ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ចុង​ខែមករា ឆ្នាំ​២០២៤​នេះ ប្រមុខ​រាជរដ្ឋាភិបាល បាន​ចេញ​សេចក្តីសម្រេច តែងតាំង​ក្រុម​គ្រូពេទ្យ​ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល…

រាជធានី​ភ្នំពេញ ៖ កាលពី​ចុង​ខែមករា ឆ្នាំ​២០២៤​នេះ ប្រមុខ​រាជរដ្ឋាភិបាល បាន​ចេញ​សេចក្តីសម្រេច តែងតាំង​ក្រុម​គ្រូពេទ្យ​ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ដែល​ជា​អតីត​ប្រធាន​មន្ទីរពេទ្យ​កាល់​ម៉ែត្រ សម្រាប់​ថែទាំ​ព្រះរាជ​សុខភាព ថ្វាយ​ព្រះករុណា ព្រះមហាក្សត្រ និង​សម្តេចម៉ែ​។

ថ្មី​ៗ​នេះ​ទៀត សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ក៏​ត្រូវ​បាន​បញ្ជូន​ចូល​ពិនិត្យ​ព្យាបាល​ជំងឺ​នៅ​ក្នុង​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ដែល​ទើបតែ​មាន​អគារ​ថ្មី រួម​ទាំង​បរិក្ខារ​ពេទ្យ​ទំនើប​ៗ​ផង​ដែរ ។

ការ​បង្កើត​ក្រុម​គ្រូពេទ្យ​ចំណាន​ៗ ដែល​សុទ្ធតែ​ជា​គ្រូពេទ្យ​ខ្មែរ​យើង​ទទួល​ការ​បណ្តុះបណ្តាល​ទាំង​ក្នុងស្រុក និង​ទាំង​នៅ​បរទេស​មាន​ជំនាញ​ច្បាស់លាស់ សម្រាប់​ថែទាំ​ព្រះរាជ​សុខភាព​ថ្វាយ​ព្រះមហាក្សត្រ និង​សម្តេចម៉ែ នា​ពេល​នេះ ត្រូវ​បាន​គេ​មើលឃើញ​ផ្សេង​ៗ​គ្នា ។ អ្នកខ្លះ​ថា នៅ​ពេល​មាន​ក្រុម​គ្រូពេទ្យ​ប្រចាំ​ព្រះរាជវាំង​ដូច្នេះ​អាច​ថា ទៅ​ថ្ងៃ​មុខ​ព្រះករុណា​ព្រះមហាក្សត្រ និង​សម្តេចម៉ែ នឹង​លែង​យាង​ចេញ​ទៅ​កាន់​ប្រទេស​ចិន ដើម្បី​ឱ្យ​ក្រុម​គ្រូពេទ្យ​ចិន​ពិនិត្យ​ព្រះរាជ​សុខភាព​របស់​ព្រះ​អង្គ​ទាំង​ទ្វេ​រៀង​រាល់​៦​ខែ​ម្តង ដូច​ពេល​កន្លង​មក​ទៀត​ហើយ ។

ប៉ុន្តែ​ក៏​មានការ​លើក​ឡើង​ដែរ​ថា ក្នុង​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ​បាន​បង្កើន​ការ​យកចិត្តទុកដាក់​គិតគូរ​ពី​ព្រះរាជ​សុខភាព​របស់​ព្រះមហាក្សត្រ និង​សម្តេចម៉ែ ហើយ​ក៏​ចង់​បង្ហាញ​ពី​សមត្ថភាព​របស់​ក្រុម​គ្រូពេទ្យ​ខ្មែរ​យើង​សព្វថ្ងៃ គឺ​មាន​ជំនាញ និង​សមត្ថភាព​មិន​ចាញ់​គ្រូពេទ្យ​បរទេស​ក្នុង​ការ​ពិនិត្យ និង​ព្យាបាល​នោះ​ទេ ។

