ខេត្តបាត់ដំបង ៖ ប៉ាណូផ្សព្វផ្សាយព័ត៌មានទេសចរណ៍មួយផ្ទាំងដែលដាក់បង្ហាញភ្ញៀវទេសចរអស់រយៈពេលជាង១ឆ្នាំកន្លងមកហើយ នៅខាងមុខចំណតផែអូរប័រ ក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលជារបស់មន្ទីរទេសចរណ៍ខេត្ត ត្រូវបានជាងគំនូរមកកាត់ផ្តាច់ជើងលើកដឹកយកទៅវិញ កាលពីពាក់កណ្តាលសប្តាហ៍មុន ដោយសារតែខាងមន្ទីរជំពាក់ប្រាក់ថ្លៃធ្វើប៉ាណូនេះចំនួន១០០ដុល្លារ មិនព្រមសងបើទោះបីជាជាងគំនូរតាមទារប្រាក់នេះស្ទើររាប់ភ្លេច ក្នុងរយៈពេលជាង១ឆ្នាំកន្លងមកនេះក្តី ។
លោកកែវ មេត្តា អាយុ៣២ឆ្នាំជាជាងគំនូរយីហោ «ស្លឹកមាស» រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលរូបលោកជាអ្នកផលិតប៉ាណូទេសចរណ៍នោះបានប្រាប់កោះសន្តិភាពកាលពីព្រឹកថ្ងៃទី៣០ ឧសភា ថា រូបលោកពិតជាបានដកយកប៉ាណូនោះមកវិញមែន កាលពីប៉ុន្មានថ្ងៃមុន ដោយសារតែខាងមណ្ឌលព័ត៌មានទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តជំពាក់ប្រាក់ថ្លៃឈ្នួលធ្វើប៉ាណូនោះចំនួន១០០ដុល្លារ មិនព្រមសងដែលប៉ាណូនោះរូបលោកធ្វើរួចយកទៅដាក់តាមគោលដៅរយៈពេលជាង១ឆ្នាំកន្លងមកហើយ ។
ជាងគំនូររូបនេះបានបញ្ជាក់ថា ប៉ាណូនោះធ្វើពីដែកទំហំ២ម៉ែត្រគុណ១,៥ម៉ែត្រ កម្ពស់៣ម៉ែត្រ ហើយបានបញ្ជាក់បន្ថែមថា រូបលោកធ្វើតែផ្ទាំងប៉ាណូ ឯរូបភាពគឺខាងមណ្ឌលព័ត៌មានទេសចរណ៍មានស្រាប់ដោយគ្រាន់តែយកមកបិទជាការស្រេច ។ លោកមេត្តាបានបន្តថា ថ្លៃឈ្នួលធ្វើប៉ាណូនោះចំនួន១៦០ដុល្លារ តែលោកឌឿន សុវណ្ណ ប្រធានមណ្ឌលព័ត៌មានទេសចរណ៍សងបាន៦០ដុល្លារហើយក្រោយពីរូបលោកតាមទារមិនឈប់។ ប៉ុន្តែនៅសល់១០០ដុល្លារទៀតលោកឌឿន សុវណ្ណ គេចពីការតាមទារប្រាក់នោះពី៥០ទៅ៦០លើកមកហើយ។
លោកឌឿន សុវណ្ណ ប្រធានមណ្ឌលព័ត៌មានទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តបានបំភ្លឺជុំវិញបញ្ហានេះថា មូលហេតុដែលរូបលោកមិនព្រមបង់ប្រាក់ឱ្យជាងគំនូរនោះគ្រប់ចំនួនដោយសារតែជាងគំនូរនោះធ្វើប៉ាណូមិនត្រូវតាមស្តង់ដាដែលយើងចង់បាន ។ លោកសុវណ្ណ បានបន្ថែមថា លោកបានស្នើឱ្យជាងនោះដូរឆ្អឹងដែកមួយចំនួននៃប៉ាណូនោះ តែជាងមិនព្រមធ្វើតាមដូច្នេះ ហើយទើបរូបលោកមិន ព្រមបង់ប្រាក់គ្រប់ចំនួន។ លោកឌឿន សុវណ្ណ បានបញ្ជាក់ថា បើជាងគំនូរនោះដកយកប៉ាណូនោះវិញ ក៏យកចុះ ព្រោះរូបលោកបានឱ្យជាងផ្សេងធ្វើជាថ្មី ហើយត្រៀមលើកដាក់កន្លែងដដែលនោះនៅថ្ងៃទី២ មិថុនា ខាងមុខនេះហើយ។
ឆ្លើយតបទៅនឹងការលើកឡើងរបស់លោកឌឿន សុវណ្ណ ជាងគំនូរលោកកែវ មេត្តា បានបញ្ជាក់ថា លោកសុវណ្ណ បានទៅពិនិត្យប៉ាណូនោះរួចរាល់ និងបិទរូបភាពលើបា៉ណូដែលមានរូបសណ្ឋាគារធំៗ និងរូបថតមណ្ឌលព័ត៌មានទេសចរណ៍របស់គាត់ទៀតផង ដូច្នេះមុនពេលរូបលោកយកប៉ាណូនោះទៅលើកនៅតាមគោលដៅ ក៏ព្រោះតែមានការព្រមព្រៀងពីលោកសុវណ្ណ រួចហើយដែរ ។ បើគាត់មិនព្រមសងប្រាក់ថា មិនសងតែម្តងទៅមិនចាំបាច់លើកហេតុផលបែបគ្មានការទទួលខុសត្រូវដូច្នេះទេ ។
លោកតន់ ប៊ុនរឿង ប្រធានមន្ទីរទេសចរណ៍ខេត្តបានថ្លែងជុំវិញបញ្ជានេះដែរថា រូបលោកមិនទាន់បានដឹងពីបញ្ហានេះទេ ។ ប៉ុន្តែនេះគឺជាការទទួលខុសត្រូវរបស់លោកឌឿន សុវណ្ណ ប្រធានមណ្ឌលព័ត៌មានទេសចរណ៍ ។ លោកប្រធានមន្ទីររូបនេះបានបញ្ជាក់ថា បើផ្ទាំងប៉ាណូនោះមានរូបភាពផ្ទះសំណាក់ ឬសណ្ឋាគារណាមួយ គឺ ម្ចាស់សណ្ឋាគារ ឬម្ចាស់ផ្ទះសំណាក់ទាំងនោះគេឧបត្ថម្ភប្រាក់ហើយ ដូច្នេះមិនគួរឱ្យមានរឿងអាស្រូវបែបនេះកើតឡើងនោះទេ ៕
ចែករំលែកព័តមាននេះ