រាជធានីភ្នំពេញ ៖ គណៈមេបញ្ជការឯកភាពខណ្ឌសែនសុខ ដឹកនាំដោយលោកឃួង ស្រេង អភិបាលខណ្ឌ និងលោកម៉ក់ ហុង អធិការប៉ូលិសខណ្ឌ សហការជាមួយក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញបានចុះប្រតិបត្តិ ការបង្ក្រាបផ្ទះជួញដូរគ្រឿងញៀនមួយកន្លែង ស្ថិតនៅខាងក្រោយផ្ទះសំណាក់រុងរឿង ក្នុងភូមិបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅល្ងាចថ្ងៃទី២៩ ឧសភា ឆ្នាំ២០១១ ដោយឃាត់ខ្លួនបានមនុស្សចំនួន៧នាក់ ក្នុងនោះប្រុសចំនួន៤នាក់ រួមទាំងថ្នាំញៀនប្រភេទ ម៉ាទឹកកក១៧កញ្ចប់តូចស្មើ (កន្លះខាំ) ថ្នាំប្រភេទយ៉ាម៉ាចំនួន១៤៨គ្រាប់ ជញ្ជីងថ្លឹងថ្នាំញៀន និងម៉ូតូចំនួន២គ្រឿង ម៉ាកវីវ៉ា និងម៉ាក AX រួមទាំងទឹកប្រាក់រៀល និងដុល្លារសរុបប្រមាណជា២.០០០ដុល្លារ។
តាមព័ត៌មានពីមន្ត្រីសមត្ថកិច្ចឱ្យដឹងថា នៅពេលកម្លាំងឆ្មក់ចូលទៅដល់ផ្ទះខាងលើ ជនសង្ស័យម្នាក់ដែលជាមេជួញដូរ បានលោតពីលើផ្ទះចូលទៅក្នុងបឹងកំប្លោកមុជទឹកបាត់ស្រមោលដូចករណីប៉ូលិសមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃចុះចាប់កន្លងមក ថ្មីនេះដែរ ដែលធ្វេសប្រហែសធ្វើឱ្យជនសង្ស័យលោតចូលទឹកបឹងកំប្លោកទាំងដៃជាប់ខ្នោះ បាត់ដោយសុវត្ថិភាពរហូតមកដល់ពេលនេះ មិនដឹងជននេះត្រូវប៉ូលិសចាប់បាន ឬក៏អត់ នោះទេ ។
ក្នុងប្រតិបត្តិការរបស់គណៈបញ្ជាការឯកភាពខាងលើ បើទោះបីចាប់មិនបានមេជួញដូរគ្រឿងញៀននេះក៏ដោយ ប៉ុន្តែកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួន ស្ត្រីឈ្មោះពេជ្រ ម៉ៅ អាយុប្រមាណ៥០ឆ្នាំ ដែលជាម្ចាស់ផ្ទះ និងត្រូវជាម្តាយក្មេកជនសង្ស័យឈ្មោះផូ មេជួញដូរគ្រឿងញៀន ។ ចំណែកឯស្ត្រីឈ្មោះភោគ ធីតា អាយុប្រមាណ២៥ឆ្នាំ ត្រូវជាប្រពន្ធជនសង្ស័យខាងលើក៏ត្រូវសមត្ថកិច្ចនាំខ្លួនទាំងដៃបីកូនខ្ចីអាយុប្រមាណ៣ខែទៅជាមួយ ។
ចំពោះប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចមិនបានប្រាប់ព័ត៌មានដល់អ្នកកាសែតនោះទេ ហើយការយកព័ត៌មានរបស់អ្នកកាសែតមិនបានលម្អិតជុំវិញសាច់រឿងទាំងស្រុងឡើយ ដោយគ្រាន់តែយកព័ត៌មានយោងតាមប្រភពផ្សេងៗ និងព័ត៌មាននៅពេលយើងចុះទៅប្រមាញ់ផ្ទាល់តែប៉ុណ្ណោះ ។ ទោះជាយ៉ាងណា នៅព្រឹកថ្ងៃទី៣០ ឧសភា នៅអធិការដ្ឋានខណ្ឌសែនសុខ ត្រូវបានហាមប្រាមមិនឱ្យអ្នកកាសែតចេញ-ចូលយកព័ត៌មានដូចរាល់ដងនោះឡើយ ដោយមិនដឹងថា ថ្នាក់លើមានបទបញ្ជាយ៉ាងណាចំពោះមេប៉ូលិសគ្រប់គ្រងខណ្ឌសែនសុខនោះទេ ។
ប្រភពព័ត៌មានទទួលបាននៅពេលចាប់ជនសង្ស័យចំនួន៧នាក់ និងធ្វើកំណត់ហេតុដកហូតសម្ភារផ្សេៗបូករួមវត្ថុតាងគ្រឿងញៀននោះ ប្រធានប៉ុស្តិ៍ប៉ូលិសទឹកថ្លាបានគេចវេះមិនចុះហត្ថលេខាលើកំណត់ហេតុនោះទេ ដោយគេពុំដឹងថា ករណីចាប់គ្រឿងញៀនខាងលើបានប្រទាំងប្រទូស្តគ្នាជាមួយប៉ូលិសដែនដី ផ្ទាល់យ៉ាងណានោះឡើយ ហើយក៏មិនអាចរកការបំភ្លឺពីបញ្ហានេះបានទេ ៕
ចែករំលែកព័តមាននេះ