ក្រុងប៉ោយប៉ែត ៖ រយៈពេល២ថ្ងៃ(២៧-២៨ ឧសភា) ប៉ូលិសក្រុងប៉ោយប៉ែតបានឃាត់ខ្លួនជនសង្ស័យចែកចាយ និងប្រើប្រាស់ថ្នាំញៀនចំនួន៧នាក់ ក្នុងនោះស្ត្រីម្នាក់។ សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យទាំង៧នាក់នេះ គឺបានឃាត់ខ្លួនជាបន្តបន្ទាប់នៅពេលបើកយុទ្ធនាការបង្ក្រាបគ្រឿងញៀនកាលពីព្រឹកថ្ងៃទី២៧ ឧសភា ។
មេខ្លោងចែកចាយថ្នាំញៀន២នាក់បានឃាត់ខ្លួនមុនគេឈ្មោះសុខ ថុល ហៅម៉ៅ ភេទប្រុស អាយុ២២ឆ្នាំ និងឈ្មោះឆន ធឿន ភេទប្រុស អាយុ២៤ឆ្នាំ នៅចំណុចផ្លូវកែងចូលផ្សារអគ្គក្នុងភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ។ បន្ទាប់មកនៅពេលសមត្ថកិច្ចកំពុងស្រាវជ្រាវ និងសាកសួរជនសង្ស័យទាំង២នាក់នោះស្រាប់តែមានអ្នកហៅ ចូលទូរស័ព្ទរបស់ពួកគេបញ្ជាទិញគ្រឿងញៀន។ ដឹងដូច្នេះសមត្ថកិច្ចក៏រៀបចំអន្ទាក់ចាប់ក្រុមជនទាំងអស់នោះជាបន្តបន្ទាប់តែម្តង។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទាំង៧នាក់នោះ ១-ឈ្មោះ សុខ ថុលហៅម៉ៅ ភេទប្រុស អាយុ២២ឆ្នាំ, ២-ឈ្មោះ ឆន ធឿន ភេទប្រុស អាយុ២៤ឆ្នាំ ទាំង២នាក់ជាមេខ្លោងចែកចាយ និងប្រើប្រាស់ថ្នាំញៀន, ៣-ឈ្មោះឆឹង ឆាយ ភេទប្រុស អាយុ២៩ឆ្នាំ , ៤-ឈ្មោះវី ចំរើន ភេទប្រុស អាយុ២៥ឆ្នាំ, ៥-ឈ្មោះប្រាក់ សុផល ភេទ ប្រុស អាយុ៣០ឆ្នាំ, ៦-ឈ្មោះប៉ែន ញ៉ក់ ភេទប្រុស អាយុ៣១ឆ្នាំ និង៧-ឈ្មោះចាន់ ស្រីរ័ត្ន ភេទស្រី អាយុ២៨ឆ្នាំ ជនសង្ស័យទាំង៧នាក់ រស់នៅក្នុងក្រុងប៉ោយប៉ែត និងប្រកបមុខរបរមិនពិតប្រាកដ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនដោយចោទប្រកាន់ពីបទចែកចាយ និងប្រើប្រាស់ថ្នាំញៀន។
លោកវរសេនីយ៍ត្រី អ៊ុំ សុផល អធិការក្រុងប៉ោយប៉ែតឱ្យដឹងថា ចំពោះជនសង្ស័យដែលសមត្ថកិច្ចរបស់លោកឃាត់ខ្លួនបានជាបន្តបន្ទាប់នោះបានឆ្លើយសារភាពថា ពួកគេពិតជាបានប្រព្រឹត្តល្មើសមែន ដូច្នេះហើយសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូង ៕
ចែករំលែកព័តមាននេះ