ទន្ទឹម​នឹង​នេះ កាលពី​ស​ប្តា​ហ៍​មុន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​នេះ​រហូត​ដល់​សម្តេច​មាន​សុខភាព​ប្រសើរ​ឡើង ដូច​អ្វី​ដែល​សម្តេច តេ​ជោ ហ៊ុន សែន បាន​ប្រកាស​តាម​បណ្តាញ​សង្គម​របស់​សម្តេច​ជូន​ជនរួមជាតិ​ជ្រាប ។

ជា​ការ​ពិត ក្រុម​គ្រូពេទ្យ​ខ្មែរ ឆ្លងកាត់​ការ​បណ្តុះបណ្តាល និង​មាន​ជំនាញ​ពិនិត្យ​ព្យាបាល​មិន​ចាញ់​ពេទ្យ​បរទេស​នោះ​ទេ ។ ពលរដ្ឋ​ខ្មែរ​យើង​មិន​តិច​លាន​នាក់​ទេ ដែល​ទទួល​ការ​ពិនិត្យ​ព្យាបាល​ក្នុងស្រុក ។ ជាង​នេះ​ទៅ​ទៀត ព្រឹត្តិការណ៍​ថ្មី​ៗ​នេះ​អំឡុង​ពេល​កូ​វី​ដ​១៩ ឆ្លង​រាតត្បាត​ចាប់ពី​ឆ្នាំ​២០២០ រហូត​ដល់​អំឡុង​ឆ្នាំ​២០២១ ជា​ឧទាហរណ៍​ជាក់ស្តែង​ដែល​បង្ហាញ​ពី​សមត្ថភាព​របស់​ក្រុម​គ្រូពេទ្យ​ខ្មែរ​យើង ។ ទាំង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល និង​ទាំង​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩ គឺ​កងទ័ព​អាវ​ស​នេះ​ហើយ​ជា​ក្រុម​ជួរ​មុខ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​ផ្លូវដង្ហើម​ដ៏​កំណាច ។ នេះ​និយាយ​ពី​ស្ថានភាព​លើ​សមរភូមិ ។

ចំណែក​នៅ​ក្នុង​មន្ទីរពេទ្យ​វិញ កាលពី​អំឡុង​ពេល​បិទ​ខ្ទប់​កូ​វី​ដ​នោះ ពលរដ្ឋ​ខ្មែរ​យើង​ស្ទើរតែ​ទាំងអស់​មិន​អាច​ចេញ​ក្រៅប្រទេស ដើម្បី​ទៅ​ពិនិត្យ​ព្យាបាល​នៅ​ក្រៅប្រទេស​ឡើយ ទោះជា​អ្នក​នោះ​មាន​លទ្ធភាព និង​មាន​លុយកាក់​សម្រាប់​ចំណាយ​លើ​ការ​ចេញ​ក្រៅ ដើម្បី​ជួប​ពេទ្យ​នៅ​សិង្ហ​បុរី នៅ​ថៃ ឬ​ក៏​នៅ​វៀតណាម ក៏​ដោយ ។ កាល​ណោះ មាន​តែ​ក្រុម​គ្រូពេទ្យ​ខ្មែរ​យើង​នេះ​ហើយ​ជា​អ្នក​ពិនិត្យ​ព្យាបាល​មិន​ថា ជំងឺ​អ្វី​នោះ​ទេ ។

