បន្ទាប់ពី Facebook (ហ្វេសប៊ុក) ទទួលបានការពេញនិយមកាន់តែច្រើនឡើងនៅទូទាំងពិភពលោក ការចែករំលែកព័ត៌មាន ឬការផ្សព្វផ្សាយកាន់តែឆាប់រហ័ស និងមានភាពងាយស្រួលដែលយើងអាចហៅបានថា យុគសម័យសារគមនាគមន៍វិទ្យា ធ្វើឱ្យមនុស្សបានប្រភពព័ត៌មាន ឬចំណេះដឹងគ្រប់ទីកន្លែងរៀងរាល់ម៉ោង និងរៀងរាល់វិនាទី។ ដោយឡែកនៅប្រទេសកម្ពុជា ក្នុងរយៈពេលចុងក្រោយនេះ ការប្រើប្រាស់ហ្វេសប៊ុកកំពុងមានការនិយមកាន់តែច្រើនឡើងគួរឱ្យកត់សម្គាល់ ក្នុងស្រទាប់សិស្ស-និស្សិត បញ្ញវន្ត មន្ត្រីរាជការ និងបុគ្គលិកបម្រើការងារក្នុងវិស័យឯកជនជាដើម។ ក្នុងចំណោមនោះ មានហ្វេសប៊ុកមួយមានឈ្មោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យមានការចាប់អារម្មណ៍ពីមជ្ឈដ្ឋានជាច្រើន។
ក្រុមអ្នកសារព័ត៌មានយើងបានស្នើសុំជួបជាមួយលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន ដែលជាបុត្រីរបស់សម្តេចតេជោ ដើម្បីចង់ដឹងបន្ថែម ពីការប្រើប្រាស់ហ្វេសប៊ុករបស់សម្តេច។ លោកជំទាវ ហ៊ុន ម៉ាណា បានបញ្ជាក់ថា ហ្វេសប៊ុកមានឈ្មោះសម្តេចតេជោ ហ៊ុន សែន នោះពុំមែនជារបស់សម្តេចនោះទេ ហើយរាល់ការបញ្ចេញមតិយោបល់នៅក្នុងហ្វេសប៊ុកនោះ ពុំមែនជាមតិយោបល់របស់សម្តេចនោះដែរ។ លោកជំទាវបានបន្តថា អ្នកបង្កើតហ្វេសប៊ុកខាងលើ ទោះបីជាគេស្រឡាញ់ចូលចិត្តសម្តេច ឬពុំមានបំណងអាក្រក់បែបណាមួយក៏ដោយ ក៏គេមិនគួរបង្កើតហ្វេសប៊ុកដាក់ឈ្មោះសម្តេច និងដាក់រូបថតរបស់សម្តេចបែបនេះឡើយ ព្រោះសម្តេចជាអ្នកដឹកនាំប្រទេស។ លោកជំទាវ ហ៊ុន ម៉ាណា បានសង្កត់ធ្ងន់ថា ទោះជាពេលនេះពុំទាន់មានផលប៉ះពាល់អ្វីក៏ដោយ ក៏ការធ្វើបែបនេះពុំមែនជារឿងល្អនោះទេ ព្រោះថា អ្នកនោះអាចបញ្ចេញមតិយោបល់ផ្សេងៗតាមគំនិតរបស់ខ្លួនទៅកាន់ប្រិយមិត្តហ្វេសប៊ុកដ៏ទៃទៀត ដែលបានអែតហ្វ្រេនចូលមក ហើយអាចធ្វើឱ្យមានការយល់ច្រឡំ។
សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃមុននេះ លោកជំទាវ ហ៊ុន ម៉ាណា បានបដិសេធរួចហើយនូវហ្វេសប៊ុក ដែលមានឈ្មោះ និងរូបថតរបស់លោកជំទាវ និងក្រុមគ្រួសាររបស់លោកជំទាវ ដោយក្នុងនោះលោកជំទាវបានបញ្ជាក់យ៉ាងច្បាស់ថា លោកជំទាវពុំមានហ្វេសប៊ុកនោះទេ ហើយទៅមុខទៀត ក៏ពុំមានដែរ។ តែលោកជំទាវសូមថ្លែងអំណរគុណចំពោះប្រិយមិត្តហ្វេសប៊ុកជាច្រើននាក់ ដែលបានអែតហ្វ្រេនជាមួយនឹងលោកជំទាវ និងបានបញ្ចេញយោបល់អំពីកិច្ចការសកម្មភាពសង្គម និងការងារមនុស្សធម៌ផ្សេងៗ៘ លោកជំទាវសូមទទួលយកនូវការផ្តល់មតិយោបល់ផ្សេងៗ និងការសុំរាប់អាននេះដោយសុទ្ធចិត្ត និងដោយរីករាយ ។ ក៏ប៉ុន្តែសូមបញ្ជាក់ជូនប្រិយមិត្តទាំងអស់វិញថា ហ្វេសប៊ុកដែលមានឈ្មោះលោកជំទាវនោះ គឺមិនមែនជារបស់លោកជំទាវទេ ហើយលោកជំទាវក៏គ្មានហ្វេសប៊ុកផ្ទាល់ខ្លួនដែរ៕
ចែករំលែកព័តមាននេះ