ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​កម្ពុជា ៖ ប្រទេស​នានា លើ​ពិភពលោក កំពុង​ទទួល​រង​ឥទ្ធិពល​ពី​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ ការ​ប្រជែង​ឥទ្ធិពល​របស់​មហាអំណាច

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​គូសបញ្ជាក់​ថា ប្រទេស​នានា លើ​ពិភពលោក…

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​គូសបញ្ជាក់​ថា ប្រទេស​នានា លើ​ពិភពលោក បាន​និង​កំពុង​ទទួល​រង​ឥទ្ធិពល​ពី​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ ការ​ប្រជែង​ឥទ្ធិពល របស់​មហាអំណាច និង​បញ្ហា​ផ្សេង​ៗ​ទៀត​។

ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា ព្រឹក​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២៤ នា​ទីស្តីការក្រសួង សម្តេច​ធិ​បតី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល ដែល​ក្រសួង​មួយ​នេះ​សម្រេច​បាន កាលពី​ឆ្នាំ​២០២៣​កន្លង​ទៅ ក្រោម​កិច្ចសហការ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ក្នុង​ន័យ​កែ​លម្អ​វិស័យ​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា សំដៅ​ជម្រុញ​ភាព​ធន់ នៃ​សេដ្ឋកិច្ច​គ្រួសារ លើកកម្ពស់​ជីវភាព​ប្រជាជន និង​កាត់​បន្ថយ​ភាព​ក្រីក្រ​តាម​រយៈ ការ​គាំពារ​គ្រួសារ​ក្រីក្រ ក្រុម​ជន​ងាយ​រង​គ្រោះ​ក្នុង​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ នៅ​កម្ពុជា ។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា ៖ «​ជា​ការ​ពិត កម្ពុជា​ក៏​ដូច​ជា​ប្រទេស​នានា នៅ​លើ​ពិភពលោក បាន​និង​កំពុង​ទទួល​រង​ឥទ្ធិពល​ពី​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ ការ​ប្រជែង​ឥទ្ធិពល​របស់​មហាអំណាច សង្គ្រាម ការ​ប្រែប្រួល​អាកាសធាតុ ជំងឺឆ្លង និង​បញ្ហា​ផ្សេង​ៗ ទៀត​ជា​ច្រើន​» ។

សម្តេច​ធិ​បតី បាន​បន្ថែម​ថា ជា​បច្ច័យ​ទាំងនេះ ព្រមទាំង​ស្ថានភាព​រង​គ្រោះ និង​ងាយ​រង​គ្រោះ​ដូច​ជា​ការ​សេព​គ្រឿងញៀន ការ​ជួញដូរ​មនុស្ស បញ្ហា​ជរាភាព និង​ពិការ​ភាព ព្រមទាំង​អំពើ​ហិ​.​ង្សា​ក្នុង​គ្រួសារ និង​ការ​រំលោភ​បំពាន​លើក​កុមារ សុទ្ធតែ​ជា​បញ្ហា និង​ជា​ក្តី​កង្វល់ របស់​យើង ដែល​រាជរដ្ឋាភិបាល ត្រូវ​យកចិត្តទុកដាក់ និង​ដោះស្រាយ ដើម្បី​លើក​ស្ទួយ​ជីវភាព និង​សុខុមាលភាព​របស់​ប្រជាជន សំដៅ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ការ​ប្រែក្លាយ​កម្ពុជា ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ។

សម្តេច​នាយក​រដ្ឋមន្ត្រី បាន​បន្ត​ថា ជាមួយ​ចក្ខុវិស័យ ដែល​ជា​ក្តី​ស្រមៃ​របស់​ប្រជាជន​កម្ពុជា​គ្រប់​រូប​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ និង​បន្តបន្ទាប់ នៃ​រដ្ឋសភា ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន កម្ពុជា ប្តេជ្ញា​បន្ត​អភិវឌ្ឍន៍​ប្រព័ន្ធ​គាំពារ​សង្គម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​មាន លក្ខណៈ​ប្រមូលផ្តុំ សង្គតិភាព ប្រសិទ្ធភាព សមធម៌ និង​ចី​ភាព ដោយ​ឈរ​លើ​ស្មារតី មិន​បោះបង់​ពលរដ្ឋ​ណា​ម្នាក់ តាម​រយៈ​ការ​ផ្តោត​កិច្ច​អន្តរាគមន៍​របស់​រាជរដ្ឋាភិបាល​លើ​គ្រួសារ​ក្រីក្រ ក្រុម​ជន​ងាយ​រង​គ្រោះ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ធិ​បតី បាន​គូសបញ្ជាក់​ថា គោលនយោបាយ​របស់​រាជរដ្ឋាភិបាល នៅ​គ្រប់​អាណត្តិ​ទាំងអស់ គឺ​ធ្វើ​យ៉ាងណា​ឱ្យ​ប្រទេស​យើង​បាន​រីក​ចំរើន​តាម រយៈ​ការ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​របស់​យើង​មាន​ភាព​រីក​ចំរើន កាត់​បន្ថយ​ភាព​ក្រីក្រ និង​លើកកម្ពស់​ជីវភាព​របស់​យើង ។

ប្រមុខ​រាជរដ្ឋាភិបាល បាន​លើក​ឡើង​ថា ការ​ដាក់​ចេញ នូវ​នយោបាយ​ឈ្នះ​ឈ្នះ ដើម្បី​បញ្ចប់សង្គ្រាម​ទទួល​បាន​នូវ​សន្តិភាព និង​ការ​ឯកភាព​ជាតិ​ពេញលេញ គឺជា​ការ​បង្កើត​នូវ​បរិស្ថាន​ចាំបាច់ ដែល​អាច​ឱ្យ​យើង​អនុវត្តន៍​ដោយ​ជោគជ័យ នូវ​យុទ្ធសាស្ត្រ​ត្រីកោណ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​កន្លង​ទៅ ដោយ​ភាព​ក្រីក្រ នៃ​ប្រជាជន​របស់​យើង​ត្រូវ​បាន​កាត់​បន្ថយ​ពី​ជាង ៥០% នៅ​ឆ្នាំ​១៩៩៧ មក​ត្រឹម ១៧% នៅ​ឆ្នាំ​នេះ ដែល​កើន​បន្តិច​នៅ​មុន​កូ​វី​ដ​-១៩ យើង​មាន​ទាប​ជាង​នេះ​។ កំណើនសេដ្ឋកិច្ច​របស់​យើង មាន​ប្រមាណ ៧% តាំងពី​ពេល ដែល​យើង​ទទួល​បាន​សន្តិភាព​រហូត​មក​ទល់​ពេល​ផ្ទុះ​នូវ​ជំងឺ​កូ​វី​ដ​-១៩ បាន​ន័យ​ថា ជីវភាព​របស់​យើង​មានការ​រីក​ចំរើន អ្នក​ដែល​ធ្លាប់​នៅ​ក្រោម​បន្ទាត់ នៃ​ភាព​ក្រីក្រ​បាន​ក្លាយជា​អ្នក​ដែល​មាន​ជីវភាព​មធ្យម និង​អ្នក​ដែល​មាន​ជីវភាព មធ្យម​ជា​ច្រើន បាន​វិវត្តន៍​ទៅ​ជា​អ្នកមាន​ជីវភាព​ខ្ពស់​នៅ​ក្នុង​រយៈពេល ២០​ឆ្នាំ​ក្រោយ​ពី​ការ​បិទ​បញ្ចប់ សង្គ្រាម​នៅ​កម្ពុជា តែ​ផ្ទុយ​ទៅ​វិញ​វា​ជា​ការ​គួរ​ឱ្យ​សោកស្តាយ​ខ្លាំង​ណាស់​ដែល​ជម្ងឺ​កូ​វី​ដ​-១៩ បាន​ចូល​មក​ដល់ ប្រសិនបើ​គ្មាន​វា​ទេ​នោះ​មិនដឹង​ថា​ប្រទេស​របស់​យើង ឈាន​ដល់​ណា ទៅ​ហើយ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