តកំពង់ចាម ៖ ក្រុមអ្នករត់តាក់ស៊ី និងអ្នកធ្វើដំណើរបានរិះគន់ថា មានកុងត្រូលជជុះពី៥ទៅ៨កន្លែងបានដាក់ពង្រាយនៅតាមដងផ្លូវជាតិលេខ៦ បណ្តាក់ដូចខ្យងចាប់ពីស្រុកបារាយណ៍រហូតដល់ស្រុកស្ទោង ហើយប្រសិនបើឃើញរថយន្តសង្ស័យណាមួយនោះគេនឹងបើករថយន្តដេញតាមព្រោះក្រែងមានផ្ទុកបទល្មើសព្រៃឈើ ឬសត្វព្រៃ និងសូម្បីតែរថយន្តដឹកអ្នកដំណើរធម្មតាក៏ត្រូវហៅឲ្យឈប់ដើម្បីឆែកឆេរដែរ ។
តាមអ្នករត់តាក់ស៊ីកំពង់ចាម-សៀមរាប និយាយថា នៅរាល់ពេលដឹកអ្នកដំណើរចេញពីក្រុងកំពង់ចាម ទៅកាន់ខេត្តសៀមរាប សម្រាប់ក្នុងទឹកដីខេត្តកំពង់ធំចាប់តាំងពីស្រុកបារាយណ៍ រហូតដល់ស្រុកស្ទោង មានកុងត្រូលជជុះជាច្រើនកន្លែង ហើយសូម្បីតែរថយន្តដែលមានឯកសារគ្រប់គ្រាន់ទៅហើយក្តីក៏គេហៅឲ្យឈប់ទារលុយយ៉ាងហោច ណាស់១កន្លែងអស់ចំនួន៥.០០០រៀលដែរ ទើបអនុញ្ញាតឲ្យបន្តដំណើរទៅមុខទៀត។ គ្រាន់តែប្រាក់ដែលត្រូវចំណាយលើកុងត្រូលក្នុងខេត្តកំពង់ធំ សរុបទាំងអស់មិនតិចជាងពី៣ទៅ៤ម៉ឺនរៀលទេ ហើយក៏មានកន្លែងខ្លះទាររហូតដល់ទៅ២ម៉ឺនរៀលទៀតផង។ កុងត្រូលជជុះនេះបានកើតមានជាយូរខែមកហើយ ធ្វើឲ្យការចំណាយ សព្វសារពើតាំងពីតម្លៃប្រេងដែលកំពុងតែឡើងថ្លៃផងនោះ រត់ក្នុង១ជើងៗចំណេញតិចណាស់ស្រួលមិនស្រួលត្រូវខាតចូលដើមក៏មាន។
តាមអ្នកបើកបររថយន្តកាមរីស៊េរី២០០៧ ពណ៌ទឹកប្រាក់មួយគ្រឿងឈ្មោះលី ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅរាជធានីភ្នំពេញ ប្រាប់ថា គាត់បានបើករថយន្តចេញពីខេត្តសៀមរាប ឆ្ពោះមកកាន់ខេត្តកំពង់ចាម ខណៈពេលមកដល់ក្នុងទឹកដីស្រុកស្ទោង ត្រូវរថយន្តរបស់ប៉េអឹមបើកតាមរហូតដល់ហួសផ្សារស្ទោង ទើបដេញតាមទាន់ហៅឲ្យឈប់ ព្រមទាំងឆែកមើលក្នុងរថយន្ត តែមិនឃើញមានឈើនោះទេ ហើយពេលនោះមានមន្ត្រីអាវុធហត្ថម្នាក់បានចាប់ដកយកសោរថយន្ត ព្រមទាំងគំរាមរកវាយគាត់ថែមទៀត។ បន្ទាប់មក រថយន្តម៉ាកកាមរីស៊េរីដូចគា្នពណ៌ខ្មៅជារបស់មិត្តភក្តិឈ្មោះធី ក៏ត្រូវកម្លាំងកងរាជអាវុធហត្ថស្រុកនេះតាមឃាត់ដែរ នាំយកមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថស្រុកស្ទោងដើម្បីសួរនាំ ហើយដោយសារតែមិនមានឈើក៏រកលេសថារថយន្តអត់ពន្ធទៅវិញរហូតដល់វេលាម៉ោងជាង៤រសៀល ទើបអនុញ្ញាតឲ្យត្រឡប់មកផ្ទះ។
បុរសឈ្មោះលី បានរំលឹកថា ប្រហែលជាង១០ថ្ងៃមុននេះ ខណៈពេលគាត់បើករថយន្តចេញពីខេត្តសៀមរាប ឆ្ពោះមកខេត្តកំពង់ចាម ក៏ត្រូវកម្លាំងកងរាជអាវុធហត្ថ ស្រុកស្ទោងបើករថយន្តដេញតាមពីក្រោយប្រកៀកប្រកិតដែរ ដើម្បីសុំឆែករកមើលក្រែងដឹកឈើប្រណីត លុះពេលមិនឃើញទើបក្រុមទាំងនោះវិលត្រឡប់ទៅវិញ។ ការដេញបែបនេះស្រួលមិនស្រួលអាចបង្កគ្រោះមហន្តរាយដល់អ្នកដទៃដែលកំពុងធ្វើដំណើរតាមដងផ្លូវជាតិលេខ៦ ជាយថាហេតុទៀតផង ។
