ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ប្រទេស​យើង​បាន និង​កំពុង​ក្លាយជា​វិបត្តិ​សង្គម​មួយ​ដែល​គេ​ដឹង​ជា​ទូទៅ​ពី​មូលហេតុ និង​វិធានការ​បង្ការ​ទប់ស្កាត់​ហើយ ។ តែ​បញ្ហា​សំខាន់​មក​ដល់​ពេល​នេះ នៅ​ត្រង់​ថា ផ្នែក​ជំនាញ មិន​ទាន់​ធ្វើ​ឱ្យ​ចំ​គោលដៅ​តែ​ប៉ុណ្ណោះ…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ប្រទេស​យើង​បាន និង​កំពុង​ក្លាយជា​វិបត្តិ​សង្គម​មួយ​ដែល​គេ​ដឹង​ជា​ទូទៅ​ពី​មូលហេតុ និង​វិធានការ​បង្ការ​ទប់ស្កាត់​ហើយ ។ តែ​បញ្ហា​សំខាន់​មក​ដល់​ពេល​នេះ នៅ​ត្រង់​ថា ផ្នែក​ជំនាញ មិន​ទាន់​ធ្វើ​ឱ្យ​ចំ​គោលដៅ​តែ​ប៉ុណ្ណោះ ។ ម្លោះ​ហើយ សោកនាដកម្ម​លើ​ដងផ្លូវ​នៅ​តែ​បន្ត ហើយ​អ្នក​របួស និង​អ្នក​ស្លា​.​ប់​ក៏​នៅ​តែ​បន្ត​កើតឡើង​រៀងរាល់ថ្ងៃ​មិន​ថា នៅ​ភ្នំពេញ ឬ​នៅ​តាម​បណ្តា​ខេត្ត​ណា​ទេ ។

រូបតំណាង

ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ថ្មី​ទៀត បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​ព្រឹក នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២៤ នេះ នៅ​តាម​បណ្តោយ​ផ្លូវ ៦០​ម៉ែត្រ ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ករណី​នេះ បាន​កើតឡើង​រវាង​ម៉ូតូ និង​ឡាន បណ្តាល​ឱ្យ​ស្ត្រី​អ្នក​ជិះ​ម៉ូតូ​ម្នាក់ ជា​សន្តិសុខ​ឯកជន​នៅ​ផ្សារ​អ៊ី​អន​ទី​៣ តាម​ផ្លូវ ៦០​ម៉ែត្រ​នោះ ត្រូវ​ស្លា​.​ប់​ភ្លាម​ៗ នៅ​កន្លែង​កើត​ហេតុតែ​ម្តង ។ ចំណែក​យុវជន​២​នាក់ ដែល​ជិះ​ក្នុង​ឡាន​ឡុ​ច​ស៊ី​ស​បុក​ជាមួយ​ម៉ូតូ ពណ៌​ខ្មៅ​នោះ​ត្រូវ​បាន​ប៉ូលិស ចាប់ខ្លួន​នៅ​កន្លែង​កើតហេតុ ។

គ្រោះថ្នាក់​ចរាចរណ៍​នៅ​ផ្លូវ ៦០​ម៉ែត្រ​នេះ បាន​កើត​ឡើងជា​រឿយ​ៗ​។ គ្រោះថ្នាក់​ម្តង​ៗ​ជន​រង​គ្រោះជា​អ្នក​ជិះ​ម៉ូតូ បើ​មិន​ស្លា​.​ប់​ក៏​របួសធ្ងន់​ដែរ​។ ផ្លូវ​ថ្មី កាត់​ពី​ចំណុច​ចម្រុះ​ជ្រូក​ក្បាលថ្នល់ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ទៅ​កាន់​ទឹកដី​ខេត្តកណ្តាល ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​២​នេះ តាំងពី​ធ្វើ​រួច​បាន​រំដោះ​ការ​កកស្ទះ​ចរាចរណ៍​បាន​ច្រើន នៅ​ផ្លូវជាតិ​លេខ​២ និង​ភូមិសាស្ត្រ​ជិត​ៗ​នោះ ។ ប៉ុន្តែ​នៅ​ផ្លូវ​៦០​ម៉ែត្រ​នេះ ក៏​បាន​កើត​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​ដែរ ។ មូលហេតុ ដោយសារ​តែ​ផ្លូវ​ថ្មី​ធ្វើ​រួច​ធំ​ទូលាយ​រហូត​ដល់​ទំហំ ៦០​ម៉ែត្រ ។ ដូច្នេះ​ទាំង​ម៉ូតូ ទាំង​ឡាន​ភាគច្រើន​បើក​លឿន​ៗ ។ ផ្លូវ​ធំ​តែ​មិន​មាន​ទ្រូងផ្លូវ ពុះ​ចែកផ្លូវ​ជា​គន្លង​ទៅ​ផ្សេង និង​គន្លង​មក​ផ្សឹ​ង​ទេ ហើយ​ភ្លើង​បំភ្លឺ​ពេល​យប់ ក៏​មិន​គ្រប់គ្រាន់​ទៀត​នៅ​លើ​ផ្លូវ​៦០​ម៉ែត្រ ដែល​មានឈ្មោះ​ជា​ផ្លូវការ​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន ។ ដូច្នេះ អាច​ជា​មូលហេតុ​មួយ​នាំ​ដល់​គ្រោះថ្នាក់ ។

