ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុម​លោក​បៃដិន​រិះ​គន់​របាយ​ការ​ណ៍​ថា​ការ​ចងចាំ​របស់​លោក​ចុះ​ខ្សោយ

10 ខែ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​​​មេធាវី​​ឯក​ជន​របស់​លោក​បៃដិន​ លោក​បប់​បូអឺ (Bob Bauer) ថ្លែង​ថា​គាត់​បាន​ធ្វើ​ដំណើរ​ទៅ​ជួប​អ្នក​ប្រឹក្សា​ពិសេស​ និង​អគ្គ​រដ្ឋ​អាជ្ញា​​​ដើម្បី​​កើត​ទុក្ខ​មិន​សុខ​ចិត្ត​នូវ​អ្វី​ដែល​គាត់​យល់​ថា​ជា​ការ​មាក់​ងាយ​ និង​មិន​ចាំ​បាច់​ទាល់​តែ​សោះ​ចំពោះ​គម្រោង​ធ្វើ​តេស្ត​សមត្ថ​​ភាព​ចង​ចាំ​របស់​លោក​បៃ​ដិន​។ លោក​​បូ​អឺ​ថ្លែង​ប្រាប់​ទូរ​ទស្សន៍​ស៊ីប៊ី​អែស (CBS)…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​​​មេធាវី​​ឯក​ជន​របស់​លោក​បៃដិន​ លោក​បប់​បូអឺ (Bob Bauer) ថ្លែង​ថា​គាត់​បាន​ធ្វើ​ដំណើរ​ទៅ​ជួប​អ្នក​ប្រឹក្សា​ពិសេស​ និង​អគ្គ​រដ្ឋ​អាជ្ញា​​​ដើម្បី​​កើត​ទុក្ខ​មិន​សុខ​ចិត្ត​នូវ​អ្វី​ដែល​គាត់​យល់​ថា​ជា​ការ​មាក់​ងាយ​ និង​មិន​ចាំ​បាច់​ទាល់​តែ​សោះ​ចំពោះ​គម្រោង​ធ្វើ​តេស្ត​សមត្ថ​​ភាព​ចង​ចាំ​របស់​លោក​បៃ​ដិន​។ លោក​​បូ​អឺ​ថ្លែង​ប្រាប់​ទូរ​ទស្សន៍​ស៊ីប៊ី​អែស (CBS) ថា​នេះ​​ជា​របាយ​ការណ៍​ដែល​ប្រាស​ចាក​បរិបទ​បច្ចុប្បន្ន​ឆ្ងាយ​ពេក​ហើយ​។ នេះ​ជា​​ការ​បំពេញ​ការ​ងារ​ដ៏​ខ្ជី​ខ្ជា​ឱ្យ​តែ​រួច​ពី​ដៃ​​​។​

លោក​បប់​បូអឺ (Bob Bauer) មេ​ធាវី​លោក​បៃដិន

ក្រុម​ប្រឹក្សា​ពិសេស (special counsel) ​ធ្លាប់​ស៊ើប​អង្កេត​ចង់​ដឹង​ថា​​តើ​លោក​បៃដិន​បាន​យក​ឯក​សារ​សម្ងាត់​របស់​ជាតិ​ទៅ​ផ្ទះ​របស់​លោក​ដែរ​ឬ​ទេ​​កាល​​លោក​​ធ្វើ​ជា​សមាជិក​ព្រឹទ្ធ​សភា និង​​​ក្រោយ​មក​ទៀត​ធ្វើ​ជា​​អនុ​ប្រធានា​ធិបតី​ជំនាន់​លោក​អូបាម៉ា?​​ បន្ទាប់​ពី​សួរ​ចុះ​សួរ​ឡើង​ទៅ ក្រុម​ប្រឹក្សា​​​​​​​យល់​ថា​​ដូច​ជា​គ្មាន​ចំណុច​ណា​ដែល​អាច​ចោទ​ប្រកាន់​លោក​បៃដិន​ទៅ​តុលាការ​បាន​។​ ប៉ុន្តែ​​នៅ​ក្នុង​ដំណើរ​ការ​ស៊ើប​អង្កេត និង​សាក​សួរ​លោក​បៃដិន​នោះ​លេច​ចេញ​បញ្ហា​ផ្សេង​មួយ​ទៀត​។ ពួក​គេ​រក​ឃើញ​ថា​​ការ​ចង​ចាំ​របស់​លោក​បៃដិន​ធ្លាក់​ចុះ​ខ្លាំង​​​។

