រាជធានីភ្នំពេញ ៖ ក្រុមប្រឹក្សាខណ្ឌដូនពេញបានបើកកិច្ចប្រជុំសាមញ្ញលើកទី២៤ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី៣០ ឧសភា ២០១១ ដោយមានវត្តមានលោកហែម អាន ប្រធានក្រុមប្រឹក្សា និងលោកឯក ឃុនឌឿន អភិបាលរងខណ្ឌដូនពេញ អភិបាលរង អធិការរង មេបញ្ជាការរង ប៉េអឹមខណ្ឌ សមាជិកក្រុមប្រឹក្សាខណ្ឌ និងចៅសង្កាត់ទាំង១១ ព្រមទាំងការិយាល័យចំណុះសាលាខណ្ឌដូនពេញចូលរួម ។
លោកហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញបានមានប្រសាសន៍ក្នុងកិច្ចប្រជុំនោះថា កិច្ចប្រជុំក្រុមប្រឹក្សាសាមញ្ញលើកទី២៤ អាណត្តិទី១នេះ គឺ១-ដើម្បីពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៣ (ថ្ងៃទី២៩ មេសា ២០១១) ២-ពិនិត្យអនុម័តកំណត់ហេតុ កិច្ចប្រជុំវិសាមញ្ញលើកទី១ ទី២ និងទី៣ ស្តាប់របាយការណ៍លទ្ធផលអនុវត្តផែនការការងាររយៈពេលមួយខែ (ខែឧសភា) ឆ្នាំ២០១១ របស់រដ្ឋបាលខណ្ឌដូនពេញ ។ សមាជិក សមាជិកា ក្រុមប្រឹក្សាបានអនុម័តលើកដៃក្រោយពីពិនិត្យលើកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៣ និងកំណត់ហេតុកិច្ចប្រជុំវិសាមញ្ញលើកទី១ ទី២ ដោយសម្លេង១៣ លើ១៣។
លោកឈឹម ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ បានឡើងអានលទ្ធផលអនុវត្តការងារសកម្មភាពរយៈពេលមួយខែ (ឧសភា) ឆ្នាំ២០១១ របស់រដ្ឋបាលខណ្ឌដូនពេញ ក្នុងនោះមានការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បង្កើតផែនការអនុវត្តភូមិ-ឃុំមានសុវត្ថិភាព ដឹកនាំកម្លាំងចុះធ្វើការអប់រំផ្សព្វផ្សាយ និងត្រួតពិនិត្យអាវុធជាតិផ្ទុះ និងធ្វើរដ្ឋបាលពេលយប់ ព្រមទាំងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកស្រាវជ្រាវ និងឃាត់ខ្លួនមុខសញ្ញាសេសសល់ក្នុងករណីមុខសញ្ញាមានដីកាស្វែងរកចាប់ខ្លួន បង្ក្រាបបទល្មើសព្រហ្មទណ្ឌបានចំនួន៧ករណីឃាត់ខ្លួនមនុស្ស១២នាក់ ក្នុងនោះស្រី១នាក់ ៕
ចែករំលែកព័តមាននេះ