អ្នកស្រុកស្ទោងបានប្រាប់ឲ្យដឹងដែរថា ជារឿយៗនៅពេលណាមានរថយន្តចេញមកពីខេត្តសៀមរាប ដែលមើលទៅគួរឲ្យសង្ស័យនោះនឹងត្រូវកម្លាំងកងរាជអាវុធហត្ថស្រុកសោ្ទងបើកដេញតាម ដើម្បីឲ្យដឹងក្រែងរថយន្តនោះមានលួចដឹកបទល្មើសព្រៃឈើ ។ លោកឃុន ប៊ុនហូរ មេបញ្ជាការកងរាជអាវុធហត្ថស្រុកសោ្ទង បានប្រាប់តាមទូរស័ព្ទថា ក្នុងពេលដែលរថយន្តកាមរីខាងលើបើកមកជិតដល់កុងត្រូលកងរាជអាវុធហត្ថស្រុកសោ្ទងនោះ មន្ត្រីក្រោមឱវាទរបស់លោកបានលើកសញ្ញាឲ្យរថយន្តនោះឈប់តែដោយមិនព្រមឈប់ ទើបយករថយន្តស៊ីរ៉ែនបើកដេញតាមរហូតដល់ទៅចម្ងាយជាង៣គីឡូម៉ែត្រ ទើបតាមទាន់ លុះពេលឆែកមើលមិនឃើញមានឈើនោះទេ។ ឯចំពោះការចោទប្រកាន់ដែលថា កូនចៅរបស់លោករកវាយអ្នកបើកបររថយន្តនោះមិនពិតទេ ព្រោះមន្ត្រីសមត្ថកិច្ចកាលណាបើវាយប្រជាពលរដ្ឋពិតជាខុសច្បាប់ទាំងស្រុង ។
អ្នកបើកបររថយន្តនៅក្រុងកំពង់ចាមម្នាក់បានប្រាប់ឲ្យដឹងដែរថា កាលពីរសៀលថ្ងៃទី២៥ ឧសភា ២០១១ គាត់បានធ្វើដំណើរតាមរថយន្ត១គ្រឿងចេញពីក្រុងស្ទឹងសែន មិនដល់១គីឡូម៉ែត្រផងក៏ត្រូវសមត្ថកិច្ចដែលពាក់ឯកសណ្ឋានជាកងរាជអាវុធហត្ថហៅរថយន្តគាត់ឲ្យឈប់អែបនឹងចិញ្ចើមថ្នល់។ ស្របពេលនោះក៏មានរថយន្តម៉ាកឡិចស៊ីស ១គ្រឿង មកឈប់បិទគូទពីខាងក្រោយ ហើយសុំឆែកមើលក្នុងឃ្លប់រថយន្តខាងក្រោយក្រែងមានដាក់បទល្មើសសត្វព្រៃ ឬក៏យ៉ាងណានោះទេ លុះពេលមិនឃើញមានអ្វីក៏បានប្រើពាក្យថា «សុំទោស» ហើយនាំគ្នាត្រឡប់ទៅវិញ ។
លោកឧត្តមសេនីយ៍ត្រី ហុង ថុល មេបញ្ជាការកងរាជអាវុធខេត្តកំពង់ធំបានប្រាប់តាមទូរស័ព្ទថា នៅក្រុងស្ទឹងសែន អាជ្ញាធរខេត្ត បានបង្កើតគណៈកម្មការចំរុះមួយរួមមាន រដ្ឋបាលព្រៃឈើ អាវុធហត្ថ និងនគរបាល ដើម្បីបង្ក្រាបបទល្មើសព្រៃឈើ។ ចំពោះហេតុការណ៍ដែលថា មានមន្រ្តីអាវុធហត្ថបើករថយន្តដេញតាមឆែកឆេររថយន្តរបស់អ្នកដំណើរ នារសៀលថ្ងៃទី២៥ ឧសភា នោះរូបលោកបានបដិសេធថា មិនមានទេ។ ក្រៅពីនេះ មានក្រុមត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍ផ្លូវគោកដែលមានអាវុធហត្ថ នគរបាលចរាចរ និងមន្ត្រីសាធារណការខេត្ត តែងតែដាក់ចល័តម្តងត្រង់នេះម្តងត្រង់នោះ ដើម្បីពង្រឹងច្បាប់ចរាចរណ៍ ឯកុងត្រូលជជុះដែលចេញឆ្មក់តាមដងផ្លូវនោះដូចជាមិនឃើញមានទេ៕
ចែករំលែកព័តមាននេះ