ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​ដំបូង​​ខេត្ត​ប៉ៃ​លិន​​សម្រេច​​ឃុំ​ខ្លួន​​ជន​សង្ស័យ​៧​នាក់​​ពាក់​ព័ន្ធ​គ្រឿង​ញៀន​

14 ឆ្នាំ មុន

ខេត្តប៉ៃលិន ៖ សាលា​ដំបូង​ខេត្ត​ដែល​ទើប​នឹង​​បង្កើត​​ថ្មី​បាន​សម្រេច​​ឃុំ​ខ្លួន​ជន​សង្ស័យ​​ចំនួន​៧​នាក់ ពាក់​ព័ន្ធបទ​ល្មើស​​ចែក​ចាយ​គ្រឿង​ញៀន​ដែល​ជន​ត្រូវ​ចោទ​ទាំង​៧​នាក់នេះ​ត្រូវ​សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ថ​​ខេត្ត​ចាប់​ខ្លួន កាល​ពី​​ថ្ងៃ​ទី​២០, ២១ និង​២៣ ឧសភា ​នៅភូមិ​សាស្ត្រ​ទឹក​ដី​​ខេត្ត​ប៉ៃ​លិន

ខេត្តប៉ៃលិន ៖ សាលា​ដំបូង​ខេត្ត​ដែល​ទើប​នឹង​​បង្កើត​​ថ្មី​បាន​សម្រេច​​ឃុំ​ខ្លួន​ជន​សង្ស័យ​​ចំនួន​៧​នាក់ ពាក់​ព័ន្ធបទ​ល្មើស​​ចែក​ចាយ​គ្រឿង​ញៀន​ដែល​ជន​ត្រូវ​ចោទ​ទាំង​៧​នាក់នេះ​ត្រូវ​សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ថ​​ខេត្ត​ចាប់​ខ្លួន កាល​ពី​​ថ្ងៃ​ទី​២០, ២១ និង​២៣ ឧសភា ​នៅភូមិ​សាស្ត្រ​ទឹក​ដី​​ខេត្ត​ប៉ៃ​លិន ។

​ការ​ចាប់ខ្លួន​ជន​សង្ស័យ​ទាំង​៧​នាក់​ខាង​លើ​នេះ ត្រូវ​បាន​គេ​ដឹង​ថា នៅថ្ងៃ​ទី​២០ ឧសភា ​ឆ្នាំ​២០១១ សមត្ថ​កិច្ច​កង​រាជ​​អាវុធ​ហត្ថ​​ខេត្ត​ប៉ៃ​លិន ដឹក​នាំដោយ​លោក​​ព្រះរាជ​អាជ្ញា​​អម​សាលា​ដំបូង​ខេត្ត​​ បាន​ចុះ​ធ្វើ​ការ​បង្ក្រាប​​ករណី​ចែក​ចាយ​​​គ្រឿង​ញៀន​​១​ករណី​នៅចំណុច​​ភូមិ​អូរ​តា​ពុក​ក្រោម ​​សង្កាត់​ទូល​ល្វា ​ក្រុង​ប៉ៃ​លិន ខេត្ត​ប៉ៃ​លិន ​ដំបូងឃាត់​ខ្លួន​ជ​នសង្ស័យ​៤​នាក់ និង​ដក​ហូត​ថ្នាំ​ញៀន​​ចំនួន​១​គ្រាប់​​កន្លះ ​និង​ឈាន​ទៅ​ឃាត់​ខ្លួន​​ជន​សង្ស័យ​២​នាក់​ទៀត ​។ ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ទៀត​ថា ជន​សង្ស័យ​​៤​​នាក់​ដំបូង ១-ឈ្មោះ​សាន់ សះ ភេទ​ស្រី អាយុ​៤២​ឆ្នាំ ២-ឈ្មោះ​ហាយ រីណា ភេទ​ស្រី អាយុ​១៨​ឆ្នាំ ៣-ឈ្មោះ​​ហាយ ជន ​ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ និង​៤-​ឈ្មោះ​ង៉ូវ អាត ​​ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ។ ​

ក្រោយ​ពី​​ឃាត់​ខ្លួន​ និង​​សាក​សួរ​ជន​សង្ស័យ​ទាំង​៤​នាក់​រួច​មក ពួក​គេ​បាន​សារ​ភាពថា ​ថ្នាំញៀន​​ដែល​យក​មក​ចែក​ចាយ និង​ប្រើ​ប្រាស់​​ផងដែរ​នេះ គឺ​ទិញ​ពី​ឈ្មោះ​អ៊ុល ​​អេវ ភេទ​ស្រី អាយុ​៤១​ឆ្នាំ ​រស់​នៅ​ភូមិ​បរ​ឌិន​នៀវ ​សង្កាត់​ប៉ៃ​លិន ក្រុង​ប៉ៃ​លិន ​ខេត្ត​ប៉ៃ​លិន ។ បន្ទាប់​ពី​ទទួល​បាន​ចម្លើយ​សារ​ភាព​របស់​ជន​សង្ស័យ​ទាំង​៤​នាក់​ហើយ​ ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ប៉ៃ​លិន បាន​ដឹក​នាំ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​​ចុះ​ទៅ​​ឆែក​​ឆេរ​ផ្ទះ​របស់​ឈ្មោះ​អ៊ុល ​អេវ ​នៅ​ថ្ងៃ​ទី២១ ឧសភា ​វេលា​ម៉ោង​៥​ល្ងាច​ ។ ​លទ្ធផល​រក​ឃើញ​ថ្នាំញៀន​​ចំនួន​៧៩៩​គ្រាប់ ​ដែល​ឈ្មោះ​នេះ​បាន​​យក​ទៅ​​កប់​លាក់​ទុក​នៅ​ក្នុង​ដី​ចម្ងាយ​ពី​មុខ​ផ្ទះ​ប្រហែល​​៣០​ម៉ែត្រ ។ ​ពេល​រក​ឃើញ​វត្ថុតាង​ថ្នាំ​ញៀន​​ជាង​៧០០​គ្រាប់​នោះ​ហើយ​​ លោក​​ព្រះរាជ​អាជ្ញា​​​បាន​អនុ​ញ្ញាត​​ឱ្យ​សមត្ថ​កិច្ច​​កង​រាជ​អាវុធ​ហត្ថ​​ឃាត់​ខ្លួន​ឈ្មោះ​អ៊ុល អេវ ​ប្រយោជន៍​​ដើម្បី​ស្រាវជ្រាវ​​រក​ទីតាំង​​ ឬ​ឈ្មួញ​ធំ​ជាង​​គេ​នាំចូល ឬ​ផលិត​គ្រឿងញៀន​​នោះ ។

