ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាច់​បង្កក ៤​កុងតឺន័រ (​ជាង​១០០​តោន​) ត្រូវ​សមត្ថកិច្ច​ទម្លាក់​ក្នុង​រណ្ដៅ ត្រៀម​ដុត​កម្ទេច​ចោល នា​ព្រឹកស្អែក​នេះ

1 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​ណាស់ សាច់​បង្កក​ចំនួន​១០២​តោន និង​៦០០​គីឡូក្រាម ដែល​ឈ្មួញ​ដឹក​ពី​ប្រទេស​វៀតណាម ឆ្លង​ដែន​ចូល​មក​កម្ពុជា ចំនួន​០៤​រថយន្ត​កុងតឺន័រ បម្រុង​ដឹក​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ​នោះ ត្រូវ​បាន​សមត្ថកិច្ច…

ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​ណាស់ សាច់​បង្កក​ចំនួន​១០២​តោន និង​៦០០​គីឡូក្រាម ដែល​ឈ្មួញ​ដឹក​ពី​ប្រទេស​វៀតណាម ឆ្លង​ដែន​ចូល​មក​កម្ពុជា ចំនួន​០៤​រថយន្ត​កុងតឺន័រ បម្រុង​ដឹក​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ​នោះ ត្រូវ​បាន​សមត្ថកិច្ច នាំ​យក​ទៅ​ទម្លាក់​ទុក​ក្នុង​រណ្ដៅ ត្រៀម​ដុត​បំផ្លាញ​ចោល នៅ​ថ្ងៃស្អែក​នេះ ។

សមត្ថកិច្ច​ដឹក​យក​មក​ទម្លាក់​ទុក​ក្នុង​រណ្ដៅ​នេះ ធ្វើ​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅ​ចំណុច​ទីលាន​ចាក់សំរាម ស្ថិត​នៅ​ភូមិ​ចុង​ព្រែក សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ។ ហើ​ត​នឹង​ដុត​កម្ទេច​ចោល​នៅ​ព្រឹក​ថ្ងៃស្អែក​នេះ ។

បើ​តាម​មន្ត្រី​ក​.​ប​.​ប សាខា​ខេត្តស្វាយរៀង បាន​ឲ្យ​អ្នក​សារព័ត៌មាន​យើង​ថា សាច់​បង្កក ប្រភេទ​ជើងមាន់ ដែល​សមត្ថកិច្ច​បង្ក្រាប​បាន ចំនួន​០៤​រថយន្ត​កុងតឺន័រ​នេះ ស្មើ​១០២,៦០០​គីឡូក្រាម នឹង​ត្រូវ​យក​មក​ទម្លាក់​នៅ​ទីលាន​ចាក់សំរាម ត្រៀម​ធ្វើ​ពិធី​ដុត​កម្ទេច​ចោល​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែកុម្ភៈ ស្អែក​នេះ​ហើយ ។

ប្រភព​បង្ហើប​ឲ្យ​ដឹង​ថា សាច់​បង្កក ០៤​រថយន្ត​កុងតឺន័រ​នេះ ដឹក​ពី​ប្រទេស​វៀតណាម ចូល​មក​តាម​ក្រុង​បា​វិត ដោយ​គ្មាន​លិខិតអនុញ្ញាត ពី​ស្ថា​ប​ន័​សមត្ថកិច្ច​ជំនាញ ហើយ​ជា​ពិសេស ក្រោយ​ពី​ពិនិត្យ​គុណភាព គឺ​ឃើញ​ថា ការ​ដាក់​ក្នុង​ទូ​បង្កក​សីត​ណ្ហ​ភាព​មិន​គ្រប់​តាម​ស្តង់ដា (-)១២​អង្សា​សេ​ក្រោម​សូន្យ ទេ​! គឺ​បាន​ត្រឹមតែ​(-២)​អង្សា​សេ ទៅ​(-)៤​អស្សា​សេ តែ​ប៉ុណ្ណោះ​។ ហើយ​រយៈពេល​០៣​ថ្ងៃ មិនឃើញ​ម្ចាស់​ក្រុមហ៊ុន​ណា​ម្នាក់ ដែល​នាំ​សាច់​បង្កក​ចូល​នោះ មក​ដោះស្រាយ​ឡើយ ទើប​ក្រុមការងារ​សម្រេច​ដុត​កម្ទេច​ចោល តែ​ម្តង ។

