ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ-កម្មការិនីជាង១០០នាក់ផ្ទុះការតវ៉ា ខណៈថៅកែអត់បើកប្រាក់ឈ្នួលឱ្យ

5 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្មករ កម្មការិនីជាង១០០នាក់ដែលបម្រើការងារនៅក្នុង«ក្រុមហ៊ុនឯករាជ

រាជធានីភ្នំពេញ ៖ កម្មករ កម្មការិនីជាង១០០នាក់ដែលបម្រើការងារនៅក្នុង«ក្រុមហ៊ុនឯករាជកាត់ដេរសម្លៀកបំពាក់ ខេមបូឌា ខូអិលធីឌី» ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃព្រីង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានប្រមូលផ្ថុំគ្នាធ្វើការតវ៉ា នៅវេលាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ខណៈថៅកែអត់ព្រមបើកប្រាក់ឈ្នួលឱ្យ ហើយព្យាយាមលួចដឹកម៉ាស៊ីនសង្វាក់ផលិតកម្មចេញពីរោងចក្រដោយស្ងាត់ៗថែមទៀត។

កម្មករបាននិយាយថា ក្រុមហ៊ុនកាត់ដេរមួយនេះមានថៅកែជាជនជាតិចិន ហើយមានកម្មករ កម្មការិនី បម្រើការងារនៅក្នុងនោះចំនួន១២៤នាក់ ដែលម្នាក់ៗត្រូវទទួលបានប្រាក់ឈ្នួលចន្លោះ​ពី​២០០ដុល្លារ ទៅ៣០០ដុល្លារអាម៉េរិក។ ថៅកែបានកំណត់ថានិងបើកប្រាក់ឈ្នួលឱ្យកម្មករនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ ប៉ុន្តែដល់ថ្ងៃកំណត់ស្រាប់តែប្រាប់ថាអត់មានលុយបើកឱ្យទេ ហើយសូម្បីតែលុយឈ្នួលទីតាំងរោងចក្រក៏អត់បានទូទាត់ឱ្យម្ចាស់ទីតាំងនោះផង។

ប្រភពដដែលបាននិយាយទៀតថា ពេលនោះកម្មករទាំងអស់មិនបានតវ៉ាឡើយគ្រាន់តែស្នើសុំឱ្យលោកថៅកែមេត្តាបើកប្រាក់ឈ្នួលឱ្យប៉ុណ្ណោះ ដើម្បីបានយកទៅទូទាត់ថ្លៃឈ្នួលផ្ទះ ការហូបចុក និងការចំណាយផ្សេងៗទៀត ។ប៉ុន្តែរហូតមកដល់ព្រឹកថ្ងៃទី១១ ខែកុម្ភៈ ថៅកែរូបនោះមិនត្រឹមតែមិនបើកប្រាក់ឈ្នួលឱ្យកម្មករ និងទូទាត់ថ្លៃជួលទីតាំងរោងចក្រប៉ុណ្ណោះទេ ថែមទាំងបានលួចដឹកយកម៉ាស៊ីនសង្វាក់ផលិតកម្មចេញពីទីតាំងរោងចក្របម្រុងគេចខ្លួនដោយស្ងាត់ៗទៀត ។

ប្រភពខាងលើបានប្រាប់ឱ្យដឹងបន្តថា ខណៈនោះត្រូវបានម្ចាស់ទីតាំងហាមឃាត់មិនឱ្យដឹកចេញឡើយ ដោយនិយាយជាមួយថៅកែរូបនោះឱ្យដោះស្រាយគ្នា បើកប្រាក់ឈ្នួលជូនកម្មក និងទូទាត់ថ្លៃឈ្នួលទីតាំងសិន។ បន្ទាប់ពីដឹងថាថៅកែមានគំនិតមិនចង់ទទួលខុសត្រូវបែបនេះ ទើបនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ពួកគាត់នាំគ្នាប្រមូលផ្ដុំធ្វើការតវ៉ានៅមុខរោងចក្រដើម្បីសុំឱ្យថៅកែបើកប្រាក់ឈ្នួលឱ្យ។

ក្រោយកម្មករផ្ទុះការតវ៉ាបែបនេះ អាជ្ញាធរសង្កាត់ចោមចៅទី២ និងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានស្នើឱ្យកម្មកររក្សាភាពស្ងៀមស្ងាត់ និងបានសម្របសម្រួលប្រាប់ឱ្យថៅកែរោងចក្រនេះត្រូវតែបើកប្រាក់ឈ្នួលជូនកម្មករ មិនអាចមិនទទួលខុសត្រូវបែបនេះទេ ។ ប៉ុន្តែទោះជាអាជ្ញាធរបានណែនាំដល់ថៅកែបែបនេះក្ដី នៅពុំទាន់ដឹងថាតើថៅកែរូបនោះអនុវត្តតាមឬអត់នោះទេ ហើយក៏ពុំដឹងថាមានប្រាក់សម្រាប់បើកជូនកម្មករដែរឬអត់ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