ពី​ឆ្វេង​មក​ស្ដាំ​៖ លោក​បប់​បូអឺ, លោក​បៃដិន និង​លោក​អូបាម៉ា

សូម្បី​តែ​កូន​ប្រុស​របស់​លោក​ដែល​ស្លាប់​តាំង​ពី​ឆ្នាំ​២០១៥​ក៏​លោក​មិន​អាច​ចង​ចាំ​បាន​ដែរ​​។ ​និយាយ​ដល់​ចំណុច​កូន​របស់​គាត់​ដែល​ស្លាប់​នោះ​ លោក​បៃដិន​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង​។ ​គាត់​​​យល់​ថា​ពួក​គេ​មិន​គួរ​យក​បញ្ហា​នេះ​មក​និយាយ​​ទេ​។ ​​នៅ​ពេល​ពួកគេ​សួរ​សំណួរ​នោះ​ទៅ​​គាត់​ គាត់​​គិត​ក្នុង​ចិត្ត​ថា​តើ​គួរ​ដែរ​អី​សួរ​សំណួរ​អីចឹង​ៗ​?

តាម​ពិត កុំ​ថា​ឡើយ​និយាយ​ទៅ​ដល់​សមត្ថ​ភាព​ចង​ចាំ​របស់​លោក​បៃដិន សូម្បី​តែ​អាយុ​របស់​លោក​ដែល​បច្ចុប្បន្ន​អាយុ​៨១​ឆ្នាំ​ទៅ​ហើយ​ក៏​ជា​ការ​ព្រួយ​បារម្ភ​ផង​ដែរ​​។ ពួក​អ្នក​គាំទ្រ​គណ​បក្ស​ប្រជា​ធិប​តេយ្យ​​ត្រូវ​ជាប់​រវល់​ឆ្លើយ​តប​នឹង​ចម្ងល់​ថា​តើ​លោក​បៃដិន​ដែល​មាន​អាយុ​ចំណាស់​នេះ​ហើយ​លោក​អាច​នៅ​កាន់​តំណែង​ជា​អគ្គ​បញ្ជាការ​កង​ទ័ព​ដែរ​ឬ​ទេ​។​ ជំទាវ​ទី​១​អាមេរិក​ លោក​ស្រី​ជីល​បៃដិន (Jill Biden)​ បាន​សរ​សេរ​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​ក្រុម​អ្នក​គាំទ្រ​ដែល​​តែង​តែ​ផ្ដល់​ថវិកា​សម្រាប់​ចុះ​ឃោសនា​បោះ​ឆ្នោត​ និងដាក់​ជា​សំណួរ​ថា​តើ​ការ​ធ្វើ​អត្ថា​ធិប្បាយ​នោះ​​នៅ​ក្នុង​ចេត​នា​​​នយោបាយ​ឬ​យ៉ាង​ណា​។

​មេធាវី​លោក​បៃដិន ​​(បប់​បូអឺ) បាន​លើក​ឡើង​អំពី​បញ្ហា​នេះ​​​ (​ការ​​ចេញ​របាយ​ការណ៍​ថា​លោក​បៃដិន​ចុះ​ខ្សោយ​ការ​ចង​ចាំ​​) ដែល​គេ​​បញ្ជូន​​ទៅ​ប្រធាន​ក្រុម​ប្រឹក្សា​ពិសេស និង​អគ្គ​រដ្ឋ​អាជ្ញា​។ លោក​​យល់​ថា​ធ្វើ​បែប​នេះ​​ខុស​ពី​ទម្លាប់​របស់​ក្រសួង​យុត្តិ​ធម៌។ តាម​ធម្ម​តា​ បើ​តុលាការ​មិន​ទាន់​ចោទ​ប្រកាន់​នរណា​ម្នាក់​​ គេ​​មិន​ត្រូវ​ធ្វើ​បុរេ​វិនិច្ឆ័យ​ (ឬ​​ធ្វើ​អត្ថា​ធិប្បាយ​លម្អៀង​) ទៅ​លើ​អ្នក​នោះ​ទេ​​​។​

