ខេត្តប៉ៃលិន ៖ យាយយ៉ាត ជាឈ្មោះហៅសំដៅទៅលើរូបសំណាកដូនចាស់ម្នាក់ដែលអ្នកប៉ៃលិនគោរពបូជាមិនខុសពីលោកយាយពេញ ឬដូនពេញដែលមានការគោរពបូជានៅរាជធានីភ្នំពេញទេ ។ ឈ្មោះយាយយ៉ាតនេះបានក្លាយទៅជាបារមីថែរក្សាទឹកដីត្បូងពេជ្រឱ្យទទួលបានតែសេចក្តីសុខ និងចម្រុងចម្រើន ។ ដោយសារតែមានការគោរពបូជាពីប្រជាពលរដ្ឋទូទៅ គេសង្កេតឃើញនៅរៀងរាល់ថ្ងៃសីល តែងមានការទៅអុជទៀនធូប និងដាក់តង្វាយផ្សេងៗនៅចំពោះមុខរូបសំណាកយាយយ៉ាត ដែលត្រូវបានតម្កល់នៅលើវត្តភ្នំយ៉ាតជាទីអារាមមួយដ៏ចំណាស់នៅតំបន់នោះ ។ ពិសេសទៅទៀត នៅរៀងរាល់រដូវបុណ្យផ្សេងៗដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បុណ្យភ្ជុំបិណ្ឌ ឬបុណ្យចូលឆ្នាំចិនជាដើមប្រជាពលរដ្ឋភាគច្រើនមិនភ្លេចលោកយាយយ៉ាតឡើយ ។
លោកតាអាចារ្យមាស ពៅ អាយុ៥៧ឆ្នាំ ជាអ្នកមើលការខុសត្រូវនៅវត្តភ្នំយ៉ាត មានប្រសាសន៍ឱ្យដឹងថា ដោយសារតែការគោរពបូជាចំពោះលោកយាយយ៉ាត លោកអីុ ឈាន អភិបាលខេត្ត បានផ្តួចផ្តើមកសាងរូបសំណាកយាយយ៉ាតដ៏ធំមួយធ្វើពីថ្មភក់ ដោយចម្លងចេញពីរូបសំណាកយាយយ៉ាតដែលតម្កល់ក្នុងព្រះវិហារ ។
តាមសម្តីរបស់លោកតាអាចារ្យម្នាក់ទៀតឈ្មោះកែវ សិនហ អាយុ៦០ឆ្នាំ បាននិយាយថា រូបសំណាកលោកយាយយ៉ាត មានតាំងពីសម័យដើមមកម្ល៉េះ គឺសម័យពួកកូឡាជាកុលសម្ព័ន្ធជនជាតិភាគតិចមួយក្រុម ដែលសព្វថ្ងៃពួកនេះមិនរស់នៅក្នុងខេត្តប៉ៃលិនទៀតទេ គឺបាននាំគ្នា ភៀសខ្លួនកាលពីសម័យប៉ុល ពត ទៅនៅឯបាងកក ប្រទេសថៃអស់ហើយ ។
ពីមុនពួកគេបានមករកស៊ីជីកត្បូង ហើយបានយកថ្មកែវពីប្រទេសភូមា មកឆ្លាក់ធ្វើរូបលោកយាយ មានពណ៌សភ្លឺថ្លា ហើយទម្ងន់ប្រហែលជា១០គីឡូក្រាម ដែលសព្វថ្ងៃនេះត្រូវបានព្រះចៅអធិការរក្សាទុកនៅក្នុងព្រះវិហារវត្តភ្នំយ៉ាត ថែមទាំងមិនអនុញ្ញាតឱ្យនរណាម្នាក់ចូលមើល ឬថតរូបនេះឡើយ ។
