ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រឡងគ្រូកីឡា៖ ប្រឡងចប់ភ្លាម ប្រកាស​លទ្ធផលជាប់ធ្លាក់ភ្លាម!

8 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ នៅយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានប្រកាសឈ្មោះ​បេក្ខជន​ប្រឡងជាប់ជាស្ថាពរ សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា…

ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ នៅយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានប្រកាសឈ្មោះ​បេក្ខជន​ប្រឡងជាប់ជាស្ថាពរ សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា ឱ្យចូលបម្រើការងារ ក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ចំនួន ១០០នាក់។

ដំណើរការប្រឡង​នេះ បានចែកជាពីរវិញ្ញាសា គឺវិញ្ញាសាសំណេរ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ហើយវិញ្ញាសាអនុវត្ត ចាប់ពីថ្ងៃទី២៩ ខែមករា ដល់ព្រឹក​ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ​។ ដំណើរការប្រឡងនេះ ធ្វើឡើងតាមគោលការណ៍ «អ្នកចេះ ប្រឡងជាប់» ដូចកាលពីពេលប្រឡងបាក់ឌុប ដោយមានការចូលរួមសង្កេតការណ៍ពីក្រុមយុវជនស.ស.យ.ក អង្គភាពប្រឆាំងអំពើពុករលួយ តំណាងសកលវិទ្យាល័យ មហាជន រួមទាំងអ្នកសារព័ត៌មានផងដែរ​។

ប្រឡងចប់ភ្លាម ប្រកាសលទ្ធផលភ្លាមដូច្នេះ ត្រូវបាន​លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ បានប្រាប់អ្នកកាសែតថា ការប្រឡងលើវិញ្ញាសាអនុវត្ត រួមមាន រត់ចម្ងាយ លោតចម្ងាយ និងចោលដុំដែក គឺបន្ទាប់ពីប្រកួតភ្លាម បេក្ខជន​ដឹងពីពិន្ទុភ្លាមៗ។ ចំណែកវិញ្ញាសាសរសេរ បានប្រឡងរួមគ្នា តាំងពីថ្ងៃទី២៨មករា។ ដូច្នេះ​មកដល់ល្ងាច​ថ្ងៃទី៥កុម្ភៈ​នេះ បានកែរួច​រាល់​ហើយ។

លោករដ្ឋមន្ត្រី​ ហ៊ុន ម៉ានី បន្តថា «យើងចង់បានលទ្ធផលលឿន។ ប៉ុន្តែលឿននេះ គឺសូមបញ្ជាក់ មួយជំហ៊ាន​ៗ គឺមានការយកចិត្តទុកដាក់ថ្លឹងថ្លែង ហើយ​ទទួលខុសត្រូវខ្ពស់ណាស់។ ដោយអនុគណៈកម្មការកែ ក៏យកចិត្តទុកដាក់ខ្ពស់ ហើយក្រៅពីអនុគណៈកម្មការ ដែលជាលោកគ្រូ អ្នកគ្រូ កែសំណេរនេះ ក៏មានអង្គភាពប្រឆាំងអំពើពុករលួយ ចូលរួម​ពិនិត្យ ២ដង។ មុនផ្ទៀងផ្ទាត់ និងចេញលទ្ធផលទៅបាន។ ដូច្នេះយើងលឿន តែមួយជំហ៊ានៗ គឺច្បាស់លាស់»។

យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រី បានប្រកាសថា បេក្ខជនប្រឡងទាំង អាច​ស្នើសុំ​ពិនិត្យ​លើសន្លឹកកិច្ចការរបស់ខ្លួន​បាន ក្នុងរយៈពេល ១សប្តាហ៍ ចាប់ពីថ្ងៃទី៥ ខែកុម្ភៈនេះ រហូតដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤​។

សូមរម្លឹកថា ការប្រឡងជ្រើសរើសគ្រូកីឡា នាពេលនេះ មានបេក្ខជនដាក់ពាក្យប្រឡង​សរុប ១៨៩២នាក់។ ប៉ុន្តែនៅថ្ងៃប្រឡងលើវិញ្ញាសាសរសេរ នាថ្ងៃទី២៨មករា មានបេក្ខជនអវត្តមាន ១៤៦នាក់។ ចំណែកនៅថ្ងៃប្រឡងលើវិញ្ញាសាអនុវត្ត នាថ្ងៃទី២៩មករា រហូតដល់ថ្ងៃទី៥កុម្ភៈ មានបេក្ខជនអវត្តមាន ១៦៨​នាក់។

យ៉ាងណាក៏ដោយ សម្រាប់​បេក្ខជនប្រឡងជាប់ទាំង ១០០នាក់ ត្រូវបែងចែកជាពីរកម្រិត គឺកម្រិត ១២ បូក ២ និងកម្រិត ១២ បូក ៤។ កម្រិត ១២ បូក ២ មានចំនួន ៧៥នាក់ គឺនៅអនុវិទ្យាល័យ ៥​៤នាក់ និងវិទ្យាល័យ​ ២១នាក់ ដោយពង្រាយ នៅ ២០ខេត្ត។ ចំណែក​ បេក្ខជន ២៥នាក់ ដោយក្នុងនោះ ១០នាក់ នៅអនុវិទ្យាល័យ និង ១៥នាក់ បញ្ជូន​ទៅវិទ្យាល័យ នៅ ១៣ខេត្ត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