សូម​រំលឹក​ថា សមត្ថកិច្ច​ជំនាញ​(​ក​.​ប​.​ប​) ខេត្តស្វាយរៀង សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត និង​មន្ត្រី​សាខា​គយ និង​រដ្ឋាករ​ខេត្តស្វាយរៀង ស្ទាក់​ឃាត់​រថយន្ត​កុងតឺន័រ ចំនួន​០៤​គ្រឿង ដែល​សង្ស័យ​ដឹក​បទល្មើស​កាលពី​វេលា​ម៉ោង​០៥​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២៤ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១៣ ស្ថិត​ក្នុងភូមិ​អក​នាគ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង ។

សមត្ថកិច្ច បាន​បង្ហើប​នា​ពេល​នោះ​ថា មាន​គេ​រាយការណ៍​ថា មាន​រថយន្ត​កុងតឺន័រ​ដឹក​សាច់​បង្កក ចំនួន​០៤​កុងតឺន័រ បាន​ធ្វើ​ចរាចរណ៍ ចេញពី​ក្រុង​បា​វិត តាម​ផ្លូវជាតិ​លេខ​១ មក​ដល់​ចំណុច​ផ្លូវបំបែក​ជា​បួន ក្នុងភូមិ​បាក់​រនាស់ ក្រុង​ស្វាយ​រៀង រួច​បត់​ស្តាំ​ឆ្ពោះទៅ​ទិស​ខាងជើង លើ​កំណាត់​ផ្លូវជាតិ​លេខ​១៣ លុះ​មក​ដល់​ចំណុច​ភូមិ​អក​នាគ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង ទើប​សមត្ថកិច្ច​ឃាត់​សួរនាំ ពិនិត្យ​ឃើញ​ថា រថយន្ត​កុងតឺន័រ​ទាំង​០៤​គ្រឿង ដឹក​សាច់​បង្កក ពិតប្រាកដ​មែន ។

ប្រភព​បន្ត​ទៀត​ថា ក្រោយ​ពី​មន្ត្រី​ជំនាញ ឃាត់​រថយន្ត​ទាំង​០៤​គ្រឿង​នោះ ដោយ​មានការ​សម្របសម្រួល​ពី​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង បាន​កាត់​ស៊ី​លបើក​ទូរ​កុងតឺន័រ ពិនិត្យ​បាន​រក​ឃើញ​ជើងមាន់​បង្កក​ជា​ច្រើន​ពាន់​កេះ ក្នុង​ទូ​កុងតឺន័រ​។

ប្រភព​បន្ត​ទៀត​ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នកបើកបរ​ចំនួន ៤​នាក់ រួម​មាន ៖
ទី​១-​ឈ្មោះ ផាត ជាតិ បើក​កុងតឺន័រ លេខ SZLU9415762(40) ដែល​មាន​ស្លាក​លេខ ភ្នំពេញ 3E-7413 ។
ទី​២-​ឈ្មោះ មុំ សូត្រ បើក​កុងតឺន័រ​លេខ HMMU5490786(40) ស្លាក​លេខ​ភ្នំពេញ 3F-0648 ។
ទី​៣-​ឈ្មោះ សោម រិ​ទ្ធី បើក​កុងតឺន័រ​លេខ SZLU9430540(40) ពាក់​ស្លាក​លេខ​ភ្នំពេញ 3F-9610​។
ទី​៤-​ឈ្មោះ សេង សុវណ្ណ​ដេ​ត បើកបរ​កុងតឺន័រ​លេខ HDMU5591398(40) ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-6322 ។

បើ​តាម​ចម្លើយ​សារភាព អ្នកបើកបរ​រថយន្ត បាន​បញ្ជាក់​ប្រាប់​ថា ទំនិញ​សាច់​បង្កក​ទាំង​អស់នេះ គឺ​បាន​នាំ​ចូល​ពី​ប្រទេស​វៀតណាម ឆ្លង​ដែន​ចូល​មក​ចំណុចសូន្យ នៃ​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​ក្រុង​បា​វិត រួច​ហើយ​បាន​ផ្ទេរ​ទូ​កុងតឺន័រ នៅ​ចំណុចសូន្យ​មក​កាន់​កម្ពុជា តាម​មាត់ច្រក​ទ្វា​ព្រំដែន​អន្តជាតិ​បា​វិត ហើយ​ដឹក​ទៅ​មាត់ច្រក​ទ្វារ​តំបន់​ព្រំដែន​ដូង ស្រុក​រមាស​ហែក ។ ហើយ​ទំនិញ​ទាំង​អស់នេះ គឺជា​របស់​ក្រុមហ៊ុន SBL ដែល​មា​នទី​តាំងនៅ​ក្រុង​បា​វិត ។

