ខេត្តស្ទឹងត្រែង ៖ កាលពីម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី៣០ ឧសភា សមត្ថកិច្ចចម្រុះ មានរដ្ឋបាលព្រៃឈើ នគរបាលសេដ្ឋកិច្ចក្រសួង និងខេត្ត សហការជាមួយកងរាជអាវុធហត្ថបានបណ្តាក់គ្នាព័ទ្ធចាប់រថយន្តកាមរីបាឡែនមួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 2I-1098 ដឹកឈើគ្រញូងមកពីភូមិសាស្ត្រស្រុកសៀមប៉ាង ឆ្ពោះទៅកាន់ខេត្តក្រចេះ ។
លោកវន សុគុន នគរបាលសេដ្ឋកិច្ចក្រសួងបាននិយាយថា ក្រោយពីកម្លាំងរបស់លោករាយការណ៍តាមទូរស័ព្ទមកថា មានរថយន្តកាមរីបាឡែនមួយគ្រឿងដឹកឈើគ្រញូងចេញពីភូមិសាស្ត្រខាងលើ លោកក៏បានចាំស្ទាក់លើស្ពានសេកុងដោយសហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើ និងកងរាជអាវុធហត្ថ។ ក្រោយពីឃើញរថយន្តនោះមកដល់ក៏ហៅឱ្យឈប់ តែអ្នកបើករថយន្តនោះមិនឈប់ទេ បានបត់ក្បាលត្រឡប់ក្រោយ ហើយត្រូវកម្លាំងចម្រុះដេញតាមរហូតដល់ចំណុចចំការឃេ ភូមិខាំផាន់ សង្កាត់សាមគ្គី ទើបរថយន្តបាឡែនដឹកឈើនោះឈប់ ហើយអ្នកបើកបរបានចាក់សោទ្វាររថយន្តរួចរត់គេចខ្លួនបាត់ស្រមោលតែម្តង។ ទោះបីជាបែបណា សមត្ថកិច្ចបានហៅជាងធ្វើសោមកទើបបើកទ្វារបាន ហើយពេលធ្វើការឆែកឆេរក៏ឃើញសុទ្ធតែឈើគ្រញូង។
លោកសេង យូ មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តបានឱ្យដឹងទៀតថា ឈើគ្រញូងនៅក្នុងរថយន្តកាមរីបាឡែននេះមានចំនួន៣១ដុំ ស្មើនឹងជាង៧០០គីឡូក្រាម ត្រូវបានយកមករក្សាទុករួមជាមួយរថយន្តកាមរីបាឡែននៅផ្នែករដ្ឋបាលព្រៃឈើខេត្ត៕
ចែករំលែកព័តមាននេះ