រូបតំណាង

ជា​ដំណោះស្រាយ ដើម្បី​កាត់​បន្ថយ និង​បង្ការ​គ្រោះថ្នាក់​ចរាចរណ៍ មិន​ថា នៅ​ផ្លូវ​ណា​ៗ​ទេ ពិសេស​ផ្លូវ​៦០​ម៉ែត្រ​នេះ​សំខាន់​បំផុត​នៅ​លើ​អ្នកបើកបរ​យានយន្ត​ម្នាក់ ។ បើកឡាន​កុំ​លឿន​ៗ​ពេក ហើយ​ត្រូវ​បើកបរ​ក្នុង​ស្មារតី​ប្រុង​ប្រយ័ត្ន​ជាប់​ជា​ប្រចាំ មិន​ថា​ផ្លូវ​តូច ឬ​ផ្លូវ​ធំ​ទូលាយ​ទេ ។ អ្នកបើកបរ​ម៉ូតូ​ក៏​ដូច​គ្នា ។ ចូរ​កុំ​ភ្លេច​ថា បើ​មាន​គ្រោះថ្នាក់​កើតឡើង គឺ​ម៉ូតូ​នេះឯង ជា​អ្នក​រង​គ្រោះ​ធ្ងន់ធ្ងរ ។ ដូច្នេះ​រាល់ពេល​កាន់​ដៃចង្កូត​ម៉ូតូ​ត្រូវ​មើលមុខមើលក្រោយ​មើល​ឆ្វេង​មើល​ស្តាំ បើកបរ​ដោយ​ស្មារតី​ប្រយ័ត្នប្រយែង ជា ពិសេស​ពេល​ចេញពី​ផ្លូវ​តូច​ឡើង​ផ្លូវ​ធំ ។

សំខាន់​បំផុត អ្នកបើកបរ​យានយន្ត​ទាំងអស់​រាប់​ទាំង​អ្នក​ដើរ និង​អ្នក​ជិះ​កង់​ផង ។ សូម​ស្វែង​យល់​ពី​ច្បាប់​ចរាចរណ៍ ស្លាក​សញ្ញា​ចរាចរណ៍ និង​ត្រូវ​តែ​ឆ្លងកាត់​ការ​បណ្តុះបណ្តាល​ផ្នែក​បើកបរ​ដោយ​ត្រូវ​ចូល​រៀន និង​ប្រឡង​យក​បណ្ណ​បើកបរ​ត្រឹមត្រូវ គឺ​ជាប់​ដោយ​សមត្ថភាព​ពិត​ៗ ។

ចំណែក​អាជ្ញាធរ​សមត្ថកិច្ច ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន តាម​រយៈ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន រាជធានី​ខេត្ត ពិសេស​រាជធានី​ភ្នំពេញ​ក៏​ល្មម​ដល់​ពេល​ហើយ​រៀបចំ​ទ្រូងផ្លូវ លើ​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ​នោះ ហើយ​ដាក់​ភ្លើង​បំភ្លឺ​ពេល​យប់​ឱ្យ​បាន​ភ្លឺ ដូច​ផ្លូវជាតិ​លេខ​៦ ផ្លូវជាតិ​លេខ​៥ ផ្លូវជាតិ​លេខ​៣ ជាដើម ។ កាលណា​មាន​ទ្រូងផ្លូវ ចែក​គន្លង​ច្បាស់លាស់ មាន​គំនូស​ច្បាស់លាស់ និង​មាន​ភ្លើង​បំភ្លឺ​ពេល​យប់​ក៏​អាច​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​បាន​មួយ​ផ្នែក​ធំ​ដែរ ។

រូបតំណាង

ការ​រៀបចំ​ផ្លូវ​ទាំងនេះ បើ​ថា រដ្ឋ​មិន​មាន​លុយ​ទេ ក៏​ត្រឹមតែ​រៀបចំ​ផែនការ ហើយ​ឱ្យ​ក្រុមហ៊ុន​ម្ចាស់​បុរី រួម​ទាំង​ផ្សារ​អ៊ី​អន​ទី​៣ នៅ​លើ​ផ្លូវ ៦០​ម៉ែត្រ​នោះ​ចេញ​លុយ​ក៏​អាច​ធ្វើ​បាន​ដែរ ត្រឹម​រៀបចំ​គំនូស​ផ្លូវ​ដាក់​ថ្ម​ចែក​ទ្រូងផ្លូវ​ជា​ពីរ «​អ្នក​ទៅ​ផ្សេង អ្នក​មក​ផ្សេង​» ហើយ​ដាក់​បង្គោល​ភ្លឺ​នៅ​កណ្តាល ដើម្បី​បំភ្លឺ​ពេល​យប់​ដូច​នៅ ផ្លូវជាតិ​សំខាន់​ៗ ដែល​ទើប​កែ​លម្អ មាន​ផ្លូវជាតិ​លេខ​៦ ផ្លូវជាតិ​លេខ​៥ និង​ផ្លូវជាតិ​លេខ​៣ ជាដើម ។

រូបតំណាង

សូម​ចូលរួម​ទាំងអស់​គ្នា ដើម្បី​ការពារ​អាយុជីវិត និង​កុំឱ្យ​សោកនាដកម្ម​របស់​បងប្អូន​ជនរួមជាតិ​យើង​កើតឡើង​ដដែល​ៗ លើ​ដងផ្លូវ​តទៅ​ទៀត​។ នេះ​ជា​ការ​បាត់បង់​បង្ក​ឡើង​ដោយ​កត្តា​មនុស្ស ហើយ​ជា​រឿង​ដែល​អាច​ការពារ និង​ទប់ស្កាត់​បាន​បើសិនជា​យើង​ម្នាក់​ៗ​ចាប់ផ្តើម និង​បន្ត​ធ្វើ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