ខេត្តកំពង់ធំ ៖ បុរសម្នាក់ដែលមានជំងឺសរសៃប្រសាទ ដោយខកខានទៅបើកថ្នាំយកមកលេបព្យាបាល បណ្តាលឱ្យជំងឺនេះរើឡើងវិញ ដេញកាប់អ្នកភូមិបណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ទី២៩ ឧសភា ២០១១ ត្រង់ចំណុចភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ។
តាមព័ត៌មានពីមន្ត្រីសមត្ថកិច្ចស្រុកកំពង់ស្វាយបានឱ្យដឹងថា អ្នកភូមិដែលរងគ្រោះខាងលើនោះឈ្មោះសេះ ដេន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិត្រពាំងអារក្ស កន្លែងកើតហេតុ ។ គ្រួសារជនរងគ្រោះឱ្យដឹងថា បុរសសរសៃប្រសាទនេះឈ្មោះធាម ធាន់ អាយុ៤២ឆ្នាំ រស់នៅភូមិ-ឃុំជាមួយជនរងគ្រោះ ។ កាលដើមឡើយ បុរសនេះគិតតែដើរផឹកស្រាស្រវឹងរាល់ថ្ងៃ ភ្លេចបាយភ្លេចទឹក ហើយក៏ ធ្លាក់ខ្លួនឈឺ បន្ទាប់មកក៏កើតមានជំងឺសរសៃប្រសាទដេកមិនលក់ ចេះតែស្រែករវើរវាយ ហើយត្រូវបានក្រុមគ្រួសារនាំយកមកព្យាបាលនៅមន្ទីរពេទ្យខេត្ត អស់រយៈពេលប្រហែល១ឆ្នាំ ដោយគ្រូពេទ្យបើកថ្នាំពេទ្យឱ្យយកទៅលេបនៅផ្ទះមួយខែម្តង ។
នៅថ្ងៃកើតហេតុ បុរសនេះខកខានមិនបានទៅបើកថ្នាំរយៈពេល២ថ្ងៃប៉ុណ្ណោះស្រាប់តែធ្វើឱ្យជំងឺសរសៃប្រសាទនោះរើឡើងវិញហើយយកកាំបិតកកុកដេញកាប់អ្នកភូមិរត់ប្រសាចពេញផ្លូវ។ ចំណែកជនរងគ្រោះកំពុងឱនបាចទឹកភ្លៀងនៅដក់ក្រោមផ្ទះចេញ ស្រាប់តែត្រូវបុរសជំងឺសរសៃប្រសាទនេះយកកាំបិតកកុកទៅកាប់មួយកាំ បិតពីក្រោយចំកញ្ចឹងក និងមួយកាំបិតទៀតចំថ្ពាល់ខាងឆ្វេង បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ហើយក៏ស្រែកផ្អើលឆោឡោឱ្យអ្នកភូមិ និងសមត្ថកិច្ចជួយអន្តរាគមន៍ចាប់បុរសសរសៃប្រសាទនេះចេញ ហើយប្រគល់ឱ្យក្រុមគ្រួសារយកទៅចងដាក់ច្រវាក់ឱ្យជាប់ ដើម្បីកុំឱ្យបុរសនោះអុកឡុកក្នុងភូមិបង្ករបួសស្នាមដល់អ្នកដទៃទៀត ។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត ៕
ចែករំលែកព័តមាននេះ