​លោក​ជុំ ស ប្រធាន​សាលា​ដំបូង​ខេត្ត​ប៉ៃ​លិន បាន​ជួប​តាម​ទូរស័ព្ទ​​​ប្រាប់​ភ្នាក់​ងារ​​កោះ​សន្តិ​ ភាព​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ ឧសភា ​​ថា ​នេះ​ជា​ការ​បង្ក្រាប​​ទទួល​បាន​ជោគ​ជ័យ​​យ៉ាង​ធំ​ធេង​ដំបូង​របស់​​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ ដែល​សាលា​ដំបូង​ខេត្ត​នេះ ​ទើប​នឹង​បង្កើត​​ឡើង​មាន​ប្រព័ន្ធ​តុលា​ការ​​ងាយ​ស្រួល​ចាត់​ការ​លើ​សំណុំ​រឿង​​ទាំង​ឡាយ រាប់​បញ្ចូល​​​បទ​ល្មើស​​​មជ្ឈិម​ និង​ព្រហ្ម​ទណ្ឌ ។

​ក្រោយ​ពី​បង្ក្រាប​​ និង​ឃាត់​ខ្លួន​ជន​សង្ស័យ​​ទាំង​៥​នាក់​ខាង​​លើ​នោះមក ​សមត្ថ​កិច្ច​បាន​បញ្ចុះ​បញ្ចូល​​ឱ្យ​ឈ្មោះ​អ៊ុល ​អេវ ទំនាក់​ទំនង​ទៅ​បណ្តាញ​​ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន​​គេម្នាក់​ទៀត​​នៅរាជធានីភ្នំពេញ ដើម្បីចាប់​ខ្លួន​ មិន​ខុស​ពី​ពាក្យ​​ជីក​ស្មៅ​ត្រូវ​ជីក​ទាំង​ឫស ។ នៅថ្ងៃទី​២៣ ឧសភា​ ឈ្មោះ​អ៊ុល អេវ និង​សមត្ថ​កិច្ច​បាន​អន្ទង​ឈ្មោះ​ភុំ ស្រី​អូន អាយុ​៤២​ឆ្នាំ នៅ​ឯរាជធានី​​ភ្នំពេញ ​ឱ្យ​យក​ថ្នាំញៀ​ន​ទៅ​លក់​ឱ្យ​គេ​នៅចំណុច​ភូមិ​​អូរ​ប្រើស​ សង្កាត់​អូរ​តាវ៉ៅ ក្រុង​ប៉ៃ​លិន ខេត្ត​ប៉ៃ​លិន ​ហើយ​ក៏ត្រូវ​ឃាត់​ខ្លួន​ និង​ដក​ហូត​ថ្នាំញៀន​​​បាន​ចំនួន​៦.១៧៧​គ្រាប់ ។ ​បន្ទាប់​មក​បាន​ធ្វើការ​ស្រាវជ្រាវ​​រក​ឃើញ​បណ្តាញ​ពួក​គេ​ម្នាក់​​ទៀត​ គឺឈ្មោះ​សៀង រី​ ភេទស្រី អាយុ​៤៥​ឆ្នាំ ។ សរុប​​មក ​​ករណី​បង្ក្រាប​​​បទ​ល្មើស​​ជួញ​​ដូរ និង​ចែក​ចាយ​គ្រឿង​​ញៀន​១​ករណី​ខាង​លើ​នេះ សមត្ថ​កិច្ច​កង​រាជអាវុធ​ហត្ថ​ខេត្ត​ប៉ៃ​លិន​​ឃាត់​ខ្លួន​​ជន​សង្ស័យ​​ចំនួន​៧​នាក់ បញ្ជូន​ទៅកាន់​សាលា​ដំបូង​ខេត្ត និង​បាន​ស​ម្រេច​​ធ្វើ​ការ​ឃុំ​ខ្លួន​ដាក់​ពន្ធ​នាគារ​ជា​បណ្តោះ​អាសន្ន ។ លោក​​ជុំ ស បាន​​ឱ្យ​ដឹង​ថា នេះ​ជា​លើក​ដំបូង​ហើយ​ក៏​ជា​ករណី​បង្ក្រាប​​បទ​ល្មើស​ធំ​មួយដែល​​មាន​ការ​​ចូលរួម​​សហ​ការ​ពី​ស្ថាប័ន​​អយ្យ​ការ​នៅ​ខេត្ត​​ប៉ៃលិន ​ដែល​ទើប​មាន​ស្ថាប័ន​​តុលា​ការ​ថ្មី​មួយ៕