កីឡាករស្វ៊ីសរ៉ូជើ ហ្វេដឺរ័រកំពុងតែរំកិលចូលកាន់តែជិតទៅរកពានជើងឯកក្របខណ្ឌធំកីឡាតឺន្នីសFrench Openបន្ទាប់ពីបានឈានចូលដល់វគ្គ៨នាក់ចុងក្រោយកាលពីថ្ងៃអាទិត្យទី២៩ ឧសភា កន្លងមក។ ការប្រកួតកាលពីថ្ងៃអាទិត្យនោះត្រូវបានរៀបចំធ្វើនៅលើទីលានប្រកួតដីក្រហមរ៉ូឡង់ ហ្គារ៉ូសក្នុងទីក្រុងប៉ារីសប្រទេសបារាំង។
ប្រកួតជុំទី៤កាលពីថ្ងៃអាទិត្យ ហ្វេដឺរ័របានយកឈ្នះកីឡាករមិត្តរួមជាតិខ្លួនស្ទែននីឡាស វ៉ារីនកាក្នុងលទ្ធផល៦-៣,៦-២និង៧-៥។
ហ្វេដឺរ័របាននិយាយថា៖«នេះជាលើកទី២៨ដែលខ្ញុំបានឈានចូលដល់វគ្គ៨នាក់ចុងក្រោយ។ វាពិតជាអស្ចារ្យមែន។ នេះក៏ជាឱកាសមួយ ផ្សេងទៀតសម្រាប់ឲ្យខ្ញុំឈានចូលទៅវគ្គបន្ទាប់
ទៀត»។
កាលពីប្រកួតក្នុងក្របខណ្ឌធំ Australian Openហ្វេដឺរ័របានយកឈ្នះកីឡាករវ៉ារីនកាក្នុងវគ្គ៨នាក់ចុងក្រោយដូចជាពេលនេះដែរ។ នៅឆ្នាំ២០០៨ កីឡាករស្វ៊ីសទាំងពីរនាក់ធ្លាប់បានចាប់ដៃគ្នាយកឈ្នះពានជើងឯកប្រកួតវាយគូអូឡាំពិកទីក្រុងប៉េកាំងឆ្នាំ២០០៨។
នៅជុំបន្ទាប់ហ្វេដឺរ័រនឹងជួបប្រកួតជាមួយអ្នកឈ្នះក្នុងចំណោមកីឡាករដេវីដ ហ្វេរ័រនិងកីឡាករហ្គាអែល ម៉ុងហ្វុីល។ សូមបញ្ជាក់ថាការប្រកួតរវាងកីឡាករទាំង២ត្រូវបានផ្អាកជាបណ្តោះអាសន្នបន្ទាប់ពីមេឃងងឹត។
ហ្វេដឺរ័រដែលជាកីឡាករលំដាប់ទី៣ពិភពលោកកាលពីជុំទី៣បានបំបាក់កីឡាករJanko Tipsarevic ក្នុងលទ្ធផល៦-១,៦-៤និង៦-៣។
សម្រាប់ហ្វេដឺរ័រជោគជ័យនៅក្នុងការប្រកួតលើកនេះពិតជាធ្វើឲ្យគេសប្បាយចិត្តខ្លាំងណាស់។ គេបាននិយាយថា៖«ខ្ញុំបានធូរស្រាលក្នុងអារម្មណ៍នៅពេលដែលខ្ញុំបានឃើញលទ្ធផលពិន្ទុ»។ កីឡាករលំដាប់ទី២ពិភពលោកណូវ៉ាក់ យ៉ូកូវិចក៏បានចូលរួមក្តីរីករាយជាមួយហ្វេដឺរ័រផងដែរបន្ទាប់ពីបានយកឈ្នះកីឡាករបារាំងរីឆាដ ហ្គាសហ្គេតក្នុងលទ្ធផល៦-៤,៦-៤និង៦-២។ នេះគឺជាជ័យជម្នះលើកទី៤៣របស់គ េហើយសម្រាប់រដូវកាលប្រកួតឆ្នាំ២០១១នេះ។ កីឡាកររូបនេះបាននិយាយថា៖«ខំ្ញុគិតថា ការប្រកួតរបស់ខ្ញុំក្នុងពេលនេះកំពុងតែល្អប្រសើរ។ ដោយឡែកការប្រកួតនៅថ្ងៃនេះកម្រិតនៃការលេងគឺល្អជាងលើកមុន។ អ្វីទាំងអស់នេះពិតជាធ្វើឲ្យខ្ញុំសប្បាយចិត្តកាន់តែខ្លាំង»។
ឯលទ្ធផលនៃការប្រកួតឯកត្តជនខាងនារីវិញកីឡាការិនីបារាំងម៉ារីយ៉ុង បាតូលីបានឡើងទៅដល់វគ្គ៨នាក់ចុងក្រោយបន្ទាប់ពីបានយកឈ្នះកីឡាការិនីអាហ្សង់ទីនហ្ស៊ីសេលឡា ឌុលកូក្នុងលទ្ធផល៧-៥និង១-០។ នាងឌុលកូបានដកខ្លួនពីការប្រកួតបន្ទាប់ពីរងរបួសភ្លៅខាងឆ្វេងអំឡុងសិតទី១។ បើទោះបីជានាងបន្តប្រកួតនៅសិតទី២ក៏ដោយ តែការឈឺចាប់បានបង្ខំឲ្យនាងបញ្ឈប់ការប្រកួត ៕
ចែករំលែកព័តមាននេះ