ទីក្រុងហូសស្តុន (Houston)៖ ថ្មីៗនេះ តុលាការសាលាដំបូងនៅរដ្ឋតិចសាស់ ប្រទេសអាមេរិក សម្រេចផ្ដន្ទាទោសបុរសម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល១៨០ថ្ងៃ (៦ខែ) និងព្យួរទោសរយៈពេល១០ឆ្នាំដើម្បីពិនិត្យមើលគំនិតមារយាទ និងអាកប្បកិរិយារបស់ទណ្ឌិតរូបនេះថាតើគាត់កែខ្លួន ឬមិនកែខ្លួននៅក្នុងសំណុំរឿងបង្ខំឱ្យប្រពន្ធរបស់ខ្លួនលេបថ្នាំរំលូតកូន។
បុរសឈ្មោះមេសុន ហឺរីង (Mason Herring) អាយុ៣៩ឆ្នាំមិនមែនជាមនុស្សមិនយល់ច្បាប់ទេ។ គាត់ធ្វើដល់មេធាវីប្រចាំទីក្រុងហូសស្តុន ហើយនៅតែប្រព្រឹត្តបទល្មើសថែមទៀត។ គាត់ឆ្លើយសារភាពថាគាត់ពិតជាបានបង្កការរងគ្រោះចំពោះកុមារ និងបំពានស្ត្រីកំពុងមានគភ៌។ មុនដំបូង រដ្ឋអាជ្ញាចោទធ្ងន់ជាងនេះ, ចោទពីបទឧក្រិដ្ឋបង្ខំឱ្យនារីរងគ្រោះលេបថ្នាំរំលូតកូន។
អ្នកស្រីខាថឺរីន (Catherine) ជាប្រពន្ធដែលបានដាក់ពាក្យសូមលែងលះគ្នា ថ្លែងនៅក្នុងអង្គសវនាការថាការកាត់ទោសឱ្យជាប់គុកប៉ុណ្ណឹងមិនគ្រប់គ្រាន់ទេ។ អ្នកស្រីថ្លែងថាកូនទីបីរបស់អ្នកស្រីកើតមិនគ្រប់ខែទេ កើតមុនកាលកំណត់ដប់អាទិត្យ។ ឥឡូវនេះ កូននោះហាក់ដូចជាមិនសូវមានបញ្ញាឈ្លាសវៃប៉ុន្មានទេ ហើយត្រូវយកទៅជួបគ្រូពេទ្យ៨ដងក្នុងមួយអាទិត្យ។
អ្នកស្រីមិនជឿថាដាក់គុកបុរសនេះរយៈពេល១៨០ថ្ងៃអាចឱ្យអ្នកស្រី និងកូនរកឃើញពន្លឺយុត្តិធម៌បានទេដែលបុរសនេះប៉ុនប៉ងមនុស្សឃាតទៅលើកូននេះរហូតដល់៧ដង។ អ្នកស្រីប្រាប់អាជ្ញាធរថាកាលពីខែមីនា ឆ្នាំ២០២២ ស្វាមីចាប់ផ្ដើមនិយាយប្រៀនប្រដៅអ្នកស្រីថាឧស្សាហ៍ផឹកទឹកឱ្យបានគ្រប់គ្រាន់ប្រយ័ត្នខ្វះជាតិទឹក។ គាត់ក៏ឆ្លៀតហុចទឹកឱ្យអ្នកស្រីផឹក។ គ្រាន់តែផឹកទឹកកែវដំបូងមិនបានប៉ុន្មានផង អ្នកស្រីមានអារម្មណ៍មិនស្រួលខ្លួនទាល់តែសោះ ចេះតែធេងធោងនៅក្នុងខ្លួន។
បុរសនេះពិតជាមានល្បិចច្រើនណាស់បើយោងតាមប្រពន្ធរបស់គាត់និយាយនៅក្នុងតុលាការ។ ជួនកាលគាត់ហុចទឹកដែលលាយថ្នាំរំលូតកូនទៅឱ្យប្រពន្ធផឹក។ ជួនកាលគាត់ហុចទឹកក្រូចកំប៉ុងដាក់ថ្នាំរំលូតកូននៅក្នុងនោះបើកគម្របហើយស្រេច។ ទង្វើអីចឹងៗធ្វើឱ្យអ្នកស្រីសង្ស័យ ហើយមិនផឹកទេ។ ក្រោយមកអ្នកស្រីរើកកាយសំរាមឃើញកញ្ចប់ថ្នាំរំលូតកូន។
អ្នកស្រីក៏ដំឡើងកាមេរ៉ាដើម្បីឃ្លាំមើលសកម្មភាពរបស់គាត់។ នៅក្នុងវីឌីអូឃ្លីបមួយឈុត អ្នកស្រីឃើញស្វាមីកំពុងលាយសារធាតុអ្វីម៉្យាងចូលទៅក្នុងកែវទឹក។ អ្នកស្រីក៏បានប្រគល់វីឌីអូនោះទៅឱ្យសមត្ថកិច្ចដើម្បីទុកធ្វើជាភស្តុតាង។ ក្រោយការកាត់ទោសនេះ មេធាវីរបស់ជនជាប់ចោទយល់ថាការសារភាពទោស និងការផ្ដន្ទាទោសនេះអាចទទួលយកបាន។ មេធាវីសោកស្ដាយមិនគួរមានរឿងនេះកើតឡើងទេ។ ប៉ុន្តែយ៉ាងហោចណាស់ក៏កូនក្ដីរបស់ខ្លួនបានឆ្លើយសារភាពកំហុសគ្រប់យ៉ាង។
បើពិនិត្យមើលប្រវត្តិសាវតារគូស្វាមី-ភរិយានេះ គេដឹងថាអ្នកទាំង២មានបញ្ហារកាំរកូសរកតែលែងលះគ្នាជាយូរមកហើយ ហើយបានរស់នៅបែកគ្នាក៏យូរហើយដែរ។ ពួកគេធ្លាប់រកសេវាប្រឹក្សាយោបល់នៅពេលដឹងថានារីជាភរិយាមានគភ៌ក្នុងផ្ទៃ។ ពេលឮដូច្នេះ បុរសជាស្វាមីស្ដាប់មិនចូលត្រចៀកទេព្រោះគាត់ចង់ដោះដៃចេញទាំងស្រុង។ ពេលនោះគាត់មានទំនាក់ទំនងជាមួយនារីម្នាក់ដែលស្គាល់គ្នានៅកន្លែងធ្វើការ។ គាត់ប្រាប់ប្រពន្ធថាទុកកូនធ្វើអី, ទុកកូននាំឱ្យប៉ះពាល់ផែនការលែងលះគ្នាទៅវិញទេ ហើយធ្វើឱ្យអ្នកដទៃមើលមកគាត់ជាមនុស្សឆ្កួតលេលា (jerk man)។ នេះបើយោងតាមឯកសាររបស់តុលាការ៕
ប្រភព៖ Associated Press និងប្រភពដទៃទៀត
https://apnews.com/article/abortion-texas-guilty-plea-sentence-c5e6a1b71ddf8cfdcf0258fb5b7bff23
https://nypost.com/2024/02/11/news/mason-herring-sentenced-to-180-days-in-jail-for-drugging-wife/#
ចែករំលែកព័តមាននេះ