រហូតមកដល់ថ្ងៃទី២៥ កញ្ញា ឆ្នាំ២០០២ គេក៏បានចម្លងកសាងរូបសំណាកមួយផ្សេងទៀត ចេញពីរូបដើម នៅលើវត្តភ្នំយ៉ាត ដែលមានរូបរាងប្រហាក់ប្រហែលទៅនឹងរូបសំណាកដើមដែរ ដើម្បីតម្កល់ទុកឱ្យប្រជាជននៅក្នុងភូមិនាំគ្នាមកសែនព្រេន និងថ្វាយតង្វាយដល់លោកយាយ សូមឱ្យគាត់ការពារថែរក្សាមិនឱ្យមានសត្រូវណាមកបៀតបៀន ។ ម្យ៉ាងទៀតគេសាងរូបមួយទៀតឡើង ទុកជាកេរដំណែលឈ្មោះរបស់លោកយាយដើម្បីកុំឱ្យបាត់បង់ និងសាបសូន្យចេញពីភ្នំយ៉ាត ។
តាមលោកតាអាចារ្យ បានឱ្យដឹងថា ថ្មភក់ដែលយកមកធ្វើជារូបសំណាកយាយយ៉ាត គឺយកពីភ្នំភូមិក្រាំងដូងឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ហើយឱ្យជាងនៅខេត្តកំពង់ធំឆ្លាក់ជារូបសំណាកយាយយ៉ាតអស់រយៈពេល៨ខែ ១០ថ្ងៃ។ ការកសាងបានចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី១៩ សីហា ២០១០ ហើយបន្ទាប់ពីកសាងរួច ក៏មានការរៀបចំក្រុងពាលីនៅថ្ងៃទី២២ មីនា ២០១១ និងបានដង្ហែចេញមកនៅថ្ងៃទី៤ មេសា ២០១១ ដោយមានការចូលរួមពីលោកអភិបាល អភិបាលរងខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធយ៉ាងច្រើនកុះករ ។ ការដង្ហែរូបសំណាកយាយយ៉ាតពីខេត្តកំពង់ធំនេះបានឆ្លងកាត់ខេត្តសៀមរាប និងបានសម្រាក១យប់ លុះដល់ថ្ងៃ៥ មេសា ឆ្នាំ២០១១ ទើបដង្ហែដល់ទីរួមខេត្ត ហើយនៅថ្ងៃទី៦ មេសា ទើបមានការដង្ហែចេញពីសាលាខេត្តឆ្ពោះទៅវត្តបេង ស្រុកសាលាក្រៅ ។
រូបសំណាកលោកយាយយ៉ាតនេះមានកម្ពស់៣,៨០ម៉ែត្រ បល្ល័ង្កទំហំប្រវែង២,៤០ម៉ែត្រការ៉េ និងមានទម្ងន់សរុប៣២តោន ។
ចំពោះរឿងនិទានពីលោកយាយយ៉ាត តាមការស្រាវជ្រាវដោយមន្ទីរធម្មការ និងសាសនាខេត្តបានឱ្យដឹងថា មានការតំណាលថា កាលនោះមានបុរសនិងស្ត្រីពីរនាក់ប្តីប្រពន្ធឈ្មោះយ៉ាតដូចគ្នា ប្រកបមុខរបរជាអ្នកជីកត្បូងនៅប៉ៃលិន។ លុះដល់ពួកគាត់មានវ័យចាស់ជរាទាំងពីរនាក់ប្តីប្រពន្ធ តាយ៉ាត យាយយ៉ាតក៏នាំគ្នាទៅសង់អាស្រមមួយនៅលើភ្នំដែលសព្វថ្ងៃ គេហៅឈ្មោះថា «ភ្នំយ៉ាត» ដើម្បីសំណាក់ធម៌នៅទីនោះ ។ សម័យនោះ ពួកអ្នកស្រុកប៉ៃលិនខ្លះដែលរកត្បូងបានច្រើនក៏នាំគ្នាយកទៅលក់នៅឯស្រុកថៃ ជាញឹកញាប់ពួកគេបានប្រាក់កាសយ៉ាងច្រើនក្រាស់ក្រែល ហើយក៏នាំគ្នាទិញកាំភ្លើងវែង និងកាំភ្លើងខ្លីសម្រាប់ការពារទ្រព្យសម្បត្តិរបស់ពួកគេរៀងៗខ្លួន តែពេលខ្លះពួកគេអផ្សុកក៏បបួលគ្នាយកកាំភ្លើងចូលទៅក្នុងព្រៃជិតៗភ្នំយ៉ាត ហើយនាំគ្នាបរបាញ់សត្វព្រៃ ។ ស្នូរកាំភ្លើងបានលាន់ឮពាសពេញព្រៃនាំឱ្យមានការភ្ញាក់ផ្អើលដល់ពួកអារក្ស អ្នកតា ដែលនៅក្នុងព្រៃនោះ ។
ថ្ងៃមួយ អ្នកតាដែលមានប្ញទ្ធិបារមីខ្លាំងក្លាជាងគេ បានសម្តែងប្ញទ្ធិនិមិ្មតខ្លួនជាមនុស្សចាស់ម្នាក់ទៅជួបតាយ៉ាតយាយយ៉ាតផ្ទាល់ ហើយនិយាយទៅកាន់អ្នកទាំងពីរថា «សូមឱ្យប្រាប់ដល់ពួកព្រានប្រមាញ់ដែលបរបាញ់ពាសពេញព្រៃឱ្យឈប់បាញ់តទៅទៀត ព្រោះការបាញ់កន្លងមកធ្វើឱ្យពួកអារក្សអ្នកតាភិតភ័យរត់ខ្ចាត់ខ្ចាយវង្វេងកូនចៅអស់ហើយ ។ ប្រសិនបើពួកគេបញ្ឈប់ការបរបាញ់ យើងនឹងជួយពួកគេឱ្យរកត្បូងដ៏មានតម្លៃបានតាមចិត្ត ប្រាថ្នា ដើម្បីឱ្យពួកគេក្លាយជាអ្នកមានទ្រព្យសម្បត្តិស្តុក
ស្តម្ភ ។ ប៉ុន្តែ បើពួកគេក្លាយជាអ្នកមានហើយ ត្រូវកសាងវត្តមួយកន្លែងនៅលើភ្នំនេះ ហើយរៀងរាល់ថ្ងៃសីល ត្រូវនាំគ្នាប្រគំភ្លេង និងមានរបាំក្ងោកជាតង្វាយផង» ។ ការផ្តាំផ្ញើសព្វគ្រប់រួចហើយ អ្នកតានោះក៏បាត់ខ្លួនទៅវិញភ្លាម ។
តាយ៉ាត និងយាយយ៉ាត ក៏នាំគ្នាយកពាក្យបណ្តាំទាំងអស់នេះទៅនិយាយប្រាប់ពួកអ្នកស្រុកនៅប៉ៃលិនឱ្យដឹងឮគ្រប់គ្នា ។ ក្រោយពេលដែលអ្នកស្រុកបានជ្រាបសព្វគ្រប់ហើយ ពួកគេទាំងអស់គ្នាក៏គោរពប្រតិបត្តិតាមពាក្យបណ្តាំរបស់អ្នកតាដែលបានផ្តាំផ្ញើនោះ និងបាននាំគ្នាកសាងវត្តលើភ្នំដោយហៅតៗគ្នាមកថា វត្តភ្នំយ៉ាត ។ តាមជំនឿខាងលើនេះ មកដល់ពេលបច្ចុប្បន្នមានមនុស្សប្រុសស្រីជិតឆ្ងាយក្នុងនិងក្រៅប្រទេស តែងតែចូលទៅកាន់ភ្នំយ៉ាតជាហូរហែរៀងរាល់ថ្ងៃ ដើម្បីបន់ស្រន់សុំសេចក្តីសុខ និងការរកស៊ីមានបានត្រជាក់ត្រជំ ។ ដូច្នេះហើយបានជាមានអ្នកខ្លះគេមកសុំលាបំណន់ដែលគេបានបន់ស្រន់កាលពីមុនមកមិនដែលដាច់ឡើយ ៕
ចែករំលែកព័តមាននេះ