ការស្ទង់មតិថ្មីមួយទាក់ទងទៅនឹងស្ថានការណ៍នៅក្នុងប្រទេសជប៉ុនបង្ហាញថា ៧០ភាគរយនៃអ្នកដែលត្រូវស្ទង់មតិនិយាយថា ពួកគេចង់ឱ្យលោកនាយករដ្ឋមន្ត្រីណាអូតូ កាន លាលែងចេញពីតំណែងដែលធ្វើឱ្យកាន់តែមានបញ្ហាអាក្រក់ថែមទៀត សម្រាប់លោកណាអូតូ កាន ដែលពេលនេះកំពុងបាត់បង់ប្រជាប្រិយភាពយ៉ាងខ្លាំង ក្រោយពីប្រទេសកើតមានបាតុភូតរញ្ជួយដី និងបង្កឱ្យកើតមានរលកយក្សស៊ូណាមី បណ្តាលឱ្យស្លាប់មនុស្សជាង១០.០០០នាក់ កាលពីពាក់កណ្តាលខែមីនា កន្លងមក ហើយអ្វីដែលធ្ងន់ធ្ងរទៀតនោះ គឺការរញ្ជួយដីបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់រោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំនាំឱ្យមានការលេចធ្លាយសារធាតុវិទ្យុសកម្មយ៉ាងអាក្រក់ ។ លោកណាអូតូ កាន ក៏នឹងប្រឈមមុខចំពោះការបោះឆ្នោតមិនទុកចិត្តផងដែរ ។
លោកនាយករដ្ឋមន្ត្រីណាអូតូ កាន រងការរិះគន់យ៉ាងខ្លាំងចំពោះការចាត់ចែងដោះស្រាយរបស់លោកនូវការផ្តល់ជំនួយមនុស្សធម៌ដល់ជនរងគ្រោះ ដោយសារការរញ្ជួយដី និងរលកយក្សស៊ូណាមី ។
គណបក្សសេរីប្រជាធិបតេយ្យដែលជាបក្សប្រឆាំងធំបំផុតរបស់ប្រទេសជប៉ុននិយាយកាលពីសប្តាហ៍មុនថា ខ្លួននឹងដាក់ញត្តិស្តីពីការបោះឆ្នោតសម្តែងការមិនទុកចិត្តជូនទៅសភា ដើម្បីដាក់សម្ពាធលើលោកណាអូតូ កាន ឱ្យចុះចេញពីតំណែង ហើយរៀបចំការបោះឆ្នោតបន្ទាន់មួយ ។
សមាជិកសភាគណបក្សសេរីប្រជាធិបតេយ្យមួយរូបនិយាយថា ញត្តិនោះអាចដាក់ក្នុងសប្តាហ៍នេះ ។ អ្នកវិភាគផ្នែកនយោបាយក្នុងប្រទេសជប៉ុននិយាយថា ទោះបីជាបែបណា ក៏ដោយ លោកណាអូតូ កាន អាចមានឱកាសរួចផុតពីការបោះឆ្នោតមិនទុកចិត្ត ប៉ុន្តែទោះបីជាដូច្នេះក៏ដោយ ក៏លោកនៅតែមានបញ្ហាក្នុងការអនុវត្តកំណែកទម្រង់ពន្ធដារ និងសន្តិសុខសង្គម ដែលត្រូវការចាំបាច់ ដើម្បីទប់ទល់ដោះស្រាយជាមួយនឹងការចំណាយដែលចេះតែកើនឡើងសម្រាប់សង្គមដែលចំនួនមនុស្សចាស់មានការកើនឡើងខ្ពស់ ៕
ចែករំលែកព័តមាននេះ