រាជធានីភ្នំពេញ ៖ អង្គការមូលនិធិ ថែទាំសុខភាពអ្នកជំងឺអេដស៍ននៅកម្ពុជា នឹងរៀបចំទិវាស្រោមអនាម័យអន្តរជាតិ ឆ្នាំ២០២៤ ស្របនឹងទិវានៃក្តីស្រឡាញ់ ដោយរៀបចំធ្វើតេស្តឈាមរកមេរោគអេដស៍ ចែកស្រោមអនាម័យ ដោយឥតគិតថ្លៃ ។
អង្គការមូលនិធិ ថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា នៅឆ្នាំ២០២៤នេះ នឹងរៀបចំធ្វើតេស្តឈាមរកមេរោគអេដស៍ ចែកស្រោមអនាម័យ ដោយឥតគិតថ្លៃ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយនឹងរៀបចំកម្មវិធី រំលឹកទិវាស្រោមអនាម័យអន្តរជាតិ នៅសាកលវិទ្យាល័យបៀលប្រាយ ខេត្តបាត់ដំបង នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង៧និង៣០ព្រឹក ដើម្បីលើកកម្ពស់ពីការប្រើប្រាស់ស្រោមអនាម័យ លើកទឹកចិត្តទូទាំងពិភពលោកឱ្យចាប់ផ្តើម ឬនៅតែបន្ត និងប្រើប្រាសស្រោមអនាម័យជាប់ជាប្រចាំ ។
យោងតាមអង្គការសុខភាពពិភពលោក មនុស្សជាង១លាននាក់ នៅទូទាំងពិភពលោក បានឆ្លងជំងឺកាមរោគជារៀងរាល់ថ្ងៃ ហើយការឆ្លងមេរោគអេដស៍ថ្មីចំនួន ១១៧លាននាក់ ចាប់តាំងពីឆ្នាំ១៩៩០ ដោយសារតែស្រោមអនាម័យ ដែលអាចជួយឲ្យចៀសផុតពីការឆ្លងជំងឺកាមរោគ មេរោគអេដស៍ និងមេរោគផ្សេងៗទៀត និងជួយសង្គ្រោះជិវិត ហើយនេះជាមូលហេតុ ដែលត្រូវរៀបចំ ក្នុងទិវាស្រោមអនាម័យអន្តរជាតិ និងលើសពីនេះ ពិភពលោកត្រូវតែចងចាំថា ៖ ស្រោមអនាម័យមានសុវត្ថិភាព និងសិចស៊ី និងចាំបាច់ក្នុងការបញ្ចប់មេរោគអេដស៍/ជំងឺអេដស៍ ។
ទិវាស្រោមអនាម័យអន្តរជាតិ បានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី១៣ ខែកុម្ភៈ ដែលជាទិវាស្រោមអនាម័យអន្តរជាតិ ផ្តល់ឱ្យមនុស្សជុំវិញពិភពលោក នូវឱកាសទទួលបានស្រោមអនាម័យ ដោយឥតគិតថ្លៃ និងព័ត៌មានសំខាន់ៗអំពីការប្រើប្រាស់ស្រោមអនាម័យត្រឹមត្រូវ និងបញ្ហាសុខភាពផ្លូវភេទផ្សេងទៀត ។
អង្គការមូលនិធិ ថែទាំសុខភាពអ្នកជំងឺអេដស៍ គឺជាអង្គការពិភពលោក ដ៏ធំបំផុត ដែលបាននិងកំពុងផ្តល់សេវាថែទាំព្យាបាលដោយមិនគិតពីលទ្ធភាព នៃការបង់ប្រាក់ ដល់អតិថិជនជាង ១.៩លាននាក់ ក្នុង ៤៦ប្រទេសជុំវិញពិភពលោក មានដូចជានៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន ការាបៀន តំបន់អាស៊ី ប៉ាស៊ីហ្វិក និងអឺរ៉ុប ៕
ចែករំលែកព័តមាននេះ