ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីករណ្តៅដីមាត់ព្រែកព្រំដែន ធ្វើផែ​ បាក់ដី​ចូល​ព្រែក​ខូចច្រាំង នៅតំបន់ស ស្រុកស្វាយជ្រំ

8 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង៖ មានក្រុមហ៊ុនមួយ យកអេស្កាវទ័រ ជីករណ្តៅដី នៅជាប់មាត់ព្រែក នៅព្រំដែន ក្នុងតំបន់​ស ដើម្បីយកអាចម៌ដី ចាក់ធ្វើផ្លូវ និងធ្វើផែ…

ខេត្តស្វាយរៀង៖ មានក្រុមហ៊ុនមួយ យកអេស្កាវទ័រ ជីករណ្តៅដី នៅជាប់មាត់ព្រែក នៅព្រំដែន ក្នុងតំបន់​ស ដើម្បីយកអាចម៌ដី ចាក់ធ្វើផ្លូវ និងធ្វើផែ ផ្ទេរទំនិញ និងផ្លាស់ប្តូរទំនិញ ទៅប្រទេស​វៀតណាម ជាហេតុធ្វើឲ្យមហាជន ក៏សមត្ថកិច្ចការពារព្រំដែន មានការព្រួយបារម្ភ ខ្លាចបាក់ដី មាត់រណ្តៅ ចូលទៅក្នុងព្រែក ដែលជាព្រំនៃខណ្ឌសីមាព្រំដែន។  

ករណី​នេះ បាន​កើត​ឡើង នៅព្រឹកថ្ងៃទី៦កុម្ភៈ ឆ្នាំ២០២៤ នេះ នៅចំណុចខាងលិច​បង្គោល​ព្រំសីមា លេខ២២៩ /១២ (១) មាត់ព្រែក ខាងត្បូងផ្លូវខ្សែក្រវ៉ាត់ព្រំដែននៃច្រកទ្វារព្រំដែន​ក្រសាំងជ្រំ ស្ថិតនៅភូមិក្រសាំងជ្រំ ឃុំក្រួស ស្រុកស្វាយជ្រំ។

សមត្ថកិច្ចការពារព្រំដែនក្រសាំងជ្រំ បាន​ឲ្យ​ដឹង​ថា ករណីក្រុមហ៊ុន យកគ្រឿងចក្រ អេស្កា​ទ័រ ជីក​រណ្តៅដី យកអាចម៍ដី ធ្វើផែ ផ្លាស់ប្តូរទំនិញនេះ កើតឡើងចាប់តាំងពីថ្ងៃសុក្រ ទី២កុម្ភៈ ២០២៤ រហូតមកដល់ថ្ងៃទី៦កម្ភៈ ២០២៤នេះ។ ពេលសមត្ថកិច្ច សួរនាំ ម្ចាស់គ្រឿងចក្រ ប្រាប់ថា​ ធ្វើតាម​មេបញ្ជា។ ពេលសួរថា មេជាអ្នកណា? គេប្រាប់ថា ម្ចាស់ក្រុមហ៊ុន ជាប្រធានសភាពាណិជ្ជកម្ម​ខេត្តស្វាយរៀង ឈ្មោះ សុខ រ៉ាដូ។

ទាក់ទិនករណីនេះ​ដែរ លោក សុខ រ៉ាដូ ប្រធាន​សភា​ពាណិជ្ជ​កម្ម​ខេត្ត​ស្វាយ​រៀង បាន​ប្រាប់​អ្នកសារព័ត៌មាន​​យើងថា គឺធ្វើផែ ហើយបើចង់​បានព័ត៌មានលំអិត សូមសួរទៅ​​លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង​​វិញ។

មហាជន បានលើកឡើងថា ជាធម្មតា សមត្ថកិច្ច នៃគណៈកម្មាធិការជាតិ​កិច្ចការព្រំដែន លោកយកចិត្តទុកដាក់ខ្លាំងណាស់ បញ្ហាព្រំដែន។ សូម្បី​ការឈូស​ឆាយ​ត្រាស​ហ្សេ សាងសង់ផ្លូវខ្សែក្រវ៉ាត់ព្រំដែន ក៏មានការសិក្សាប្រុងប្រយ័ត្ន មិនហ៊ានធ្វើឲ្យខូចទ្រង់ទ្រាយដី តាមមាត់ព្រែក ឬក្បែរមាត់ព្រែកដែរ។

ក្រុមការងារអគ្គនាយកដ្ឋានកងវិស្វកម្ម ជីកប្រឡាយខាងក្នុង ដើម្បីយកអាចម៍ដីមកធ្វើផ្លូវ។ ចំណែកដីនៅចំណុចសូន្យ មិនធ្វើអ្វី​ឲ្យខូចទ្រង់ទ្រាយដើមដែរ។ ទើបតែក្រុមហ៊ុនមួយនេះ ហ៊ាន យកគ្រឿងចក្រ ជីករណ្តៅដី យកអាចម៍ដីទៅធ្វើផែរ ផ្ទេរទំនិញ បង្កឲ្យមានផលប៉ះពាល់ព្រំដែន និងអាចបាក់ភ្លឺរណ្តៅដី ចូលទៅក្នុងព្រែកក្រវ៉ាត់ព្រំដែន ដែល​ជាព្រែកប្រវត្តិសាស្រ្ត។

ប្រភព​បន្តថា ការជីករណ្តៅដី យកអាចម៍​ដីនេះ គឺមានទំ​ហំប្រមាណជាង ១០ម៉ែត្រ ទទឹងប្រមាណ ៨ម៉ែត្រ ជម្រៅប្រមាណជាង ៣ម៉ែត្រ ដោយទុកច្រាំងមាត់រណ្តៅ ប្រមាន ៣ម៉ែត្រ ពីព្រែកព្រំដែន។

ទាក់​ទិន​ករណីនេះដែរ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង ​បានមានប្រសាសន៍​តាមទូរស័ព្ទ នារសៀលថ្ងៃទី៦កុម្ភៈ ប្រាប់អ្នកសារព័ត៌មានយើងថា លោកមិនបានដឹងរឿងនេះទេ ក៏ប៉ុន្តែកន្លងមក ក្រុមហ៊ុន នាំស្រូវចេញទៅប្រទេសវៀតណាម បានដាក់សំណើរសុំ មកឯកឧត្តម​អភិបាលខេត្ត សាងសង់ផែ​ នៅជិតច្រកទ្វារ​ព្រំដែនក្រសាំងជ្រំ។

បើ​មាន​​ការ​ជីក​​រណ្តៅ​ដី ជាប់​មាត់ព្រែកព្រំដែនមែន​ លោកអភិបាលរងខេត្តស្វាយរៀង ប្រាប់ថា ចាំលោកឱ្យ​អភិបាលស្រុកស្វាយជ្រំ ចុះទៅពិនិត្យមើល​​៕ វ៉ាន់ ប៊ុនធឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