ប៉ុន្តែ​ការ​តវ៉ា​របស់​មេ​ធាវី​លោ​កបៃដិន​គ្មាន​ប្រសិទ្ធ​ភាព​​។​​ យោង​តាម​មេធាវី​រូប​នេះ​, ​ច្បាស់​ណាស់​ថា​អគ្គ​រដ្ឋ​អាជ្ញា​​ចង់​ចេញ​របាយការណ៍​​ថា​​លោក​បៃដិន​ភ្លេច​ភ្លាំង​ច្រើន​​​ដោយ​ទាញ​យក​បទ​សម្ភាស​របស់​ក្រុម​ប្រឹក្សា​ពិសេស​ធ្វើ​ជា​សម្អាង​។ មេ​ធាវី​ចង់​មាន​ន័យ​ថា​អគ្គ​រដ្ឋ​អាជ្ញា​ចង់​ថា​លោក​បៃដិន​ភ្លេច​ភ្លាំង​ច្រើន​ខ្លួន​ឯង​ ប៉ុន្តែយក​​ប្រភព​ផ្សេង​​​ធ្វើ​ជា​ឯក​សារ​យោង​​។​

លោក​បប់​បូអឺ (Bob Bauer) មេ​ធាវី​លោក​បៃដិន

​​ទោះ​ជា​​មេធាវី​យល់​ឃើញ​បែ​បនេះ​ក្ដី ប៉ុន្តែ​​អគ្គ​រដ្ឋ​អាជ្ញា​រង​​ប្រកាស​គាំទ្រ​​របាយ​ការណ៍​នោះ (របាយ​ការណ៍​ថា​លោកបៃដិន​​ភ្លេច​ភ្លាំង​ច្រើន​)។ អគ្គ​រដ្ឋ​អាជ្ញា​រង​រូប​នេះ​យល់​ថា​នៅ​ក្នុង​ដំណើរ​ការ​ស៊ើប​អង្កេត​ព្រហ្ម​ទណ្ឌ​ (ស៊ើប​ចង់​ដឹង​ថា​តើ​​លោក​បៃដិន​មាន​បាន​លួច​ឯក​សារ​សម្ងាត់​យក​ទៅ​ផ្ទះ​របស់​គាត់​ដែរ​ឬ​ទេ?​) គេ​ត្រូវ​​ជជីក​សួរ​ដល់​ឫស​គល់​នៃ​បញ្ហា​។

ដូច្នេះ គេ​មិន​អាច​យោគ​យល់​ឃើញ​គាត់​ចាស់​ហើយ​កុំ​សូវ​សួរ​​គាត់​ច្រើន​ពេក​នោះ​ទេ​។ គេ​ត្រូវ​តែ​សួរ​ឱ្យបាន​​អស់​អាចម៍​អស់​នោម​។ ​និយាយ​ដោយ​សាមញ្ញ ​របាយ​ការណ៍​ស៊ើប​អង្កេត​​ (រឿង​ឯក​សារ​សម្ងាត់​) ​មិន​បាន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​ទេ​។ ប៉ុន្តែ​បែរ​ជា​​ផ្សាយ​​លទ្ធផល​សាក​សួរ​របស់​ក្រុម​ប្រឹក្សា​ពិសេស​ដែល​រក​ឃើញ​ថា​លោក​បៃដិន​ភ្លេច​ភ្លាំង​ច្រើន​ទៅ​វិញ​​។ តាម​ត្រូវ​​, ​របាយ​ការណ៍​នោះ​​គួរ​ណាស់​រក្សា​ទុក​ជា​ឯក​សារ​លាក់​ការណ៍​ផ្ទៃ​ក្នុង​ (confidential) ​របស់​ក្រសួង​យុត្តិ​ធម៌​៕​

ប្រភព៖ Associated Press
https://apnews.com/article/biden-memory-classified-documents-election-9a519ea3f9ec514187d10e758c6535ac

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