បើ​តាម​ការ​អះអាង​របស់​ឈ្មោះ ពេញ សា​រ៉េ​ត ម្ចាស់​ឡាន​កុងតឺន័រ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​អ​ស័​យ​ដ្ឋា​ន​នៅ​ចោម​ចៅ រាជធានី​ភ្នំពេញ បាន​ប្រាប់​សមត្ថកិច្ច​ថា ទំនិញ​ទាំង​០៤​កុងតឺន័រ មិន​បាន​ដាក់​ឯកសារ ដឹក​ទំនិញ មក​ជាមួយ​ទេ ហើយ​រថយន្ត​នេះ គឺ​មាន​ទិស​ដៅ​ទៅ​ច្រក​ដូង​បន្ត​ទៀត (​ចំណុច​នេះ មហាជន​ហួសចិត្ត ចេះ​ឆ្លើយ​ទៅ​រួច​ថា ដឹក​សាច់​បង្កក​ចេញពី​វៀតណាម​ចូល​មក​ខ្មែរ ហើយ​ដឹក​ចូល​ទៅ​វៀតណាម​វិញ​) ។

បើ​តាម​លោក​ប្រធាន​សាខា​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ខ្លែង​បន្លំ​(​ក​.​ប​.​ប​) ខេត្តស្វាយរៀង បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​២២​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៣១ ខែមករា មន្ត្រី​ក​.​ប​.​ប និង​មន្ត្រី​ពាក់​ព​ន្ធ័ បាន​កាត់​ស៊ី​ល​កុងតឺន័រ ទាំង​០៤​គ្រឿង មក​ត្រួតពិនិត្យ ជា​លទ្ធផល ៖

១.​កុងតឺន័រ​លេខ SZLU9430540(40) មាន​សីត​ណ្ហ​ភាព -៥​អង្សា​សេ (​ធៀប​នឹង​ស្តង់ដា​-១២​អង្សា​សេ​) ។
២.​កុងតឺន័រ​លេខ SZLU9415762 (40) មាន​សីត​ណ្ណ​ហ​ភាព -២.៩​អស្សា​សេ (​បើ​ធៀប​នឹង​ស្តង់ដា​-១២​អង្សា​សេ​) ។
៣.​កុងតឺន័រ​លេខ HMMU5490786(40) មាន​សីត​ណ្ហ​ភាព -៦-៤ អង្សា​សេ (​ធៀប​នឹង​ស្តង់ដា​-១២​អង្សា​សេ​) ។
៤.​កុងតឺន័រ​លេខ HDMU5591398(40) មាន​សីត​ណ្ណ​ហ​ភាព -២.៥​អង្សា​សេ (​ធៀប​នឹង​ស្តង់ដា​-១២​អស្សា​សេ​) ។

ប្រភព​បន្ត​ថា ក្រោយ​ពី​បាន​ធ្វើការ​ពិសោធន៍ ដោយ​រថយន្ត​ចល័ត​រួច​មក ជា​លទ្ធផល​សំណាក​ជើងមាន់ ដែល​បាន​ដក​ចេញពី​ទូ​កុងតឺន័រ​ទាំង​០៤​នេះ ឃើញ​ថា ពុំ​មាន​សារធាតុ​គីមី​ហាមឃាត់ FORMALIN នោះ​ទេ ។

ពាក់ព័ន្ធ​នឹង​ករណី​នេះ លោក ហៀ​ង ដា​រ៉ា ប្រធាន (​ក​.​ប​.​ប​) ខេត្តស្វាយរៀង បាន​ផ្តល់​ព័ត៌មាន​ថា សាច់​បង្កក​(​ជើងមាន់​) ចំនួន​ជាង​១០២​តោន​នេះ ត្រៀម​ដុត​កម្ទេច​ចោល នៅ​ថ្ងៃស្អែក​ទី​០៤ ខែកុម្ភៈ ស្អែក​នេះ ។ ចំណែកឯ​អ្នកបើកបរ​រថយន្ត​ទាំង​៤​នាក់ និង​បុរស​ម្នាក់​ដែល​អះអាង​ខ្លួន​ថា ជា​ម្ចាស់​រថយន្ត​កុងតឺន័រ​ទាំង​៤​គ្រឿង​នោះ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ព្រមទាំង​រថយន្ត​យក​ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង ដើម្បី​រង​ចាំ​ធ្វើការ​ដោះស្រាយ នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