នៅ​មន្ទីរពេទ្យ​សប្បុរសធម៌ គន្ធ​បុប្ផា ដែល​ពិនិត្យ​ព្យាបាល​កុមារ​ដោយ​មិន​គិតថ្លៃ នៅ​ប្រទេស​កម្ពុជា​យើង​ក៏​មាន​គ្រូពេទ្យ​ស្ទើរតែ​ទាំងអស់ ជា​ជនជាតិ​ខ្មែរ​យើង ដែល​មានចំណេះ និង​ជំនាញ​រាប់​ទាំង​ការ​វះកាត់​ផង​ដែរ ។ កុមារ​កម្ពុជា​យើង មិន​តិច​លាន​នាក់​ទេ​ដែល​ជា​សះស្បើយ ក្រោយ​ពី​ទទួល​នូវ​ការ​ពិនិត្យ​ព្យាបាល និង​ការ​វះកាត់​ពី​ស្នាដៃ​របស់​វេជ្ជបណ្ឌិត​ខ្មែរ​យើង​នៅ​ក្នុង​មន្ទីរពេទ្យ​គន្ធ​បុប្ផា ។

ក៏​ប៉ុន្តែ​ជា​ធម្មតា​ទេ វិជ្ជាជីវៈ​គ្រូពេទ្យ​ប្រៀប​ដូច​ជា អាវុធ​មុខ​ពីរ​ដូច​គ្នា​នឹង​ថ្នាំពេទ្យ​ដែរ ។ ព្យាបាល​អ្នកជំងឺ ពិសេស​ការ​វះកាត់ ក៏​អាច​មិន​ជោគជ័យ​១០០​ភាគរយ ដែល​អាច​នឹង​មាន​អ្នកជំងឺ​ខ្លះ​ត្រូវ​បាន​គ្រូពេទ្យ​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ហើយ តែ​នៅ​តែ​មិន​អាច​ជួយ​សង្គ្រោះ​បាន ។ តែ​ក្នុង​នាម​ជា​គ្រូពេទ្យ ច្បាស់​ណាស់​ថា ពួក​គាត់​បាន​ប្រឹងប្រែង និង​ប្រើ​ជំនាញ​ប្រកបដោយ​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​របស់​ខ្លួន​ក្នុង​ការ​ជួយ​សង្គ្រោះ​អ្នកជំងឺ ។

ទន្ទឹម​នឹង​នេះ ក្រុម​គ្រូពេទ្យ​មួយ​ចំនួន​ដែល​ធ្វើ​ការងារ​ច្រើន ហើយ​ហត់នឿយ និង​មាន​អារម្មណ៍មិនល្អ​ជាមួយ​អ្នកជំងឺ ឬ​សាច់ញាតិ​អ្នកជំងឺ​តាម​រយៈ​ការ​ប្រើប្រាស់​ពាក្យ​សម្តី មិនល្អ​ខ្លះ​នោះ​ក៏​ត្រូវ​បាន​គេ​លើក​ឡើងជា​ហូរហែ ។ ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​យើង ក៏​ត្រូវ​តែ​សម្រួល​អារម្មណ៍ ហើយ​កែប្រែ​ចំណុច​ខ្វះខាត​នេះ ។ ធម្មតា​ទេ​នរណា​ក៏​ដោយ​ក៏​មានការ​ទទួលខុសត្រូវ និង​ធ្វើការ​រៀង​ៗ​ខ្លួន​តាម​ជំនាញ​។ ដូច្នេះ​បើ​ការងារ​ច្រើន​ហត់នឿយ ត្រូវ​តែ​សម្រាក ហើយ​ប្តូរ​អ្នក​ផ្សេង​មក​ធ្វើ​ជំនួស​ក្នុង​ឥរិយាបថ​សមរម្យ ដូច​ពាក្យចាស់​ថា «​ថោក​អី​នឹង​ដៃ ថ្លៃ​អី​នឹង​មាត់​»​។

ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ ក៏​សូម​បន្ត​ផ្សព្វផ្សាយ និង​ណែនាំ​ដល់​គ្រូពេទ្យ​ឱ្យ​បន្ត​គោរព​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​សីលធម៌ និង​វិជ្ជាជីវៈ​គ្រូពេទ្យ ។ ជា​ការ​ពិត​សព្វថ្ងៃ​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​បាន​កែ​លម្អ​ច្រើន​រួច​មក​ហើយ ពិសេស​បង្កើត​ឱ្យ​មាន​ក្រុម​អ្នក​ផ្តល់​ព័ត៌មាន និង​អ្នក​នាំ​ផ្លូវ​សម្រាប់​អ្នកជំងឺ​មក​សួរនាំ​រក​កន្លែង​ពិនិត្យ​ព្យាបាល​តាម​អាកា​រៈ​ជំងឺ​របស់​ខ្លួន ។

ការ​បន្ថយ​តម្លៃ​ពិនិត្យ​ព្យាបាល នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ រួម​ទាំង​ការ​គិត​ពី​អាយុជីវិត​អ្នកជំងឺ​ជា​រឿង​សំខាន់​ជាង​ការ​តម្រូវ​ឱ្យ​អ្នកជំងឺ និង​ក្រុម​គ្រួសារ​អ្នកជំងឺ​ត្រូវ​បង់លុយ​មុន​ពិនិត្យ​ព្យាបាល​ក៏​ត្រូវ​តែ​ថ្នាក់ដឹកនាំ​ដោះស្រាយ ខណៈ​ដែល​ពេល​នេះ ប្រជាពលរដ្ឋ​យើង​កាន់តែ​ច្រើន មាន​បណ្ណ​សមធម៌ ឬ​ក៏​បណ្ណ​ក្រីក្រ ក៏​ដូច​ជា​អ្នកមាន​បណ្ណ​ប​.​ស​.​ស ត្រូវ​បាន​ពិនិត្យ​ព្យាបាល​ជំងឺ ដោយ​មិន​គិតថ្លៃ ។

ជា​សរុប​ទៅ ការ​បង្កើត​ក្រុម​គ្រូពេទ្យ ដើម្បី​ប្រចាំការ​ពិនិត្យ និង​ថែទាំ​ព្រះរាជ​សុខភាព​ថ្វាយ​ព្រះមហាក្សត្រ និង​សម្តេចម៉ែ ក៏​ដូច​ជា វត្តមាន​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន អញ្ជើញ​ចូល​ពិនិត្យ​ព្យាបាល​ជំងឺ​ក្នុង​មន្ទីរពេទ្យ​កាល់​ម៉ែត្រ កាន់តែ​ផ្តល់​ទំនុកចិត្ត​បន្ថែម​ទៀត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​យើង ក្នុង​ការ​ប្រើប្រាស់​សេវា​ពិនិត្យ​ព្យាបាល នៅ​មន្ទីរពេទ្យ​របស់​ខ្មែរ​យើង​។

អ្នក​ធ្លាប់​ចេញ​ទៅ​ពេទ្យ​នៅ​ក្រៅប្រទេស​ខ្លះ​ក៏​គួរតែ​សាកល្បង​ចូល​ពេទ្យ​ស្រុក​យើង​ម្តង​មើល ព្រោះ​អ្នក​ចេញ​ទៅ​ពេទ្យ​នៅ​វៀតណាម ថៃ និង​នៅ​សិង្ហ​បុរី បាន​ចំណាយ​លុយ​ច្រើន​ក្នុង​ការ​ធ្វើ​ដំណើរ​ស្នាក់​នៅ​ហូប​ចុក មុន​ចូល​ដល់​មន្ទីរពេទ្យ​។ តែ​ដើម្បី​ឱ្យ​ពលរដ្ឋ​ខ្មែរ​យើង​មាន​ទំនុកចិត្ត ហើយ​កាន់តែ​មាន​ទំនុកចិត្ត​លើ​ពេទ្យ​ក្នុងស្រុក​កាន់តែ​ច្រើនក៏​ស្ថិត​នៅ​លើ​ក្រុម​គ្រូពេទ្យ​របស់​យើង ជា​តួអង្គ​សំខាន់​ជាង​ណា​ៗ​ទាំងអស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